មន្ត្រី​ជំនាញ​៖ ការប្រើ​WiFi​សាធារណៈ​មាន​ប្រភព​មិន​ច្បាស់លាស់ ប្រឈម​ការ​លួច​ទិន្នន័យ​

11-01-2019 10:24 am
  ស្តាប់
រូបភាពពី នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា
ស្តាប់ជាសំឡេង

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​WiFi​សាធារណៈ ដែល​មាន​ប្រភព​មិន​ច្បាស់ ដែល​អាច​ប្រឈម​នឹង​ការ​លួច​យក ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​បាន​។

​បើ​តាម​ការបញ្ជាក់ នៅលើ​Facebook របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឲ្យដឹងថា «​ប្រជាពលរដ្ឋ​ភាគច្រើន តែងតែ​ប្រើប្រាស់​វ៉ា​យ​ហ្វាយ​សាធារណៈ (Public Wi-Fi) សឹងតែ​គ្រប់​ពេលវេលា នៅ​ហាង​កាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និង​ទីសាធារណៈ​មួយចំនួន ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា រាល់​ការប្រើប្រាស់​ទាំងអស់នេះ អាច​នាំមក​នូវ​ហានិភ័យ​ផ្សេងៗ ដូច​ជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន (​រូបភាព និង​ឯកសារ​) លេខ​សម្ងាត់ (Password) និង​ចែកចាយ​មេរោគ (Virus Malware)»​។​

​តែ​យ៉ាងណា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់​អំពី​ការប្រើប្រាស់​វ៉ា​យ​ហ្វាយ​សាធារណៈ ដែល​ប្រកបដោយ​សុវត្ថិភាព មាន​វិធី​៤​យ៉ាង​គឺ​៖ បញ្ជាក់​ឲ្យ​ប្រាកដថា វ៉ា​យ​ហ្វាយ​ដែល​បាន​ភ្ជាប់ គឺជា​វ៉ា​យ​ហ្វាយ​ដែល​មាន​ប្រភព​ច្បាស់​លាស់​, ចៀសវាង​ការ​ចូល​ទៅក្នុង​គណនី​សំខាន់ៗ ដូចជា ធនាគារ iCloud និង Email ជាដើម​, បិទ​ប្រព័ន្ធ​វ៉ា​យ​ហ្វាយ​ពេលដែល​លោក​អ្នក ពុំ​ត្រូវ​ការប្រើប្រាស់ និង​បិទ Network Sharing នៅលើ​កុំព្យូទ័រ​ដើម្បី​ចៀសវាង​កុំឲ្យ​កុំព្យូទ័រ​ដទៃទៀត ភ្ជាប់​ចូល​កុំព្យូទ័រ​របស់​លោក​អ្នក​។​

​បើ​តាម​ទិន្នន័យរ​បស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានបញ្ជាក់​ថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ សេវា​អ៊ី​ន​ធឺ​ណេត​ចល័ត មាន​ចំនួន ១២,៩៧៤,៣១៩ ស៊ីម​កាត​។ រីឯ​អ្នក​ប្រើប្រាស់ សេវា​អ៊ី​ន​ធឺ​ណេត​អចល័ត មាន​ចំនួន ១៤៧,៥៩៦ នាក់​៕

ព័ត៌មានផ្សេងទៀត