ក្រសួង​ព្រមាន​ដក​វិញ្ញាបន​ប​ត្រ​​ប្រសិនបើ​ម្ចាស់​ភោជនីយដ្ឋាន​ណា​​អនុវត្ត​មិនល្អ​​

12-01-2019 2:00 pm 559
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សុខាភិបាល ព្រមាន​ដកហូត​វិញ្ញ​បន​ប​ត្រ​កញ្ជាក់​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ ពី​ក្រុមហ៊ុន ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទាំងឡាយណា ដែល​មិន​គោរព​តាម​គោលការណ៍ ដែល​ក្រសួង​បាន​ដាក់ចេញ ខណៈ​ក្រសួងសុខាភិបាល បានធ្វើ​ការត្រួតពិនិត្យ​អនាម័យ​តាម​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​ទីតាំង​ត្រឹមត្រូវ បាន​ប្រមាណ​៤៨% ហើយ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ (​សេង បារាំង​)

​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេក​ទេ​សុខាភិបាល បានលើកឡើង​ក្នុង​កម្មវិធី​ប្រគល់ជូន​វិញ្ញាបនបត្រ​បញ្ជាក់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ ស្តង់ដា​ចំណាត់ថ្នាក់ A ថា «​បន្ទាប់ពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​ហើយ គ្រប់​ភោជនីយដ្ឋាន​, ក្រុមហ៊ុន និង​អាហា​រដ្ឋា​ន​ទាំងអស់ ត្រូវតែ​បន្ដ​យកចិត្តទុកដាក់ លើ​ផ្នែកអនាម័យ​បន្ថែមទៀត មិនអាច​សំអាង​លើ​ការទទួល​វិញ្ញាបនបត្រ​ហើយ បែរជា​មិន​បន្ដ​អនុវត្ត​គោល​ការ​អនាម័យ​នោះទេ​។ 

​ជាមួយគ្នា​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន ក៏បាន​ព្រមាន​ផងដែ​រថា ប្រសិនបើ​មិន​យកចិត្តទុកដាក់​ទេ ក្រសួង​សុខាភិបាល នឹង​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​មកវិញ​ជាមិនខាន​។ លោកស្រី​បន្ថែមថា កន្លងមក​មិនទាន់មាន​ភោជនីយដ្ឋាន ឬ​អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​ណាមួយ​នៅ​កម្ពុជា ត្រូវបាន​ក្រសួងសុខាភិបាល​ដកហូត​វិញ្ញាបនបត្រ បញ្ជាក់​គោលការណ៍​អនុវត្ត​អនាម័យ​នៅឡើយ​ទេ ព្រោះ​គ្រប់​ភោជនីយដ្ឋាន ឬ​អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​ដែល​ទទួលបាន​វិញ្ញ​បន​ប​ត្រ តែងតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ របស់​ក្រសួងសុខាភិបាល​។​

​គួរ​បញ្ជាក់ថា ការព្រមាន​របស់​មន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ នៅ​ឱកាស​ប្រគល់ជូន​វិញ្ញាបនបត្រ​បញ្ជាក់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ ស្តង់ដា​ចំណាត់ថ្នាក់ A ជូន​ដល់​ថ្នាក់​ក្រុមហ៊ុន​, ភោគ​ជនី​យដ្ឋា​ន និង​អាហា​រដ្ឋា​ន​នានា​នៅ​កម្ពុជា ប្រមាណ​ជាង​៧៦ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​។ ក្នុង​ថ្ងៃ​ប្រគល់​វិញ្ញាប័នបត្រ​បញ្ជាក់ គោលការណ៍​អនុវត្ត​អនាម័យ​ល្អ ដល់​ក្រុមហ៊ុន​ទាំង​៧៦​នោះ មាន​ក្រុមហ៊ុន Yinkok Food Corp ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួលបាន​វិញ្ញាបត្រ​បញ្ជាក់​គោលការ​ណ៍​អនុវត្ត​អនាម័យ​ល្អ ស្តង់ដា​ចំណាត់ថ្នាក់ A ដែលជា​ចំណាត់ថ្នាក់​ខ្ពស់​ផងដែរ​។​

​យ៉ាងណាក៏ដោយ​បើតាម​លោកស្រី​វេជ្ជបណ្ឌិត​បាន​អះអាងថា «​រហូត​មកដល់ពេលនេះ ក្រសួង​សុខាភិបាល បានធ្វើ​ការត្រួតពិនិត្យ​អនាម័យ​តាម​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​ទីតាំង​ត្រឹមត្រូវ បាន​ប្រមាណ​៤៨% ហើយ​នៅ​ទូទាំងប្រទេស​កម្ពុជា​»៕

ព័ត៌មានផ្សេងទៀត