ករណី​ឆេះ​ស្ថានីយ​សាំង​ម្សិលម៉ិញ​កើតឡើង​ដោយ​រថយន្ត​ដឹក​សាំង​មិន​បាន​ពន្លត់​ម៉ាស៊ីន​

12-01-2019 11:13 am

​នៅ​ព្រឹក ថ្ងៃទី​១១ ខែ​មករា មាន​ករណី​អគ្គីភ័យ​ឆាបឆេះ ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង នៅ​ផ្សារ​បឹង​សាឡាង​ថ្មី ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ។ សមត្ថកិច្ច​បាន​អន្តរាគមន៍ អស់​រយៈពេល​ប្រមាណ​៣០​នាទី ហើយ​វា​បាន​រលត់​ទាំងស្រុង នៅ​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២១​គ្រឿង ។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​អគ្គីភ័យ ស្រង់​សម្តី​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា អគ្គីភ័យ​នេះ បណ្តាលមកពី​រថយន្ត​ដឹក​សាំង មាន​ចំណុះ ៦.០០០​លីត្រ មក​បូម​សាំង​ចូល​ស្ថានីយ ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ត្រឹមត្រូវ ទើប​បណ្តាលឱ្យ​ឆ្លង​ចរន្ត​អគ្គិសនី បង្ក​ឱ្យ​ចេញ​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង ។ 

​ហេតុការណ៍​នេះ ពុំ​បាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ខណៈ​ផល​ខូចខាត មិនទាន់​ត្រូវបាន​សមត្ថកិច្ច ឬ​ម្ចាស់​ទីតាំង​បញ្ជាក់​ឱ្យ​ដឹង​នៅឡើយ ព្រោះ​កំពុងធ្វើការ​បូកសរុប និង​ស្រាវជ្រាវ​បន្ត ៕

ព័ត៌មានផ្សេងទៀត