ពីរ​នាក់​ឪ​-​កូន​ គឺ​លោក​គង់ គាំ ​និង​លោក​គង់ បូរ៉ា ​ដាក់​លិខិត​​សុំ​ធ្វើ​នយោបាយ​​ថ្ងៃនេះ​​

09-01-2019 10:39 am 1320
  ស្តាប់
លោកគង់ បូរ៉ា និងលោកគង់ គាំ
ស្តាប់ជាសំឡេង

​មកដល់ពេលនេះ កាន់តែច្បាស់​ហើយ អតីត​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់​ឪ​-​កូន គឺ​លោក​គង់ គាំ និង​លោក​គង់ បូរ៉ា ប្រកាស​ជា​ផ្លូវការ​ព្រម​គ្នា ពី​ការដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ​។ 

​លោក​គង់ បូរ៉ា បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​facebook​ផ្ទាល់ខ្លួន​ថា​«​ក្រោយពី​ឃើញ​សារព័ត៌មាន ចុះផ្សាយ អំពី​ព្រះរាជក្រម របស់​ព្រះមហាក្សត្រ ដែល​ដាក់​ឲ្យប្រើ​មាត្រា ៤៥ ថ្មី ( ស្ទួន ១) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ខ្ញុំ គង់ បូរ៉ា អតីតមន្ត្រី អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​៩ ខែ​មករា ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ​»​។ 

​លោក​គង់ បូរ៉ា ក៏​ដឹងថា ធ្វើ​នេះ ប្រឆាំងនឹង​ការអំពាវនាវ របស់លោក​សម រង្ស៊ី ដែល​លោក​ហៅ​លោក​សម រង្ស៊ី​ថា តាំងខ្លួន​ជា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅច្បាប់ នាំ​អន្តរជាតិ​បំផ្លាញ​កម្ពុជា​។ លោក​បញ្ជាក់ថា​«​ខ្ញុំ គង់ បូរ៉ា មិនអាច​បន្ត​រួម​ដំណើរ​ក្នុង​អំពើ​ក្បត់​ប្រទេស ក្បត់​ប្រជាពលរដ្ឋ​តទៅទៀត​បានឡើយ​»​។​

​ឯ​លោក​គង់ គាំ ជា​អ្នកនយោបាយ​ចាស់​វស្សា មាន​វ័យ​៧៨​ឆ្នាំ​ទៅហើយនោះ បាន​ប្រាប់​វិទ្យុ​វាយោ​ម្សិលមិញ​ថា បើ​ទោះ​មាន​ការអំពាវនាវ​ពី​សំណាក់​លោក​សម រង្ស៊ី ក៏​លោក​នៅតែ​ប្រកាន់​ជំហរ​ដាក់ពាក្យ​ស្នើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ លោក​បញ្ជាក់​ម្តង​ហើយ ម្តង​ទៀតថា ពេល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ លោក​នឹង​ទៅ​ជួយ​ជ្រោមជ្រែង​គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក​គង់ មូនី​កា កូនប្រុស​ពៅ​របស់លោក គឺ​មិន​នៅ​បន្ត​ជាមួយ​លោក​សម រង្ស៊ី​ទៀត​ទេ​។​

​លោក សម រង្ស៊ី ជា​ច្រើនលើកច្រើនសា និង​នៅ​ថ្ងៃទី​០៨ មករា​នេះ ខណៈ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ដាក់​ឲ្យប្រើ ក៏​ចេញមក​បាន​អំពាវនាវ​ជាថ្មី ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨ រូប កុំ​ទន់ជ្រាយ និង​កុំ​ចាញ់បោក​លោក​ហ៊ុន សែន​។  

​ដូច្នេះ ពេលនេះ រាប់​ថា​ពីរ​នាក់​ឪ​-​កូន គឺ​លោក​គង់ គាំ និង​លោក​គង់ បូរ៉ា ជា​អ្នក​ចេញមុខ​ប្រឆាំង​ដោយ​ចំហ ចំពោះ​ការ​អំពាវ​របស់លោក​សម រង្ស៊ី មុនគេ ខណៈ​លោក សម រង្ស៊ី ប្រាប់ថា ត្រូវ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ជាមុនសិន ហើយ​បន្ទាប់មក ចាំ​គិត​រឿង​ទទួល​សិទ្ធិ​នយោបាយ​តាម​ក្រោយ​។​

​មកដល់ពេលនេះ ក្រៅពី​លោក​គង់ គាំ និង លោក​គង់ បូរ៉ា គេ ពុំទាន់​ឃើញ​មាន​អ្នក​ផ្សេងទៀត ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្សប្រឆាំង បង្ហាញ​បំណង​សុំ​សិទ្ធិ​នយោបាយ​វិញ​នោះទេ​៕

ព័ត៌មានផ្សេងទៀត