ក្រុម​តា​លី​បង់​និង​អាមេរិកបើក​ការចរចា ដោយ​គ្មាន​វត្តមាន​អា​ហ្វ​ហ្គានី​ស្ថាន​

08-01-2019 4:03 pm 887
  ស្តាប់
តំណាងពួកតាលីបង់ចូលរួមកិច្ចប្រជុំក្នុងក្រុងមូស្គូកាលពីខែវិច្ឆិកា
ស្តាប់ជាសំឡេង

​ការចរចា​លើក​ទី​៤ រវាង​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គានី​ស្ថាន និង​អាមេរិក នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នៅក្នុង​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​។ ដ្បិត​ការចរចា​នេះ មាន​គោលបំណង​ដើម្បី​ស្វែងរក​សន្តិភាព ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ក៏ពិតមែន ប៉ុន្តែ​ពុំមាន​វត្តមាន​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន នៅក្នុង​កិច្ចពិភាក្សា​នេះឡើយ​។​

​ក្រុម​តា​លី​បង់ បាន​ជំទាស់​ចំពោះ​ការស្នើ ពី​ប្រទេស​មហាអំណាច​ក្នុង​តំបន់ ដើម្បី​អនុញ្ញាតឲ្យ​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន ចូលរួម​ការចរចា​ស្វែងរក​សន្តិភាព​នេះ​។ ក្រុម​តា​លី​បង់​អះអាងថា អាមេរិក គឺជា​បច្ចាមិត្រ​ចម្បង​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​១៧​ឆ្នាំ ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន រីឯ​ក្រុង​កា​ប៊ុល គ្រាន់តែ​ជា​អាយ៉ង​របស់​អាមេរិក​តែប៉ុណ្ណោះ​។ ហេតុនេះ ការចរចា​សន្តិភាព​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​អា​ហ្វ​ហ្គានី​ស្ថានទេ​។ មេដឹកនាំ​តា​លី​បង់​និយាយថា ពេលនេះ​ខ្លួន​ចង់​ជួបពិភាក្សា​តែ​ពីរ​ភាគី​តា​លី​បង់​-​អាមេរិក​ប៉ុណ្ណោះ ហើយ​នៅក្នុង​ការពិភាក្សា​នេះ ពួកគេ​នឹង​និយាយ ពី​ការ​ដកទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​, ការផ្លាស់ប្តូរ​អ្នកទោស និង​ការដក​បម្រាម​ហាមឃាត់ លើ​ចលនា​មេដឹកនាំ​របស់​ពួកគេ​។​

​សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន គឺ​អាមេរិក​បាន​ចូល​អន្តរាគមន៍​យោធា​យូរ​បំផុត ដោយ​ចំណាយលុយ​អស់​១​ពាន់ ពាន់​លាន​ដុល្លារ និង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​រាប់ពាន់នាក់​។ អាមេរិក​បញ្ជូន​ទ័ព​ទៅ​ទីនោះ ក្រោយពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។ អាមេរិក​បាន​បញ្ជូន​ទ័ព​ទៅ​ដាក់ពង្រាយ​ជាង​១០០, ០០០ នាក់ នៅក្នុង​ប្រទេស​នេះ ហើយ​នៅ​ឆ្នាំ​២០១៤ អាមេរិក​បាន​ដក​កងទ័ព​ភាគច្រើន​ចេញ​វិញ​។​

​សព្វថ្ងៃ​មាន​កងទ័ព​អាមេរិក​ប្រមាណ​១៤,០០០​នាក់ កំពុង​ប្រចាំការ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ដែលជា​ផ្នែក​មួយ​នៃ​ការ​បំពេញបេសកកម្មរ​បស់​អង្គកា​រណា​តូ ដើម្បី​បង្វឹក ផ្ដល់​ដំបូន្មាន និង​គាំទ្រ​ដល់​កងទ័ព​អា​ហ្វ​ហ្គានី​ស្ថាន​។ កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ អាមេរិក​បានប្រកាសថា នឹង​ដកទ័ព ចំនួន​ប្រមាណ​៧​ពាន់​នាក់ ក្នុងចំណោម​កងទ័ព​ដែល​នៅ​សេសសល់ ចំនួន​១៤,០០០​នាក់ ចេញពី​ប្រទេស​អា​ហ្វា​ហ្គានី​ស្ថាន​បន្ថែមទៀត ប៉ុន្តែ​មិនទាន់​ដឹងថា​ដំណើរការ​ដក​កងទ័ព​នេះ នឹង​ត្រូវធ្វើឡើង​នៅពេលណា​ឲ្យ​ជាក់លាក់​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត