អាជ្ញាធរ​​ប៉ូឡូញ​​ចាប់ខ្លួន​​បុគ្គលិក​​ក្រុមហ៊ុន​​​Huawei​​ម្នាក់​ពីបទ​​ចារ​កម្ម​

12-01-2019 9:56 am 917
  ស្តាប់
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ប៉ូឡូញ​បានឲ្យដឹងថា ជនជាតិ​ចិន​ម្នាក់​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ចិន​Huawei ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​ធ្វើ​ចារកម្ម​។ បុរស​ជា​ជនជាតិ​ចិន​មាន​ឈ្មោះថា​Wang Weijing ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៨​មករា ក្រោយពេល​ប៉ូលិស​ចុះទៅ​ឆែកឆេរ​នៅ​ការិយាល័យ​ក្រុមហ៊ុន​Huawei​ក្នុងប្រទេស​ប៉ូឡូញ​។ ប៉ុន្ដែ​លោក​មិនទាន់​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយ​ពេលនេះ​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង​។ 

​លោក​Wang​បាន​បម្រើការ​ឲ្យ​ក្រុមហ៊ុន​Huawei​តាំងពី​ឆ្នាំ​២០១១ ដែល​ពីមុន​លោក​ជា​មន្ដ្រី​នៃ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្នុង​ទីក្រុង​Gdansk ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១១​។ យ៉ាងណាមិញ​ភ្លាមៗ​លោក​Wang មិនបាន​ឆ្លើយតប​ថា​ម៉េច​ទេ​ចំពោះ​ករណីនេះ​។ ប៉ុន្ដែ​អាជ្ញាធរ​ប៉ូឡូញ​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បុគ្គល​ប៉ុណ្ណោះ មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដោយផ្ទាល់​ឡើយ​។​

​ក្រុមហ៊ុន​Huawei​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា បានដឹង​ពី​ករណី​នេះហើយ​។ កន្លងមក​ក្រុមហ៊ុន​តែងតែ​អនុវត្ដ​តាមច្បាប់​និង​បទបញ្ជា របស់​ប្រទេស​ដែល​ក្រុមហ៊ុន​បានដាក់​ការិយាល័យ​។ ក្រុមហ៊ុន​ក៏​បញ្ជា​ឲ្យ​បុគ្គលិក​ទាំងអស់ ត្រូវ​អនុវត្ដ​តាមច្បាប់​ប្រទេស​ដែល​ពួកគេ​កំពុង​ស្ថិតនៅ​។ ចំណែក​ក្រសួងការបរទេស​ចិន​វិញ​បាន​និយាយថា ពិតជា​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ករណីនេះ និង​បាន​ជំរុញ​ឲ្យ​ប៉ូឡូញ​ត្រូវ​ដោះស្រាយ​ដោយ​យុត្ដិធម៌​។​

​ការចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​Huawei​នៅ​ប៉ូឡូញ អាច​នឹង​ធ្វើឲ្យ​ប្រទេស​លោកខាងលិច​ព្រួយបារម្ភ​កាន់តែខ្លាំង ពី​បញ្ហា​សន្ដិសុខ​លើ​ការប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​។ កន្លងមក​ក្រុមហ៊ុន​Huawei​ធ្លាប់​រង​ការចោទប្រកាន់ថា មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន ហើយ​អាមេរិក​បាន​ចោទថា​ផលិតផល​របស់​ក្រុមហ៊ុន មាន​បំពាក់​ឧបករណ៍ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង​សម្រាប់​ស៊ើបការណ៍​សម្ងាត់​។ ប៉ុន្ដែ​ការចោទប្រកាន់​ពុំមាន​ភស្ដុតាង​បង្ហាញ​ជា​សាធារណៈ​នៅឡើយ ហើយ​ក្រុមហ៊ុន​ក៏បាន​បដិសេធ​ដែរ​។​

​ប្រទេស​អូស្ដ្រាលី ណូវែល​សេ​ឡង់ និង​ជប៉ុន ចាប់ផ្ដើម​សង្ស័យ​លើ​ករណី​លួច​ស៊ើបការណ៍​របស់​ក្រុមហ៊ុន​Huawei ក្រៅតែពី​សហរដ្ឋអាមេរិក​។ កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​កាណាដា​ក៏បាន​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei តប​តាម​សំណើ​របស់​អាមេរិក ទាក់ទង​នឹង​ការរំលោភ​លើ​ទណ្ឌកម្ម​អាមេរិក ធ្វើឲ្យ​ក្រុមហ៊ុនប្រឈម​បញ្ហា​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត