លោក​ហ៊ុន សែន​៖ សន្តិភាព​ទាក់ទាញ​អ្នកទេសចរ​និង​ការវិនិយោគកាន់តែច្រើន​

11-01-2019 1:24 pm

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​លើកឡើង​ថា សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម កំពុង​ទាក់ទាញ​អ្នកទេសចរ និង​ពាណិជ្ជករ​បរទេស​យ៉ាងច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​កសាង និង​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។​

​តាមរយៈ Facebook លោកនាយក​រដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១១ ខែ​មករា​ថា «​យើងទាំងអស់គ្នា​បាន​ឃើញ​ច្បាស់​ហើយ​ថា ស្ថិរភាព​នយោបាយ និង​សង្គម​ជាមួយ​ឱកាស​មាស​នៅ​កម្ពុជា គឺ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ និង​ពាណិជ្ជករ​បរទេស​យ៉ាងច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​ប្រទេស​យើង​។ សុំ​អរគុណ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ទាំងអស់​ដែល​មាន​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល ហើយ​បាន​ចូលរួម​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ទៅ​មុខ​»​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀត​ថា លោក​ពិតជា​រំភើប​រីករាយ ដែល​បាន​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​ឱកាស​កាន់តែ​ច្រើន​ឡើង ក្នុង​ការកសាង​សង្គម​គ្រួសារ ឲ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព​របស់​កម្ពុ​ជា​នាពេល​បច្ចុប្បន្ន​នេះ​៕

ព័ត៌មានផ្សេងទៀត