លោក​អុិត សំហេង​៖​​បច្ចុប្បន្ន​មាន​កម្មសិក្សាការី​​ទៅ​ធ្វើការ​នៅ​ជប៉ុន​​ជាង​០៩​ពាន់​នាក់​

10-01-2019 2:32 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​អុិត សំហេង បានឱ្យដឹងថា គិត​មកដល់ពេលនេះ កម្ពុជា​មាន​កម្មសិក្សាការី​ចេញទៅ​ធ្វើការ​នៅ ជប៉ុន មាន​ចំនួន​ប្រមាណ​ជាង​០៩​ពាន់​នាក់ ហើយ​នៅ​ពេលខាងមុខ លោក​អ៊ិត សំហេង សង្ឃឹមថា នឹងមាន​ក្រុមហ៊ុន​ជប៉ុន បើក​ជា​បន្តបន្ទាប់​ដើម្បី​បណ្តុះបណ្តាល និង​ងាយស្រួល​បញ្ជូន​កម្មសិក្សា​ការី​ពី​កម្ពុជា​ទៅ​ជប៉ុន ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន​បាន​កែប្រែ​ច្បាប់​ថ្មី​។

​លោកអុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា នៅពេល​ខាងមុខ​នឹងមាន​ក្រុមហ៊ុន​ជប៉ុន​បើក​ជា​បន្តបន្ទាប់​ដើម្បី បណ្តុះបណ្តាល​និង​ងាយស្រួល​បញ្ជូន​កម្មសិក្សា​ការី​ពី​កម្ពុជា​ទៅ​ជប៉ុន ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន​បាន​កែប្រែ​ច្បាប់​ថ្មី​។ ការលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​លោក​មី​គី វ៉ាត់​ណាបេ (Miki Watanabe) ប្រធាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​សភា​កិច្ចការ​បរទេស និង​ការពារជាតិ​រដ្ឋសភា​ជប៉ុន នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។ 

​រដ្ឋមន្ត្រីក្រសួង​ការងារ​រូបនេះ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើ គឺជា​ក្រុមហ៊ុនចម្រុះ​ខាង​ផ្នែក​ឧស្សាហកម្ម និង​ផ្នែក​សេវា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​បុគ្គលិក​ប្រមាណ​០២​ម៉ឺន​នាក់​នៅ​ជប៉ុន ដែល​ត្រូវការ​កម្លាំង​បន្ថែមទៀត​។ លោក​អិុត សំហេង បាន​អះអាងថា ជប៉ុន​បានចាប់ផ្តើម​រៀបចំ​បង្កើតឱ្យមាន​គម្រោង​ថ្មី សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេងៗ និង​សម្រាប់​អនុវត្ត​នូវ​កំឡុង​ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ក​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​។ លោក​បន្តថា ដើម្បី​អនុវត្តន៍​នូវ​គម្រោង​ថ្មី​នេះ​បាន នាពេលខាងមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ពិសេស​ក្រសួង​ការងារ កំពុង​រៀបចំ​ឲ្យមាន​ចុះ​កិច្ចព្រមព្រៀងសហប្រតិប​ត្តិ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដើម្បី​អនុវត្តន៍​នូវ​ប្រព័ន្ធ​ថ្មី និង​ច្បាប់​ថ្មី​របស់​ភាគី​ជប៉ុន​។​

​ជាមួយគ្នា​នោះ​លោក​អិុត សំហេង បាន​អះអាង​ទៀតថា ជប៉ុន​បាន​នឹង​កំពុង​រៀបចំ​ឱ្យមាន​សេចក្តីព្រាង និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​បញ្ជូន​ទាំងអស់ ដែល​បាន​អនុញ្ញាតឱ្យ​បញ្ជូ​នទាំង​កម្មសិក្សាការីប​ច្ចេក​ទេស និង​អ្នកធ្វើ​ការជំនាញ​បច្ចេកទេស ទៅ​ប្រទេស​ជប៉ុន​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។​

​បើតាម​ក្រសួង​ការងារ បញ្ជាក់ថា នៅក្នុង​ចំណោម​ជា​ដៃគូ​ប្រទេស​ជប៉ុន ដែល​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ទីនោះ​មាន​ចំនួន​១៥​ប្រទេស ហើយ​ចំនួន​ដែល​បាន​បញ្ជូនទៅ​ពី​លេខ​១ រហូតដល់​១៥ កម្ពុជា​ឈរលើ​លេខ​រៀង​ទី​៧៕

ព័ត៌មានផ្សេងទៀត