វេទិកា​​យុវ​អ្នក​សារព័ត៌មាន​ សំណូម​ពរ​បញ្ហា​​មួយចំនួន​​ជូន​​​នាយក​រដ្ឋមន្ត្រី​​​

11-01-2019 10:34 am
ជំនួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ប្រចាំឆ្នាំរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន កាលពីលើកទី២។ រូបភាពពីក្រសួងព័ត៌មាន

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១១ មករា​នេះ បាន​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ប្រចាំឆ្នាំ ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ ៤៥០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា ដែលជា​ក្រុមយុវជន​សារព័ត៌មាន​ចម្រុះ​ស្ថាប័ន បាន​ស្វាគមន៍ និង គាំទ្រ​ចំពោះ​ជំនួប​ប្រចាំ​ឆ្នាំនេះ​។ ប៉ុន្តែ​ពួកគេ បានដាក់​សំណូមពរ​មួយចំនួន ទៅកាន់​នាយករដ្ឋមន្ត្រី​ផងដែរ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា ដែលមាន​ចម្រុះ​ស្ថាប័ន​នៅ​កម្ពុជា បានចាត់ទុក​ជំនួប​ប្រចាំឆ្នាំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន និង អ្នកសារព័ត៌មាន​កម្ពុ​ជា​នេះ គឺជា​ការចូលរួម​លើកទឹកចិត្ត និង លើកកម្ពស់​តម្លៃ​អ្នកសារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បង្កើន​ទំនាក់ទំនង​ល្អ​រវាង រាជរដ្ឋាភិបាល​ជាមួយ​បណ្តា អ្នកសារព័ត៌មាន ដើម្បី​រួមគ្នា​បម្រើ​ផលប្រយោជន៍​សង្គម តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត ឥត​បំភ្លៃ​ដល់​សាធារណជន​។​

​បើតាម​សេចក្តីថ្លែងការណ៍ វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា បានកត់សម្គាល់​ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​លើកកម្ពស់​វិស័យ​សារព័ត៌មាន តាមរយៈ​ការរៀបចំ​ឱ្យមាន​អ្នកនាំពាក្យ នៅតាម ក្រសួង ស្ថាប័ន និង អង្គភាព​នានា ដើម្បី​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ក៏ដូចជា​ការបង្កើន​មធ្យោបាយ​ផ្តល់ព័ត៌មាន តាមរយៈ​ការបង្កើត​អង្គភាព​ផ្តល់ព័ត៌មាន និង បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ជាដើម​។​

​ប៉ុន្តែ​ទោះជា​យ៉ាង​ក្តី នៅមាន​បញ្ហា​មួយចំនួន ដែល​ក្រុម​អ្នកសារព័ត៌មាន កត់សម្គាល់​ឃើញថា នៅតែ​បង្ក​ផលវិបាក​ដល់​ការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ដូចជា ការរើសអើង​ចំពោះ​អ្នកសារព័ត៌មាន​ដោយសារ​និន្នាការ ការរារាំង​មិនឱ្យ​អ្នកសារព័ត៌មាន​ចូល​យក​ព័ត៌មាន និង អ្នកនាំពាក្យ​ក្រសួង​/​ស្ថាប័ន​មួយចំនួន​តូច មិនបាន​សហការ​ល្អ ក្នុងការ​ផ្តល់ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ជាដើម​។​

​វេទិកា​យុវ​អ្នកសារព័ត៌មាន​កម្ពុជា បានលើកឡើង​ជា​សំណូមពរ​ដល់​ជំនួប​ប្រចាំឆ្នាំ​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង បណ្តា​អ្នកសារព័ត៌មាន​កម្ពុជា ធ្វើយ៉ាងណា​ជួយ​ជំរុញឱ្យមាន​កិច្ចសហការ​កាន់តែ​ល្អ​ថែមទៀត​រវាង អង្គភាព​ក្រោម​ចំណុះ​ទាំងអស់​របស់​រាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន ដើម្បី​ចូលរួមចំណែក​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ និង សាធារណជន​។​

​សូមបញ្ជាក់ថា  នេះ​ជា​ជំនួប​លើក​ទី​៣​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល និង ពិសា​អាហារ​សាមគ្គី​ប្រចាំឆ្នាំ ជាមួយ​អ្នកសារព័ត៌មាន​។​លើក​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧ មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​ចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​។ លើក​ទី​២ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត កោះ​ពេជ្រ មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក​ចូលរួម​ប្រមាណ​ជាង​៤០០០​នាក់​៕

ព័ត៌មានផ្សេងទៀត