កម្ពុជា​-​ថៃ​​បើក​កិច្ចប្រជុំ​ពិភាក្សា​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ខេត្ត​ជាប់​ព្រំដែន​​

11-01-2019 11:27 am 542
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ប្រះ​សឺត លឺ​ឆា​ថៈណា​ណុន អភិបាលខេត្ត​ត្រាត បាន​ជួប​ប្រជុំពិភាក្សា​ការងារ​រួមគ្នា​មួយ នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើកកម្ពស់​សម្ព័ន្ធភាព​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ខេត្ត​ជាប់​ព្រំដែន ព្រមទាំង​ខិតខំ​បន្ត​កសាង ថែរក្សា ការពារ ព្រំដែន​សន្តិភាព ស្ថេរភាព និង​មាន​ការអភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព ជាពិសេស​ជំរុញ​ឲ្យ​កិច្ច​ដំណើរការបើក​ច្រកព្រំដែន​ថ្មដា ទៅជា​ច្រកទ្វារ​អន្ដរជាតិ និង​ជំរុញ​ក្នុង​ការផ្តល់សេវា​ប័ណ្ណ​ព្រំដែន កម្ពុជា​-​ថៃ ឲ្យបាន​ឆាប់រហ័ស​។​

​ឆ្លងកាត់​តាម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ខាងលើ ភាគី​ថៃ បាន​សន្យា​ជំរុញ​ឲ្យ​រដ្ឋបាលខេ​ត្តត្រាត រៀបចំ​នីតិវិធី​ឆ្លងទៅ​ថ្នាក់លើ​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ពន្លឿន​នៃ​ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន មុននឹង​ឈានដល់​ការតំឡើង​ជា​ច្រកព្រំដែន​អន្តរជាតិ​នាពេលខាងមុខ​។ ជាមួយគ្នានេះ ភាគី​កម្ពុជា ក៏​បានស្នើ​ថ្ងៃ​ចេញចូល​ឲ្យបាន​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ បន្ថែម​លើ​ថ្ងៃ​ចេញចូល​ចាស់ ដែល​បានត្រឹមតែ​៣​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ រាល់​កិច្ចសហប្រតិបត្តិការ ខាងលើ ភាគី​ទាំង​២ បានបង្ហាញ​នូវ​ការយល់ឃើញ​រួមគ្នា អំពី​សារសំខាន់ ផលប្រយោជន៍ នៃ​ទំនាក់ទំនង​ល្អ ក្នុង​ការខិតខំ​កសាង និង​ថែរក្សា​ការពារ​ឱ្យបាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចេរភាព​។​

​ភាគី​ទាំងពីរ កម្ពុជា​-​ថៃ បាន​យល់ព្រម​ឯកភាពគ្នា ប្រសិន​មាន​វិវាទ​ណាមួយ​កើតឡើង​នៅតាម​ព្រំដែន គួរតែ​អត់ធ្មត់ ឱ្យបាន​កម្រិត​ខ្ពស់បំផុត និង​ខិតខំ​ទប់ស្កាត់​វិវាទ​ទាំងនោះ ដោយ​សន្តិវិធី និង​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។ ប្រសិនបើ​បញ្ហា​មិន​ត្រូវបាន​ដោះស្រាយ ភាគី​ទាំងពីរ​គួរ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន​។ កន្លងមក កម្ពុជា​-​ថៃ បាន​ព្រមព្រៀងគ្នា​ថា នឹង​បើក​ច្រកព្រំដែន​អន្តរជាតិ​បន្ថែមទៀត នាពេលខាងមុខ​។ ការព្រមព្រៀង​នេះ បាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ថ្នាក់​អភិបាលខេត្ត​ជាប់​ព្រំដែន លើក​ទី​៦ នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​ទេសចរ​ឆ្លងកាត់ កម្ពុជា​-​ថៃ​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​ខាងលើ ក៏បាន​ផ្តោត​សំខាន់​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​កន្លងមក លើ​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ព្រំដែន បញ្ហា​កម្លាំង​ពលកម្ម និង​ការងារ ការ​ផ្ដាស់​ប្ដូរ​ទំនិញ និង​កសិផល​តាម​ព្រំដែន បញ្ហា​បរិស្ថាន​អនាម័យ បញ្ហា​សុខភាព​សាធារណៈ កិច្ចការ​សង្គម ទេសចរណ៍ ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ការតំឡើង​ច្រកព្រំដែន​អន្តរជាតិ និង​ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន កម្ពុជា​-​ថៃ សម្រាប់​ជា​ប្រយោជន៍ នៃ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត