វិធី​ងាយៗ ក្នុង​ការដាំ​ខ្ញី​ឱ្យ​បាន​ទិន្នផល​ខ្ពស់​

10-01-2019 8:57 am 3002

​ការជ្រើសរើស​មើម​ដាំ ៖
​ជ្រើសរើស​មើ​មណា​ដែល​មាន​ពន្លក​ថ្លោសៗ មិន​ញឹក​ពេក ហើយ​ជា​មើ​មចាស់ គ្មាន​ជំងឺ និង​សត្វល្អិត​បំផ្លាញ ។​

​ពេលវេលា​ដាំ​ដុះ ៖
​ពេលវេលា​ដែល​គួរ​ចាប់​ដាំ គឺ​ក្រោយពេល​ទឹក​ទន្លេមេគង្គ​ស្រក ក្នុង​អំឡុង​ខែ​ធ្នូ ហើយ​ពេល​ប្រមូល​ផល​ក្នុង​ខែ​មេសា ឬ​ឧសភា ។ ជួនកាល ត្រូវ​ទុក​រហូត​ដល់​ខែ​មិថុន នៅពេល​ដែល​តម្លៃ​ខ្ញី​ឡើងថ្លៃ​នៅ​ទីផ្សារ ទើប​អាច​គាស់​លក់ ។​

​ការរៀបចំ​រង​ដាំ ៖
​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​យ៉ាងតិច​២​ទៅ​៣​ដង ។ ក្រោយមក ទើប​រាស់ ឬ​គប់​បំបែក​ដុំ​ដី រួច​លើក​ពូន​ជា​រង ។ រង​នីមួយៗ មាន​បណ្តោយ​១៥​ម៉ែត្រ និង​ទទឹង​៨​តឹក ។ ចន្លោះ​ពី​រង​មួយ​ទៅ​មួយ មាន​ចម្ងាយ​២​តឹក ។ នៅលើ​រង ត្រូវ​កាប់​ជា​រណ្តៅ បាន​២៨ ។ ក្នុង​មួយ​រណ្តៅ អាច​ដាំ​បាន​៤​គុម្ព ដោយ​ទុក​ចន្លោះ​គុម្ព​ប្រវែង​២​តឹក និង​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង​កន្លះ​ម៉ែត្រ ។​

​ការថែទាំ ៖
​ក្រោយ​ពេល​ដាំ​ហើយ ត្រូវ​គ្រប​គម្រប​រង​២​ស្រទាប់ ។ ស្រទាប់​ទី​១ រៀប​មែក ឬ​ដៃឫស្សី ឬ​ដើម​ប​បោស ពោត ត្រែង​ជាដើម ។ ស្រទាប់​ទី​២ ត្រូវ​ពង្រាយ​ចំបើង ។ 
​ការ​ស្រោច​ទឹក ប្រព្រឹត្តទៅ​ក្នុង​មួយ​សប្តាហ៍​ម្តង​តែ​ប៉ុណ្ណោះ ព្រោះ​យើង​បាន​គ្រប​ចំបើង​លើ​រង​ដើម្បី​រក្សា​សំណើម​ដី ។​
​ក្នុង​ការប្រើ​ជី យើង​គួរប្រើ​ជី​ធម្មជាតិ ដូចជា អាចម៍គោ អាចម៍​ប្រចៀវ ។ ការដាក់​ជី មាន​២​លើក​៖
​លើក​ទី​១៖ ប្រើ​អាចម៍គោ​ក្រៀម​២០​រទេះ សម្រាប់​ដី​២០​អា ដោយ​ដាក់​នៅ​ពេល​ភ្ជួរ​លើក​ទី​១ ឬ​ភ្ជួរ​លើ​ក​ទី​២ ។​
​លើក​ទី​២៖ ដាក់​ជី​ពេល​ខ្ញី​ចាប់​ចេញ​ផ្កា ដោយ​ប្រើ​អាចម៍​ប្រចៀវ​ចំនួន​១​កំប៉ុង​ទឹកដោះគោ សម្រាប់​៤​គុម្ព ។​
​នៅពេល​ខ្ញី​ចាប់ផ្តើម​បែក​កូន និង​ឡើង​មើ​ម ត្រូវ​ពូន​គល់ ដោយ​កាយ​យក​ដី​ខ្នង​រណ្តៅ​មក​លុប​ត្រង់​គល់​រណ្តៅ ដែល​ធ្វើឱ្យ​គល់​ខ្ញី​ឡើង​ខ្ពស់ ហើយ​ត្រង់​កន្លែង​ខ្នើយ​នោះ ក្លាយ​ជា​ចង្អូរ​វិញ ដែល​ធ្វើឱ្យ​ទឹក​ហូរ​ចេញ​ពេល​មាន​ភ្លៀង ។​

​ការប្រមូល​ផល ៖
​ការប្រមូល​ផល​ចាប់ផ្តើម​ក្នុង​រយៈពេល​៤​ទៅ​៦​ខែ បន្ទាប់​ពី​ដាំ អាស្រ័យ​ទៅតាម​តម្លៃ​ទីផ្សារ (​ករណី​មើម​ស្រស់​) ។ 

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​ពី​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត