លោក​ហ៊ុន​សែន​៖ សហគមន៍​អឺរ៉ុប​មិនគួរ​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​ទេ​

12-01-2019 2:12 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា សហគមន៍​អឺរ៉ុប មិនគួរ​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣ ចំពោះ​កម្ពុជា​ទេ ដែល​កំហុស​១​ក្នុង​ចំណោម​ទាំង​៣​នោះ គឺ​លោក​ផ្តោត​ទៅលើ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា...

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក Enda Patrick Kenny សមាជិកសភា នៃ​សាធារណរដ្ឋ​អៀក​ឡង់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា សហគមន៍​អឺរ៉ុប មិន​គួរ​បន្ត​ប្រព្រឹត្តិ​កំហុស​ជា​លើក​ទី​៣​ចំពោះ​កម្ពុជា​ទេ ។​

​លោក​ថា កំហុស​ទី​១ គឺ​ការគាំទ្រ​ការផ្តួលរំលំ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​នរោត្តម សីហនុ ដែល​ជា​អតីត​រដ្ឋាភិបាល​ស្របច្បាប់ នៃ​កម្ពុជា ។ កំហុស​ទី​២ គឺ​ការគាំទ្រ​ខ្មែរក្រហម​នៅ​អង្គការ​សហប្រជាជាតិ​ជាង​១២​ឆ្នាំ នៅពេល​ដែល​ខ្មែរក្រហម បាន​កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់​លាន​នាក់ ។ 

​ចំណែក​កំហុស​ទី​៣ គឺ​ការប្រើប្រាស់ EBA មក​គំរាម កំ​ហែង និង​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា គំរាម​ដក EBA ពី​កម្ពុជា និង​យក​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង​១៦​លាន​នាក់ ជា​ចំណាប់ខ្មាំង ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់ថា លោក​សូម​បញ្ជូន​សារ​នេះ ទៅ​តាម​លោក Enda ដើម្បី​ជម្រាប និង​ពន្យល់​ដល់​សហភាព​អឺរ៉ុប ឱ្យបាន​យល់​អំពី​សភាពការណ៍​ពិត​នៃ​កម្ពុជា ដែល​មាន​ចំណុច​ខ្លះ​អាច​និយាយ​គ្នា​បាន ចំណុច​ខ្លះ​អាច​សម្រួល​គ្នា​បាន និង​ចំណុច​ខ្លះ​មិន​អាច​ធ្វើបាន ។​

​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ការរីកចម្រើន​របស់​កម្ពុជា មិន​អាច​កាត់ផ្តាច់​ចេញ​ពី​ការចូលរួម​របស់​អឺរ៉ុប​បានឡើយ ៕

ព័ត៌មានផ្សេងទៀត