លទ្ធផល​ប្រជុំ​ស្តីពី​កិច្ច​សហការ​និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវបាន​បង្ហាញ​

12-01-2019 4:44 pm 4717
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​កិច្ចប្រជុំ អំពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ត្រូវបាន​បញ្ចប់ លទ្ធផល​នៃ​កិច្ចប្រជុំ​ចំនួន​១០​ចំណុច ត្រូវបាន​បង្ហាញ​ដោយ​ភាគី​ទាំងពីរ ។ លទ្ធផល​ទាំងនោះ រួមមាន ការថែរក្សា​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​បណ្តា​ខេត្ត​ព្រំដែន​ប្រទេស​ទាំង​ពីរ  និង​ការពង្រឹង ពង្រីក​ចំណង​ទំនាក់ទំនង​, ការ​មិន​អនុញ្ញាត​ឱ្យមាន​អង្គការ​ចាត់តាំង ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ភាគី​ម្ខាង ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព របស់​ប្រទេស​ម្ខាង ក៏ដូចជា ការ​សម្រច​បើក​ច្រក​ទ្វារ​ព្រំដែន​ថ្មី​ចំនួន​២​ផ្សេង​ទៀត​ផង​ដែរ ។ ​យ៉ាងណាក៏ដោយ បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ទី​១​នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ប្រតិភូ កំពុង​នៅ​បន្ត​កិច្ចប្រជុំ​ទី​២ គឺ​ជំនួប​ប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ចុះហត្ថលេខា​លើ​ផែនការ​បន្ត​កិច្ចសហប្រតិបត្តិការ​សម្រាប់ឆ្នាំ​២០១៩ ផងដែរ ...

​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួម​គ្នា ក្រោយ​កិច្ចប្រជុំ​លើក​ទី​១០ ស្តីពី កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​កាលពី​ថ្ងៃ​ទី​០៩ - ១០ ខែ​មករា ឆ្នាំ​២០១៩​នេះ នា​ទីក្រុង​ហូ​ជី​ម៉ិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវបាន​បញ្ចប់ ។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក ផាម ប៊ិញ មី​ញ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​
​សេចក្តីប្រកាស​រួមគ្នា រវាង​ប្រទេស​ទាំង​ពីរ​នោះ មាន​ខ្លឹមសារ​ដូចជា ៖

១. ភាគី​នៃ​ប្រទេស​ទាំង​ពីរ បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​ការថែរក្សា​ទំនាក់ទំនង​ជា​មិត្តភាព និង​សហប្រតិបត្តិការ​បណ្តា​ខេត្ត​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ពង្រឹង ពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ ជា​ភូមិ​ផង ល្អប្រសើរ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឋិត​ថេរ យូរអង្វែង រវាង​កម្ពុជា​និង​វៀតណាម ។​

២. ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ។​

៣. ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បណ្តា​ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ចសហប្រតិបត្តិការ​កសាង​ក្រប​ខណ្ឌ​ច្បាប់​យ៉ាងសកម្ម និង​ដំណើរការ​គ្រប់​យន្តការ​សហប្រតិបត្តិកា​រនា​នា សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល ដល់​កិច្ចសហប្រតិបត្តិកា​ររ​បស់​ខេត្ត​ជាប់​ព្រំដែន ស្រប​ទៅតាម​ទិសដៅ​ដែល​ដាក់​ចេញ នា​កិច្ចប្រជុំ​លើក​ទី​៩ ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

៤. ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ អំពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ការពារជាតិ ក្នុង​ការថែរក្សា​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នី​មួយៗ និង​គូសបញ្ជាក់​សារ​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឱ្យមាន​អង្គការ​ចាត់តាំង ឬ​បុគ្គល​ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ភាគី​ម្ខាង ដើម្បី​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀតឡើយ ។​

៥. ភាគី​ទាំងពីរ​ស្វាគមន៍ យល់ព្រម​ដំឡើង​កម្រិត​ច្រកទ្វារ​ព្រំដែន​ម៉ឺន​ជ័យ ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា និង តឹន​ណាម ខេត្ត​តៃនិញ ប្រទេស​វៀតណាម ទៅ​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ និង​សម្រេច​ឱ្យបាន​ឆាប់​នូវ​កិច្ចការ​ត្រៀម​រៀបចំ​នានា ដើម្បី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក៏ដូចជា​ការបញ្ចប់​បែបបទ​ដំឡើង​កម្រិត​ច្រកទ្វារ​តំបន់​ព្រំដែន​បុស​មន ខេត្ត​ស្វាយរៀង និង​ភឿក​តឺន ខេត្ត​តៃនិញ ទៅ​ជា​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ។​

៦. ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន ។​

៧. ភាគី​ទាំងពីរ បាន​ឯកភាព​ដាក់ចេញ​នូវ​ទិសដៅ​រួមគ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ចសហការ​លើ​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

៨. ចំពោះ​វិស័យ​សុខាភិបាល ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក ។​

៩. ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ នូវ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ឃោសនា ។​

១០. ភាគី​ទាំងពីរ​បាន​ឯកភាព រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​ខាងមុខ ។​

​គូសបញ្ជាក់ថា លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា នា​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​២ ។​

​លោក ស ខេង បញ្ជាក់ថា កិច្ចប្រជុំ​ទី​១ ចាប់ពី​ថ្ងៃ​ទី​៩ -១០ ខែ​មករា គឺ​កិច្ចប្រជុំ​លើក​ទី​១០ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​កាលពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​នៅ​ឆ្នាំ​នេះ​ភាគី​វៀតណាម បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វិញ​ម្ដង ។​

​ចំណែក​ឯ​កិច្ចប្រជុំ​ទី​២ គឺ​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ចុះហត្ថលេខា​លើ​ផែនការ​បន្ត​កិច្ចសហប្រតិបត្តិការ សម្រាប់ ឆ្នាំ​២០១៩ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ដែល​ភាគី​ទាំង ២ ក៏​តែងតែ​ផ្លាស់ប្ដូរ​គ្នា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ៕

ព័ត៌មានផ្សេងទៀត