លោក ហ៊ុន សែន៖ «​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា ស្មើនឹង​សម្លាប់​បក្សប្រឆាំង​»​

14-01-2019 10:31 am 2989
  ស្តាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង​៥២.៩៨៣​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្តាល ។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៤ ខែម​ករានេះ ព្រមាន​កម្ទ​ច​គណបក្សប្រឆាំង​បន្ថែម ប្រសិនបើ​កម្ពុជា ត្រូវបាន​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​។ ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង​៥២.៩៨៣​គីឡូម៉ែត្រ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្តាល ។ លោក ហ៊ុន សែន ថា​គណបក្សប្រឆាំង ជា​អ្នក​អំពាវនាវ​ឱ្យ​បរទេស ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ដូច្នេះ​មិនអាច​អត់ឱន​បានឡើយ​។​

«​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា ស្មើនឹង​សម្លាប់​បក្សប្រឆាំង​»​។ នេះ​ជា​សម្តី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្តាល​។​លោក​គូសបញ្ជាក់ថា បើ​មាន​ការដាក់ទណ្ឌកម្ម​ម​កលើ​កម្ពុជា កម្ពុជា​ក៏​នឹង​អនុវត្តន៍​ច្បាប់​តឹងរឹង​ជាមួយ​ក្រុមប្រឆាំង ហើយ​ប្រទេស​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម គ្មាន​សិទ្ធិ​អ្វី​មក​និយាយ​លើ​ការអនុវត្តន៍​ច្បាប់ ​កម្ពុជា​ទៀត​នោះដែរ​។​

​បើតាម​លោក ហ៊ុន សែន កម្ពុជា​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​នោះទេ គឺ​ចង់​ធ្វើ​មិត្តភក្តិ​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ ប៉ុន្តែ​អន្តរជាតិ​មិនត្រូវ​យក​ប្រជាពលរដ្ឋ​កម្ពុជា ១៦​លាន​នាក់​ទៅធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​នោះទេ​។ លោក​ថា ល្បែង​គំរាម​ដាក់ទណ្ឌកម្ម​មក​លើក​ប្រទេស​ទន់ខ្សោយ​ពី​ប្រទេស​មានអំណាច​ល្មម​បញ្ចប់​ហើយ​។​

​គួរ​កត់សំគាល់ថា ការ​ថ្លែង​របស់លោក ហ៊ុន សែន នៅពេលនេះ គឺ​ស្របពេល​ដែល​សហភាព​អឺរ៉ុប កំពុងតែ​រៀបចំ​នីតិវិធី​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​ផ្តាច់ការ​អនុគ្រោះ​ពន្ធ ឬ​EBA ដោយ​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​ថ្ងៃ​២៩​កក្កដា​២០១៨ កន្លងមក មិនអាច​យកជាការបាន ព្រោះ​មិនមាន​គណបក្សប្រឆាំង​ចូលរួម ជាពិសេស​គឺ​ការឃុំខ្លួន លោក កឹម សុខា​។​

​តែ​យ៉ាងណា លោក ហ៊ុន សែន អះអាងថា លោក​ក៏​ធ្លាប់​ដឹកនាំ​ប្រទេស​ដោយ​បរទេស​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច និង មាន​សង្គ្រាម ដូច្នេះ​លោក​មិន​ខ្លាច​ការដាក់ទណ្ឌកម្ម ពី​សំណាក់​អន្តរជាតិ​នោះទេ​។ ចំពោះ​សេដ្ឋកិច្ចកម្ពុជា លោក​ទទួលស្គាល់ថា ទម្រាំ​បាន​ដូច​បច្ចុប្បន្ន គឺ​លំបាក​ណាស់​។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិនត្រូវ​យក​ឯករាជ្យភាព​អធិបតេយ្យភាព ទៅ​ប្តូ​ជា​មួយជំនួយ ដើម្បី​រីកចំរើន​ផ្នែក​សេដ្ឋកិច្ច​ដែរ​។​

​លោក​ក៏បាន​ផ្ញើ​សារ​ដល់​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងនេះ កុំ​បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣ ចំពោះ​កម្ពុជា​ទៀត​។ កាល​ទស្សវត្ស​ន៍​ឆ្នាំ​៧០ សហភាព​អឺរ៉ុប ធ្លាប់​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ដែល​លោក​ចាត់ទុកថា កំហុស​ទី​១​។ កំហុស​ទី​២ គឺ​ការគាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ​ជាង​១២​ឆ្នាំ និង កំហុស​ទី​៣​ដែល លោក ហ៊ុន សែន សំដៅ​ដល់​នោះ គឺ​ការប្រើប្រាស់ EBA មក​គម្រាមកំហែង និង ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត