កម្ពុជា​​នឹង​បញ្ជូន​​កម្លាំង​មួក​ខៀវ​​កងវិស្វកម្ម​​១៨៤​នាក់ ​ទៅ​ប្រទេស​លី​បង់ ​នៅ​ចុងខែ​​មករា​នេះ​​

11-01-2019 11:14 am 1510
  ស្តាប់
រូបភាពពីAKP
ស្តាប់ជាសំឡេង

​កម្ពុជា​នឹង​បញ្ជូន​កម្លាំង​កងវិស្វកម្ម​មួក​ខៀវ​លេខ​៦៩៣ ចំនួន​១៨៤​នាក់ ដើម្បី​ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ នៅ​ចុង​ខែមករា ឆ្នាំ​២០១៩​នេះ សម្រាប់​ប្តូរ​វេន កម្លាំង​ចាស់​ក្នុង​បំណង​ស្វែងរក​សន្តិភាព​នៅ​ប្រទេស​លី​បង់​។ 

​លោក​ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បញ្ជូន​ក​ង​កម្លាំង​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ បាន​ថ្លែងថា នេះ​ជា​លើក​ទី​៩​ហើយ​ដែល​កម្ពុជា បញ្ជូន​កម្លាំង ទៅកាន់​សាធារណរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​នេះ​។ លោក​បញ្ជាក់ថា កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញទៅ​បំពេញបេសកកម្ម​នេះ គឺ​បញ្ជូនទៅ​ដើម្បី​ប្តូរ​កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ខែមករា ខាងមុខនេះ​។​

​លោក​ប៉ុល សារឿន រម្លឹកថា អំឡុងពេល​២៦​ឆ្នាំមុន កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បញ្ជូន​មកកាន់​កម្ពុជា ប៉ុន្តែ​ចាប់ពី​តាំងពី​ឆ្នាំ​២០០៦​មក រហូតដល់​បច្ចុប្បន្ន មាន​រយៈពេល​១៣​ឆ្នាំ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំងរ​បស់​ខ្លួន ពាក់មួក​ខៀវ ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដែល​គិត​មកដល់ពេលនេះ គឺមាន​កងទ័ព​មួក​ខៀវ​កម្ពុជា​ជាច្រើន​ពាន់​នាក់ បានចេញ​បេសកកម្ម​នៅ​ប្រទេស ជាច្រើន​លើ​ពិភពលោក​។​

​លោក​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​លើកឡើងថា កងវិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ ៦៩៣​ចំនួន​១៨៤​នាក់ ដែល​នឹង​ចេញទៅ​ប្រទេស​លី​បង់​នេះ ក៏មាន​អមដោយ​កម្លាំង​ដោះមីន ផងដែរ​គឺជា​កម្លាំង​បានទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការសហប្រជាជាតិ ដែល​កម្លាំង​ទាំងនោះ​មាន​មកពី​ស្ថាប័ន​ចំណុះ​ផ្ទាល់​ក្រសួង​ការពារជាតិ កម្លាំង​ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការ ដ្ឋា​ន​កងទ័ព អាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​

​លោក Hubert Staberhoter តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានឲ្យដឹងថា ការបញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់ ទៅកាន់​ប្រទេស​លី​បង់​ពេលនេះ ជា​ការបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការគាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល​។ លោក​បាន​បន្ថែមថា ព្រឹតិ្តការណ៍​កាលពី​២៣​ឆ្នាំមុន កង​រក្សាសន្តិភាព​រប​ស់ អង្គការសហប្រជាជាតិ​បញ្ជូន​មកកាន់​កម្ពុជា​។ តែ​បច្ចុប្បន្ន​កម្ពុជា​បានប្រែក្លាយ​ជា​ប្រទេសមួយ​បញ្ជូន​កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព ក្នុងនាម​មនុស្សធម៌ ទៅកាន់​ប្រទេស ចំនួន​៨ រួចមកហើយ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ក្រោមឆ័​ត្រអង្គ​ការសហ ប្រជាជាតិ​ចំនួន​ជាង​៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២៧៧​នាក់ ដើម្បី​ចូលរួម​បេស​ក កម្ម​របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត​១.០០០​នាក់ ដែល​កំពុង បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​។ កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព ច្រើនជាងគេ​លំដាប់​ទី​២​នៅក្នុង​តំបន់​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត