លោក​ដូណាល់ ត្រាំ​៖​​ជនអន្ដោប្រវេសន៍​​ខុសច្បាប់​​កំពុង​ធ្វើឲ្យ​​ប្រជាជន​អាមេរិក​​ឈឺចាប់​

09-01-2019 4:20 pm 904
  ស្តាប់
រូបភាព​ប្រធានាធិបតី​អាមេរិក​ពេលនៅ​ក្នុងបន្ទប់ធ្វើការក្នុងសេតវិមាន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅតែ​រក្សា​គោលជំហរ​របស់លោក​ដ​ដែល គឺ​ចង់បាន​ការសាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិក​ស៊ិក​។ ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ លោក​ត្រាំ​ទទូចថា​ពេលនេះ​កំពុងមាន​វិបត្ដិ​មនុស្សធម៌ និង​វិបត្ដិ​សន្ដិសុខ​កើតឡើង​នៅ​តំបន់​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ហើយ​ស្ថានភាព​នៅពេលនេះ គឺជា​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​មួយ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ និង​ផ្លូវចិត្ដ​ប្រជាជន​អាមេរិក​គ្រប់រូប​។​

​លោក​ត្រាំ​បន្ថែមថា ប្រជាជន​អាមេរិក​ទាំងអស់​កំពុង​រង​ការឈឺចាប់ ដោយសារតែ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។ វា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការគ្រប់គ្រង និង​ធ្វើឲ្យ​ថយចុះ​ការងារ​និងថ​យចុះប្រាក់​ឈ្នួល​។ ជា​រឿង​ចាំបាច់​ណាស់ ដែល​ត្រូវ​បញ្ឈប់​លំហូរ​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ទាំងអស់នោះ បញ្ឈប់​ការហូរចូល​គ្រឿងញៀន​មក​ក្នុង​ទឹកដី​អាមេរិក ហើយ​លោក​នៅតែ​ត្រូវការ​ថវិកា​ប្រមាណ​៥.៧​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​។ តែ​យ៉ាងណាមិញ លោក​ត្រាំ​មិនបាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ដូច​ពាក្យ​ចចាមអារ៉ាម​ប៉ុន្មាន​ថ្ងៃមុន​ឡើយ​។​

​អ្វីដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​នៅពេលនេះ ក៏​ស្របពេល​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​កំពុង​បន្ដ​បិទទ្វារ​ឈានចូល​ដល់​សប្ដាហ៍​ទី​បី​។ លោក​ត្រាំ​បាន​បន្ទោស​គណបក្ស​ប្រជាធិបតេយ្យ ដែល​បច្ចុប្បន្នកំពុង​គ្រប់គ្រង​អាសនៈ​ភាគច្រើន​ក្នុង​រដ្ឋសភា ចំពោះ​ការប្រឆាំង​ការអនុម័ត​កញ្ចប់​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​នេះ​។ ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​មិនអាច​បើកទ្វារ​វិញ ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ព្រម​ឯកភាព​កញ្ចប់​ថវិកា​សង់​ព្រំដែន​។ របង​ព្រំដែន​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ជាច្រើន ដែល​លោក​បាន​សន្យា​ពេល​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក​បានស្នើ​សង់​ជញ្ជាំង​ព្រំដែន​ដោយ​ប្រើ​ដែក​វិញ​មិន​ប្រើ​បេតុង​ទេ​។​

​សម្រាប់​សមាជិក​សភាគ​ណ​បក្ស​ប្រជាធិបតេយ្យ បាន​ចោទប្រកាន់​លោក​ត្រាំ​ថា​ជា​អ្នកបង្កឲ្យ​មាន​វិបត្ដិ​កើតឡើង​។ គេ​នៅតែ​ជំទាស់​នឹង​ការសង់​ជញ្ជាំង​ព្រំដែន ដោយ​ស្នើឲ្យ​កាត់ផ្ដាច់​ពីគ្នា​រវាង​ការ​ជជែកវែកញែក រឿង​សង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ការបិទទ្វារ​រដ្ឋាភិបាល​។ គណបក្ស​ប្រជាធិបតេយ្យ​ស្វាគមន៍​ជានិច្ច ការប្រើប្រាស់​មធ្យោបាយ​ផ្សេង​ដើម្បី​រឹតបន្ដឹង​សន្ដិសុខ​តាម​ព្រំដែន តែ​មិន​ចង់ឲ្យ​ចំណាយប្រាក់​ខ្ជះខ្ជាយ​ដូច្នេះឡើយ​៕

ព័ត៌មានផ្សេងទៀត