ក្រសួង​ការពារជាតិ​៖​​នាវា​​កងទ័ព​ជើងទឹក​ចិន​ មក​បំពេញ​​ទស្សនកិច្ច​​នៅ​កម្ពុជា​​៤​ថ្ងៃ​​

09-01-2019 12:52 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អះអាងថា គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន មាន​ផ្ទុក​មនុស្ស​៦៩៥​នាក់ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ Xu Hai Han នាយរង​សេនាធិការ កង​នាវា​តំបន់​សមុទ្រ​ខាងជើង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៩ មករា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​១២ ខែ​មករា ឆ្នាំ​២០១៩​។​លោក​ឈុំ សុជាតិ និយាយថា ទស្សនកិច្ច​នេះ ធ្វើឡើង​ដើម្បី​រឹត​ចំណងមិត្តភាព និង​ពង្រឹក​កិច្ចសហប្រតិបត្តិការ​រវាង​កង​យោធពលខេមរភូមិន្ទ និង កងទ័ព​រំដោះប្រជាជន​ចិន​។​

​អំឡុង​បំពេញ​ទស្សនកិច្ច​គណៈប្រតិភូ​ចិន នឹង​ជាមួយ​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​, ជួប​លោក​អ៊ុក សីហា មេ​បញ្ជាំការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​មូលដ្ឋាន​សមុទ្រ​រាម​, ជួប​លោក​ទៀ វិញ អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក ,​ជួប​លោក​វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ និង​ចុងក្រោយ​ជួប​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​។ 

​លោក​ឈុំ សុជាតិ អះអាងថា នេះ​គឺជា​លើក​ទី​១​ហើយ សម្រាប់​ឆ្នាំ​២០១៩​នេះ ដែល​គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ជា​លើក​ទី​៩​ផងដែរ សម្រាប់​ទស្សនកិច្ច​គណៈ​ប្រតិភូ​នាវា​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩​នេះ ក៏មាន​នាវា​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន ចំនួន​១៧​គ្រឿង​ហើយ បានមក​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​នាវា​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​លេចឮ​ព័ត៌មាន​សង្ស័យ ពី​ការសាងសង់​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន​នៅក្នុង​ខេត្ត​កោះកុង ឬ​តាម​ឆ្នេរ​នៃ​សមុទ្រ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៨ កន្លងទៅ​។​

​ប៉ុន្តែ​ការសង្ស័យ​នេះ ត្រូវបាន​លោក​ហ៊ុន សែន បញ្ជាក់​រួចហើយ​ថា កម្ពុជា​គ្មាន​ការចាំបាច់​ណាមួយ​ដើម្បី​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ពបរទេស លើ​ទឹកដី​កម្ពុជា​នោះទេ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាតឲ្យ​កងទ័ពរ​បស់​ខ្លួន​មាន​វត្តមាន​លើ​ទឹកដី​បរទេស​ដែរ ក្រៅពី​ការចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត