កិច្ចព្រមព្រៀង​​ចាកចេញ​ពី​​អឺរ៉ុប​​របស់​អង់គ្លេស​​នឹង​ដាក់​ឲ្យ​បោះឆ្នោត​នៅ​ថ្ងៃ​១៥​មករា​

09-01-2019 10:55 am
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

សមាជិកសភា​អង់គ្លេស​នឹង​បោះឆ្នោត​សម្រេច លើ​សេចក្ដីព្រាង​ស្ដីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៥​មករា បន្ទាប់ពី​ពន្យារពេល​កាលពី​ខែ​មុន​។ កិច្ចព្រមព្រៀង​នេះ ជា​លទ្ធផល​នៃ​កិច្ចចរចារ​យ៉ាង​លំបាកលំបិន វាង​លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ថេរ៉េសា ម៉េ ជាមួយ​តំណាង​របស់​សហភាព​អឺរ៉ុប​។ កន្លងមក​សមាជិកសភា​នាំគ្នា​បង្ហាញ​ការមិនពេញចិត្ដ ដោយ​គិតថា​កិច្ចព្រមព្រៀង​មិនអាច​ធានា​សុវត្ថិភាព ក្រោយពេល​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ដូច្នេះហើយ​ទើប​លោកស្រី​នាយករដ្ឋមន្ដ្រី​លើក​ពេល​បោះឆ្នោត​។​

​នៅ​រសៀល​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ កិច្ចព្រមព្រៀង​នឹងត្រូវ​បញ្ចូនទៅឲ្យ​សមាជិកសភា​បោះឆ្នោត​គាំទ្រ គឺ​រយៈពេល​៥​ថ្ងៃ​បន្ទាប់ពី​ចាប់ផ្ដើម​ការជជែក​ពិភាក្សា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ លោកស្រី​នាយករដ្ឋមន្ដ្រី​កំពុង​តស៊ូ ដើម្បី​បញ្ចុះបញ្ចូល​ទាំង​សមាជិកសភា​គណបក្សប្រឆាំង និង​សមាជិកសភា​គណបក្ស​លោកស្រី​ផ្ទាល់ ដើម្បី​ស្វែងរក​ការគាំទ្រ​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​នេះ​។ 

​លោកស្រី​ម៉េ​បាន​អះអាងថា​កិច្ចព្រមព្រៀង​ថ្មី កើតចេញពី​ការព្យាយាម​តស៊ូ​មតិ​ជាមួយ​តំណាង​របស់​អឺរ៉ុប ដូច្នេះ​លោកស្រី​ហ៊ាន​ធានា​ពិតជា​អាច​ការពារ​អង់គ្លេស​បាន ក្រោយពេល​ចាកចេញ​ពី​អឺរ៉ុប​។ ក្នុង​កិច្ចព្រមព្រៀង​ក៏មាន​ការធានា​ពី​រឿង​ដ៏​ក្ដៅគគុក​មួយ គឺពាក់ព័ន្ធ​នឹង​តំបន់​អៀរ​ឡង់​ខាងជើង​ផងដែរ​។ អ្នកនាំពាក្យ​លោកស្រី​ម៉េប​ន្ដថា ការងារ​ដើម្បី​ធានារ៉ាប់រង​ទាំងអស់​កំពុង​បន្ដ ដូច្នេះ​សង្ឃឹម​នឹងមាន​ការគាំទ្រ​ផ្ដល់ឲ្យ​លោក​ស្រីនៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​។ 

​លោកស្រី​ថេរ៉េសា ម៉េក៏​បានរៀបចំ​ពិធីជប់លៀ​ង​ជាច្រើនលើក សម្រាប់​តំណាងរាស្ដ្រ​ក្នុង​សប្ដាហ៍​នេះ ក្នុង​គោលបំណង​ឈ្នះ​ចិត្ដ​ពួកគេ ព្រោះ​លោកស្រី​ជឿជាក់ថា វា​គឺជា​ការសម្រុះសម្រួល​ដ៏​ល្អ​បំផុត បញ្ចប់​ការខ្វែងគំនិត​គ្នា​។ ការខិតខំ​ពុះពារ​បែបនេះ ដោយ​លោកស្រី​បារម្ភ​ខ្លាច​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចេញពី​អឺរ៉ុប​ហើយ តែ​គ្មាន​កិច្ចព្រមព្រៀង​ធានា​ដល់​ការចាកចេញ​។ កាលបរិច្ឆេទ​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប គឺ​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​នេះហើយ​៕

ព័ត៌មានផ្សេងទៀត