រដ្ឋាភិបាល​ណែនាំ​ពី​ការផ្តល់​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស​

12-01-2019 11:04 am

​ដើម្បី​បង្ការ ទប់ស្កាត់​ការប្រើប្រាស់ លិខិតឆ្លងដែន​ការទូត មិន​ត្រឹមត្រូវ​ទៅ​តាម​បេសកកម្ម រាជរដ្ឋាភិបាល បាន​សម្រេច​ចេញ​សារាចរ​ណែនាំ បន្ថែម​អំពី​បែបបទ​នៃ​ការផ្តល់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​នេះ​។ ដោយ​សៅ វិសាល

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ ៤​ចំណុច ដើម្បី​បង្កា និង​ទប់ស្កាត់ ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត​ដល់​ជនបរទេស ដែល​ជា​ទីប្រឹក្សា និង​ជំនួយការ ឥស្សរជន និង​ក្រសួង​ស្ថាប័ន​កម្ពុជា​។ សារាចរ​ណែនាំ​នេះ ដោយសារ កន្លងមក រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា ឥស្សរជន និង​ក្រសួង​ស្ថាប័ន​មួយចំនួន បាន​តែងតាំង​បុគ្គល​ដែល​ជា​ពលរដ្ឋ​បរទេស​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជំនួយការ​។ ក្នុងចំណោម​នោះ បុគ្គល​ទាំងនោះ មាន​ខ្លះ​ចូល​សញ្ជាតិ​ខ្មែរ​និង​បាន​ដាក់​ពាក្យសុំ​ប្រើប្រាស់ លិខិតឆ្លងដែន​ការទូត​កម្ពុជា​។​

​សារាចរ​ណែនាំ​ទាំង​៤​ចំណុច​នោះ​រួមមាន​៖

១. លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវ​ផ្តល់​ជូន​ទីប្រឹក្សា ឬ​ជំនួយការ ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​យល់ថា ចាំបាច់​បំផុត​។​

២. រាល់​ក្រសួង ស្ថាប័ន មាន​ភារកិច្ច​ប្រមូល​លិខិតឆ្លងដែន​ការទូត ដែល​ក្រសួង ស្ថាប័ន​នោះ​បាន​ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន ដែល​ពុំ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិតឆ្លងដែន​ការទូត​នោះ ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មិន​ឲ្យ​ហួស​ពី​រយៈពេល​មួយខែ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ​។​

៣. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ភារកិច្ច​ពិនិត្យ ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​កន្លងមក​ត្រូវបាន​ផ្តល់ជូន​បុគ្គល​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។​

៤. ក្រសួងមហាផ្ទៃ មាន​ភារកិច្ច​សហការ​ទប់ស្កាត់​ការប្រើប្រាស់ លិខិតឆ្លងដែន​ការទូត​ទាំងនេះ សម្រាប់​ការចេញចូល​នៅ​តាម​ច្រកទ្វារ​ព្រំដែន​នានា ទៅ​តាម​ការស្នើសុំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត