មន្ត្រី​៖ កម្ពុជា​គ្រោង​ដាក់​ចេញ​ច្បាប់​ពាណិជ្ជកម្ម​អន​ឡាញ​ក្នុង​ឆ្នាំនេះ​

11-01-2019 8:40 am
  ស្តាប់
ស្តាប់ជាសំឡេង

​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ថា ការដាក់ចេញ​នូវ​ច្បាប់ពាណិជ្ជកម្ម​អន​ឡា​ញ គឺ​ធ្វើឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អ្នក​ទិញ និង​អ្នក​លក់​លើ​ការប្រកប​អាជីវកម្ម​លើ​អន​ឡា​ញ ។ ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ដែល​គ្រោង​ដាក់​ចេញ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ លើ​សំណុំ​ឯកសារ​មួយចំនួន ដោយ​គេ​បាន​ព្យាករណ៍​ថា នឹង​ត្រូវ​ចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំនេះ ...

​លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ច្បាប់ពាណិជ្ជកម្ម​អន​ឡា​ញ ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ចងក្រង​ឡើង អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​នេះ ពេលនេះ កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិនិត្យ​កម្រិត​ជំនាញ​នៅ​គណៈរដ្ឋមន្ត្រី ។​

​លោក​សង្កត់ធ្ងន់​ថា បើ​ច្បាប់​ពាណិជ្ជកម្ម​អន​ឡាញ​នេះ​ត្រូវបាន​ពិភាក្សា​ពី​គណៈរដ្ឋមន្ត្រី​នូវ​កម្រិត​បច្ចេកទេស ឃើញ​ថា​គ្រប់គ្រាន់ នឹង​អាច​ចេញ​លឿន នោះ​ច្បាប់​នេះ នឹង​អាច​ចេញ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​តែម្តង ។​

​លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្តីពី ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​តំបន់​ជនបទ ក្នុងប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​១០ ខែ​មករា ។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ​បន្តថា ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​លក់​និង​អ្នកទិញ ព្រោះ​នៅពេល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ អ្នក​លក់​មិន​អាច​បោកប្រាស់​អ្នកទិញ​បានទេ ហើយ​អ្នក​ទិញ ក៏​ដូចគ្នា មិន​អាច​បោកប្រាស់​អ្នក​លក់​ដោយ​ប្រការ​ផ្សេងៗ​បានឡើយ ។​

​លោក ថៅ សុខ​មុនី បញ្ជាក់ថា ប្រសិនបើ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេ នោះ វិស័យ​នេះ នឹង​មិន​អាច​រីកចម្រើន​លូតលាស់​លឿន​ដូច​បណ្តា​ប្រទេស​ជិតខាង​ឡើយ មួយវិញទៀត កាលណា​អត់​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ក៏​អាច​បណ្តាលឱ្យមាន​ជម្លោះ ហើយ​បើ​មាន​ជម្លោះ គឺ​មិន​អាច​ដោះស្រាយបាន ព្រោះតែ​គ្មាន​ច្បាប់ ។​

​លោក​ឧកញ៉ា ងួន ម៉េង​តិច អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យដឹងថា តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ត្រូវ​ពឹងផ្អែក​លើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្តង កត្តា​ទាំង​នេះ ធ្វើឱ្យ​ខាត​ពេលវេលា​, ខាតបង់​ប្រាក់​កាស និង​ផ្តល់​កត្តា​ហានិភ័យ​អ្នកលក់ និង​អ្នកទិញ ។​

​លោក​បន្តថា បើសិនជា​មាន​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡា​ញ និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា នោះ មិន​ត្រឹមតែ​ផ្តល់​ផល​ចំណេញ​ទាំង​ប្រាក់កាស​, ពេលវេលា និង​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកលក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​ផុសផុល​ឡើង ពិសេស គឺ​ជំរុញ​ឱ្យ​ទំនិញ​ក្នុងស្រុក​កាន់តែ​មាន​ទីផ្សា​រទាំង​ក្នុង និង​ក្រៅប្រទេស ៕

ព័ត៌មានផ្សេងទៀត