រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន គឺជា​សរសៃឈាម​ទ្រទ្រង់​សេដ្ឋកិច្ច​

11-01-2019 9:45 am 346
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​មើលឃើញថា កើនឡើង​ពី​វិស័យ​៥​ធំៗ ។ ក្នុងនោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន ត្រូវបាន​លោក​ចាត់ទុកថា ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ...

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែងថា ការប៉ាន់ស្មាន​ជាបឋម អត្រា​កំណើន​សេដ្ឋកិច្ចរ​បស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ អាច​សម្រេចបាន​ក្នុង​រង្វង់ ៧,៣ % ដែល​កំណើន​នេះ ទទួលបាន​ពី​ការកើនឡើង​ដ៏​រឹងមាំ នៃ​វិស័យ​សំណង់ កាត់ដេរ ទេសចរណ៍ រួម​ទាំង​វិស័យ​ទូរគមនាគមន៍ និង​ដឹកជញ្ជូន ។​

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ។​

​លោក​បន្តថា ឈរ​លើ​មូលដ្ឋាន​នៃ​លទ្ធផល​ដែល​សម្រេច​បាន​ខាងលើនេះ កម្ពុជា​បាន​កំណត់​បំណងប្រាថ្នា​របស់​ខ្លួន កាន់តែ​ខ្ពស់​ជាង​មុន ក្នុង​ការកែប្រែ​ក្លាយខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក្នុង​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០ ។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ពិតណាស់ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន គឺជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច ដោយ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ កាត់បន្ថយ​ភាពក្រីក្រ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ។ 

​លោក​បញ្ជាក់ថា ទន្ទឹមនេះ កម្ពុជា​ក៏​បាន​និង​កំពុង​ពង្រឹង​ការតភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់ គ្រប់​ប៉ូល និង​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុងប្រទេស និង​ការចាប់ផ្តើម​រៀបចំ​នូវ​ប្រព័ន្ធ ឡូ​ជី​ស្ទីក​ក្នុងស្រុក ដែល​នឹង​រួមចំណែក​កាន់តែ​ច្រើនឡើងៗ ក្នុង​ការលើកកម្ពស់​ស​ម​ត្ថភាព​ប្រកួតប្រជែង និង​ជំរុញ​ពាណិជ្ជកម្ម​មូលដ្ឋាន គាំទ្រ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ថែមទៀត ៕

ព័ត៌មានផ្សេងទៀត