លោក​ដូណាល់ ត្រាំ​​ខិត​កាន់តែ​ជិត​​ជម្រើស​​ដាក់​រដ្ឋ​​ក្នុង​ភាព​អាសន្ន​

12-01-2019 9:38 am 1894
  ស្តាប់
ប្រធានាធិបតី​អាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កំពុងស្ថិត​កាន់តែ​កៀក​ជម្រើស​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ហើយ បន្ទាប់ពី​បិទទ្វារ​រដ្ឋាភិបាល​រយៈពេល​បី​សប្ដាហ៍​កន្លងមក​។ ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ត្រូវ​បិទទ្វារ ដោយសារតែ​លោក​ដូណាល់ ត្រាំ​មិន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សម្រាប់​ប្រើប្រាស់​។ លោក​ត្រាំ​មិន​ចុះហត្ថលេខា ព្រោះ​លោក​ខឹង​នឹង​ការជំទាស់​ផែនការ​សង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។ 

លោក​ត្រាំ​ចង់បាន​ការអនុម័ត​ថវិកា​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ដែល​លោក​អះអាងថា ដើម្បី​ការពារ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ និង​ការជួញដូរ​គ្រឿងញៀន​ចូល​ទឹកដី​អាមេរិក​។ ករណី​ទាំងនេះ​បានធ្វើឲ្យ​អាមេរិក​រងគ្រោះ ហើយ​ប្រជាជន​អាមេរិក​ក៏​កំពុង​រងគ្រោះ​ដោយសារ​ជនអន្ដោប្រវេសន៍​ខុសច្បាប់​។ ប៉ុន្ដែ​សំណើសុំ​ថវិកា​ត្រូវ​គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់ និង​ថា​ជាការ​ចាយប្រាក់​ខ្ជះខ្ជាយ​។​

ក្រោយ​បិទទ្វារ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល មាន​បុគ្គលិក​ប្រមាណ​៨​សែន​នាក់​កំពុង​បាត់បង់​ប្រាក់ចំណូល ខណៈ​ជាង​ពាក់កណ្ដាល​នៃ​ពួកគេ​កំពុង​បន្ដ​ការងារ ប៉ុន្ដែ​មិន​ទទួលបាន​ប្រាក់កម្រៃ​ទេ​។ មាន​បុគ្គលិក​ខ្លះ​បាននាំគ្នា​តវ៉ា​សុំឲ្យ​គិតគូ​រដល់​ពួកគេ​ផង ព្រោះ​ពួកគេ​ត្រូវការ​រស់ ត្រូវការ​អាហារ​បរិភោគ​។ តែ​សម្រាប់​លោក​ដូណាល់ ត្រាំ លោក​នៅតែ​ប្រកាន់​គោលជំហរ​ដាច់ខាត មិន​អនុម័ត​ឲ្យប្រើ​ប្រាស់​កញ្ចប់​ថវិកា​ក្នុង​ផ្នែក​រដ្ឋាភិបាល​ដែល​បាន​បិទទ្វារ​ឡើយ លុះត្រាតែ​មាន​ការយល់ព្រម​លើ​កញ្ចប់​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​។​

​លោក​ត្រាំ​បាន​និយាយថា លោក​ទទួលស្គាល់​បិទទ្វារ​រដ្ឋាភិបាល​យូរពេក​មិនមែនជា​ជម្រើស​ល្អ​ឡើយ​ លោក​រីករាយ​ជានិច្ច​ក្នុង​ការពិភាក្សា​បន្ថែម​នៅ​សភា​។ តែបើ​ការយោគយល់​របស់លោក​នៅតែ​គ្មាន​ប្រសិទ្ធភាព ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​គឺជា​រឿង​ងាយ​បំផុត​។ បើ​លោក​មិន​ទទួលបាន​ថវិកា​៥.៧​ពាន់​លាន​ដុល្លារ​ទេ លោក​នឹង​ប្រកាស​ភ្លាម​ព្រោះ​លោក​មាន​សិទ្ធិ​។ លោក​ត្រាំ​កំពុង​ខិត​កាន់តែ​ជិត ការប្រើប្រាស់​ជម្រើស​នេះហើយ​។​

​សូមបញ្ជាក់ថា ការបិទទ្វារ​រដ្ឋាភិបាល​រយៈពេល​បី​សប្ដាហ៍  ត្រូវឈានដល់​កំណត់ត្រា​យូរ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​ហើយ ដែល​បំបែក​កំណត់ត្រា​២១​ថ្ងៃ​ក្នុង​ឆ្នាំ​១៩៩៥-១៩៩៦ គ្រា​ដែល​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ប៊ីល គ្លី​ន​តុ​ន​៕

ព័ត៌មានផ្សេងទៀត