ប៉ូលិស​​ស្នើឲ្យ​Ronaldo​​ផ្ដល់​សំណាក​​DNA​​ក្រោយ​​មាន​​ការចោទប្រកាន់​​ពីបទ​​រំលោភ​​ផ្លូវភេទ​

11-01-2019 9:45 am
លោក​Cristiano Ronaldo

​ប៉ូលិស​ក្នុង​ទីក្រុង​Las Vegas​បាន​ស្នើ​សុំឲ្យ​កីឡាក​របាល់ទាត់ លោក​Cristiano Ronaldo ផ្ដល់នូវ​សំណាក​DNA ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់គេ ទាក់ទង​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ប្រឆាំងនឹង​តារាបាល់ទាត់​របស់​Juventus​រូបនេះ​។ មេធាវី​របស់លោក​Ronaldo លោក Peter Christiansen បានបង្ហាញ​ពី​សារៈសំខាន់​នៃ​ការធានា ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​អាជ្ញាធរ​ក្នុងប្រទេស​អ៊ីតាលី​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹងថា  Ronaldo​នៅតែ​ប្រកាន់​គោលជំហរ​ដដែល​ថា រឿង​ដែល​បាន​កើតឡើង​ក្នុង​ទីក្រុង​Las Vegas​កាលពី​ឆ្នាំ​២០០៩ គឺជា​ការព្រមព្រៀង​គ្នា​ប៉ុណ្ណោះ​។ ដូច្នេះ​មិនមែនជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​ទេ​ដែល​DNA​មាន​រួចទៅហើយ ប៉ូលិស​មិនបាច់​ស្នើសុំ​សម្រាប់​ការស៊ើបអង្កេត​នោះឡើយ​។​

​សូមបញ្ជាក់ថា អតីត​តារា​បង្ហាញ​ម៉ូត​ក្នុង​ទីក្រុង​Las Vegas នាង​Kathryn Mayorga​អាយុ​៣៤​ឆ្នាំ បាន​ចោទប្រកាន់​Ronaldo​ថា​បាន​ចាប់រំលោភ​នាង កាលពី​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០០៩​។ ក្រោយ​កើតហេតុ​មាន​សេចក្ដីរាយការណ៍​ថា នាង​ត្រូវ​បានប្រគល់​ប្រាក់​ឲ្យចំ​នួន​៣៧៥,០០០​ដុល្លារ​អាមេរិក ដើម្បី​បំបិទមាត់​។ នាង​ទើបតែ​បាន​ដាក់ពាក្យ​ប្ដឹង​Ronaldo​កាលពី​ឆ្នាំមុន ប៉ុន្ដែ​Ronaldo​បាន​ច្រានចោល​ការចោទប្រកាន់​៕

ព័ត៌មានផ្សេងទៀត