ក្នុង​កិច្ច​ជំនួប​​ជាមួយ​​លោក​ស៊ី​​លោក​គីម​​បន្ដ​ប្ដេជ្ញា​​រំលាយ​នុយក្លេអ៊ែរ​

10-01-2019 10:25 am 823
លោកគីម ជុងអ៊ុន​(ឆ្វេង)​និងលោកស៊ី ជីនពីង

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ បាន​ចេញផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​កិច្ច​ជំនួប​កំពូល រវាង​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។ នៅក្នុង​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ឲ្យដឹងថា លោក​គីម​បាន​ប្រាប់​ទៅ​លោក​ស៊ី ប្រទេស​របស់លោក​មាន​បំណង​ចង់​សម្រេច​ឲ្យបាន នូវ​ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ក្រៅពីនេះ​លោក​ថា​នឹង​ព្យាយាម​សម្រេច​ឲ្យបាន​នូវ​លទ្ធផល​ប្រកបដោ​យ​ចីរភាព នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ​ជាមួយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ កិច្ចប្រជុំ​គ្រោង​ធ្វើ​ក្នុងពេល​ឆាប់ៗ ហើយ​ទីតាំង​ដែល​ត្រូវ​ជួបគ្នា​ក៏មាន​វៀតណាម​ជា​ជម្រើស​ដែរ​។​

​សារព័ត៌មាន​ស៊ីន​ហួរ​បន្ដថា មេដឹកនាំ​ទាំង​ពីរបាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា ដើម្បី​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​លើ​ឧបទ្វីប​កូរ៉េ​។ លោក​ស៊ី​បាន​ប្រាប់​លោក​គីម​ថា លោក​គាំទ្រ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​សម្ដែង​ក្ដី​រំពឹងថា​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​នឹង​សម្របសម្រួល​គ្នា​។ សូមបញ្ជាក់ថា លោក​គីម ជុង​អ៊ុន​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ជួប​លោក​ស៊ី ជីន​ពីង​ជា​លើក​ទី​បួន​៕

ព័ត៌មានផ្សេងទៀត