កាណាដា​​ប្រកាស​ចង់បាន​​ជនអន្ដោប្រវេសន៍​​១​លាន​នាក់​​បន្ថែម​​ក្នុងពេល​៣​ឆ្នាំ​

12-01-2019 1:33 pm 9417
នាយករដ្ឋមន្ដ្រីកាណាដា

​ប្រទេស​កាណាដា​ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​ចំនួន​៣៧​លាន​នាក់ ចង់​ទទួលយក​ជនអន្ដោប្រវេសន៍​១​លាន​នាក់​បន្ថែម​រហូតដល់​ឆ្នាំ​២០២១​។ លោក​Ahmed Hussen រដ្ឋមន្ដ្រី​ក្រសួងអន្ដោប្រវេសន៍ ជនភៀសខ្លួន និង​ពលរដ្ឋ​កាណាដា បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ប្រចាំឆ្នាំ​ដាក់​ទៅ​សភា​ថា ជនអន្ដោប្រវេសន៍​នឹង​កូនចៅ​របស់​ពួកគេ បាន​រួមចំណែក​យ៉ាងច្រើន​ដល់​ប្រទេស​កាណាដា​។ ជោគជ័យ​របស់​កាណាដា​នា​ពេលអនាគត អាស្រ័យ​ថា​ពួកគេ​ត្រូវបាន​បន្ដ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​មាន​ការធ្វើសមាហរណកម្ម​ឲ្យបាន​ល្អ​បំផុត​។ 

​កាណាដា​ចង់បាន​ជនអន្ដោប្រវេសន៍ ចំនួន​១​លាន​នាក់​បន្ថែមទៀត​ក្នុងពេល​បី​ឆ្នាំ​ខាងមុខ​។ កាណាដា​ត្រូវការ​ពួកគេ​ប្រមាណ​៣៥​ម៉ឺន​នាក់ ស្មើនឹង​ប្រមាណ​១​ភាគរយ​នៃ​ចំនួន​ប្រជាជន​បច្ចុប្បន្ន ក្នុង​ឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​។ កាណាដា​គឺជា​អ្នក​នាំមុខគេ​ក្នុង​ការរៀបចំ​ធ្វើ​អន្ដោប្រវេសន៍ ជាមួយនឹង​កម្មវិធី​អន្ដោប្រវេសន៍​ផ្អែកលើ​គោលការណ៍​មិន​រើសអើង​ជនបរទេស​។ គោលការណ៍​នេះ​ត្រូវបាន​ប្រើប្រាស់​វាយតម្លៃ​ជនអន្ដោប្រវេសន៍​មិន​ប្រកាន់​ពូជសាសន៍ សញ្ជាតិ ពណ៌​សម្បុរ ឬ​ភេទ​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍​របស់លោក​រដ្ឋមន្ដ្រី​Hussen​។​

​សូមបញ្ជាក់ថា ម្នាក់​ក្នុងចំណោម​៥​នាក់​នៃ​ជនជាតិ​កាណាដា​បច្ចុប្បន្ន គឺជា​ជនអន្ដោប្រវេសន៍ ហើយ​មាន​ជាង​៦​លាន​នាក់ ជា​ជនអន្ដោប្រវេសន៍​បាន​មកដល់​ប្រទេស​កាណាដា​តាំងពី​ឆ្នាំ​១៩៩០​។ នេះ​បើ​យោងតាម​របាយការណ៍​៕

ព័ត៌មានផ្សេងទៀត