ក្រុម​មនុស្សធម៌ សង្ឃឹម​អាមេរិក​បន្ថយ​ការ​រឹតបន្តឹង ក្នុង​ប្រទេស​កូរ៉េខាងជើង​

11-01-2019 3:54 pm 913
  ស្តាប់
ស្តាប់ជាសំឡេង

​តំណាង​អង្គការ​ផ្តល់ជំនួយ​នានា ដែល​បាន​ប្រឈម​នឹង​ការពន្យារពេល​យូរអង្វែង ឬ​ការហាមឃាត់​ក្នុង​ការផ្តល់​ជំនួយ នៅក្នុង​ប្រទេស​កូរ៉េខាងជើង បាន​ជួបពិភាក្សា​ជាមួយ​លោក Stephen Biegun តំណាង​ពិសេស​សហរដ្ឋអាមេរិក នៅលើ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​។ លោក Richard Blewitt អ្នកសង្កេតការណ៍​អចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ នៃ​សហព័ន្ធ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ បាន​និយាយថា​កិច្ចប្រជុំ​នោះ បាន​ពិភាក្សា​ពី​តម្រូវការ​មនុស្សធម៌ រួម​មាន​ជំនួយ​ម្ហូបអាហារ សុខភាព​និង​ឱសថ​។ ក្នុង​កិច្ចប្រជុំ តំណាង​នៃ​អង្គការ​មនុស្សធម៌ បាន​ទទូច​ឲ្យ​អាមេរិក ដើម្បី​អនុញ្ញាតឲ្យ​ពួកគេ អាច​បំពេញ​បេសកកម្ម​ការងារ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ឲ្យបាន​ពេញលេញ​។​

Mercy Corps ជា​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​សកម្ម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ភាពអត់ឃ្លាន​ក្នុង​កំឡុងពេល​ទុរភិក្ស​ក្នុងប្រទេស​កូរ៉េខាងជើង នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប៉ុន្តែ​បាន​ផ្អាក​ប្រតិបត្តិការ​នៅ​ឆ្នាំ ២០១៤ ក៏បាន​លើកឡើង​ពី​ភាព​សុទិដ្ឋិនិយម​ថា នឹង​មាន​ការបន្ថយ​ការ​រឹតបន្តឹង​ក្នុងប្រទេស​កូរ៉េខាងជើង​។

 ​លោក Biegun បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់ នូវ​បញ្ហា​ប្រឈម​មនុស្សធម៌​ដ៏​សំខាន់ នៅក្នុង​ប្រទេស​កូរ៉េខាងជើង និង​តម្រូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ឲ្យ​សហគមន៍​មនុ​ស្សធម៌ អាច​បំពេញ​ការងា​ររ​បស់​ខ្លួន​ឲ្យបាន​ពេញលេញ​។ លោក​និយាយថា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នឹង​ពិចារណា​លើ​សំណើ​របស់​បុគ្គលិក​មនុស្សធម៌ ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​។​

​ប្រទេស​កូរ៉េខាងជើង ដ្បិត​សម័យ​បច្ចុប្បន្ន​មាន​ការអភិវឌ្ឍ​ជាមុន​ក៏ដោយ ប៉ុន្តែ​ប្រជាជន​ប្រទេស​នេះ មួយចំនួន នៅតែ​ប្រឈម​នឹង​បញ្ហា​មនុស្សធម៌​។ ប្រមុខ​មនុស្សធម៌ របស់​អង្គការសហប្រជាជាតិ​លោក Mark Lowcock បាន​និយាយ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច ក្នុងប្រទេស​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​មុន​ថា មាន​កុមារ​កូរ៉េខាងជើង​ក្នុង​រង្វង់​២០​ភាគរយ បាន​ជួបប្រទះ​បញ្ហា​កង្វះ​អាហារ​រូ​បឋម​។​

​គួរ​ជម្រាបជូន​ថា កូរ៉េខាងជើង បាន​រង​នូវ​ទណ្ឌកម្ម​ជារួម​ពី​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ និង​ដោយឡែក​ពី​អាមេរិក នៅក្នុង​នោះ រួម​មាន​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការផ្អាក​មិន​ឲ្យ​ក្រុម​អង្គការ​មនុស្សធម៌ ឬ​កាត់បន្ថយ​សកម្មភាព​ម​នុស្ស​ធម៌ ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ដែល​បានដាក់ លើ​ប្រទេស​កាន់​របប​ផ្តាច់ការ​មួយ​នេះ ដោយសារតែ​ការ​រឹង​រួស បន្ត​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​កន្លងមក​។ ក្រុម​មនុស្សធម៌​ព្យាយាម ស្វែងរក​ការលើកលែង​ទណ្ឌកម្ម​ពី​គណៈកម្មាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​បរាជ័យ​។ បរាជ័យ​ដោយសារ​អាមេរិក ដែល​មាន​ឥទ្ធិពល​នៅក្នុង​ក្រុមប្រឹក្សា​នេះ តែងតែ​ប្រើ​សិទ្ធិ​បដិសេធ ឬ​ពន្យារពេល​ពិចារណា លើ​ការលើកលែង​ទណ្ឌកម្ម​នានា​៕

ព័ត៌មានផ្សេងទៀត