តៃវ៉ាន់​​​​នឹង​​រងគ្រោះ​​​កាន់តែខ្លាំង​​​បើ​នៅ​​រឹងទទឹង​​ជាមួយ​ចិន​

08-01-2019 3:19 pm 12423
  ស្តាប់
រូបភាព​តំណាង​​ចិន​និងតៃវ៉ាន់
ស្តាប់ជាសំឡេង

​មួយ​រយៈពេល​ចុងក្រោយ​នេះ តៃវ៉ាន់​និង​ចិន​មាន​ទំនាក់ទំនង​មិន​ល្អប្រសើរ​នឹង​គ្នា​ទេ​។ មិន​ល្អប្រសើរ​ដោយសារតែ​ចិន​មើលឃើញថា តៃវ៉ាន់​ចង់​រើ​បម្រាស​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។ សម្រាប់​ចិន តៃវ៉ាន់​ដាច់ខាត​មិនអាច​ផ្ដាច់ខ្លួន​បានឡើយ តៃវ៉ាន់​នៅតែ​ជា​ផ្នែក​មួយ​របស់​ចិន​។ ប្រធានាធិបតី​ចិន​ថ្មីៗ​នេះ​បានប្រកាសថា គ្មាន​នរណា​អាច​គាំទ្រ​ឲ្យ​តៃ​វ៉ាន់ងាក​ចេញពី​ចិន​បានទេ​។ លោក​បានប្រកាស​ទទូច​ឲ្យ​ប្រជាជនចិ​ននិង​តៃវ៉ាន់ ត្រូវ​រួបរួមគ្នា​ដោយ​សន្ដិភាព​។ តើ​តៃវ៉ាន់​ពិតជា​មិនអាច​ប្រឆាំង​ចិន​បានទេ​ឬ​? តៃវ៉ាន់​អាច​នឹងរង​សម្ពាធ​ពី​ចិន​កាន់តែខ្លាំង​? 

​តៃវ៉ាន់ ដែល​មានឈ្មោះ​ផ្លូវកា​រថា​សាធារណរដ្ឋ​តៃវ៉ាន់ ជា​រដ្ឋ​ដែន​កោះ​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងកើត មាន​ព្រំប្រទល់​ខាងលិច​ជាប់​ចិន ភាគ​ឦសាន​ជាប់​ជប៉ុន និង​ខាងត្បូង​ជាប់​ហ្វីលីពីន​។ រដ្ឋ​មួយ​នេះ​មាន​ផ្ទៃដី​សរុប​៣៦,១៩៧​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​សរុប​ប្រមាណ​ជាង​២៣​លាន​នាក់​។ តៃវ៉ាន់​មាន​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ដោយ​ខ្លួនឯង ទាំង​ប្រព័ន្ធ​នយោបាយ សង្គម សេដ្ឋកិច្ច យោធា និយាយ​រួម​អាច​ចាត់ទុកជា​ប្រទេសមួយ​បាន ប៉ុន្ដែ​យ៉ាងណាមិញ​តៃវ៉ាន់​នៅ​ស្ថិតក្រោម​គំនាប​របស់​ចិន​។ 

​បើ​គិតពី​ប្រព័ន្ធ​នយោបាយ តៃវ៉ាន់​មាន​ប្រធានាធិបតី​កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ហើយ​ប្រធានាធិបតី​បច្ចុប្បន្ន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ ការគ្រប់គ្រង​សង្គម​តៃវ៉ាន់​មិនជា​មាន​បញ្ហា​កើតឡើង​ធ្ងន់ធ្ងរ​គួរ​ជា​ការបារម្ភ​ឡើយ ហើយ​បញ្ហា​សេដ្ឋកិច្ច​វិញ តៃវ៉ាន់​មាន​សេដ្ឋកិច្ច​រីកចម្រើន​គួរឲ្យកត់សម្គាល់​។ តៃវ៉ាន់​អាច​នាំចេញ​នូវ​ផលិតផល​មិន​ថា​ចំណីអាហារ បច្ចេកវិទ្យា ឬ​ផលិត​ផ្សេងៗ​ទៀត​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ហេតុនេះ​តៃវ៉ាន់​អាចរ​ស់បាន​ដោយ​ស្រួល តាម​ជីវភាព​របស់ខ្លួន​នាពេល​សព្វថ្ងៃ​។ តែ​អ្វីដែល​ជា​កង្វល់​សម្រាប់​មេដឹកនាំ​និង​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ការដាក់​គំនាប​ពី​ភាគី​ចិន​។ 

​តាមពិត​បើសិនជា​គណបក្សនយោបាយ​នៅ​តៃវ៉ាន់​មាន​គោលដៅ​ដូចគ្នា ចង់​សម្រេចបាន​លទ្ធផល​ដូចគ្នា មិន​ពិបាក​ខ្លាំងពេក​ទេ​ក្នុង​ការគ្រប់គ្រង​ប្រទេស ទោះ​មិនអាច​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ក៏​អាច​ធ្វើតាម​ការជ្រើរើស​របស់​ប្រជាជន ដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ​បានដែរ​។ តែ​គណបក្សប្រឆាំង​នៅ​តៃវ៉ាន់​មាន​ទំនោ​រងាក​ទៅរក​ចិន ចង់បាន​ការដឹកនាំ​តាមបែប​កុម្មុយនីស្ដ​ដូច​ចិនដីគោក ជាហេតុ​ធ្វើឲ្យ​ដែនកោះ​មួយនេះ​មាន​ជំហរ​នយោបាយ​ពីរ គឺ​មួយ​ចង់បាន​ការគ្រប់គ្រង​តាម​បែ​ប្រជាធិបតេយ្យ និង​ម្ខាង​ទៀត​ចង់​ដើរ​តាម​គន្លង​កុម្មុយនីស្ដ​។ 

​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន គណបក្ស​ប្រជាធិបតេយ្យ​ជា​បក្ស​កាន់អំណាច​បច្ចុប្បន្ន បាន​ធ្លាក់​សំឡេងគាំទ្រ រីឯ​គណបក្សប្រឆាំង​គួ​មីនតា​ង​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​វិញ​។ ការណ៍​នេះ​ធ្វើឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ព្រួយបារម្ភ​រឹតតែ​ខ្លាំង ពី​ជោគវាសនា​នៅ​ពេលអនាគត​។ មើលឃើញ​គណបក្ស​ប្រជាធិបតេយ្យ​ពិបាក​ក្នុង​ការសហការ ចិន​បាន​ងាក​ទៅ​គាំទ្រ​គណបក្សប្រឆាំង ប្រើ​មធ្យោបាយ​នានា​ជួយ​ដល់​គណបក្ស​នេះ​។ ស្ថិតក្រោម​ការគាំទ្រ​ពី​ចិន ច្បាស់​ណាស់​ថា​នឹងត្រូវ​ធ្វើតាម​ការចង្អុល​បង្ហាញ​ពី​ចិន​។ តែ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ មិន​ចង់បាន​ទេ​របៀប​ដឹកនាំ​តាម​ការគូសវាស​របស់​ចិន​។ បក្ស​កាន់អំណាច​បច្ចុប្បន្ន ចង់បាន​ការដឹកនាំ​តាម​ជម្រើស​របស់​ប្រជាជន គឺ​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។​

​នៅក្នុង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ប៉ុន្មាន​ថ្ងៃមុន ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បានប្រកាសថា​គ្មាន​នរណា​អាច​ប្រកែក​បានឡើយ តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន​។ លោក​ស៊ី​បាន​ទទូច​ឲ្យ​ប្រជាជន​ត្រូវ​រួបរួមគ្នា​ដោយ​សន្ដិភាព គ្មានទេ​ការ​ផ្ដាច់ខ្លួន​។ ចិន​បាន​ឃ្លាំមើល​តៃវ៉ាន់​មិន​ដាក់​ភ្នែក មិនឲ្យ​រដ្ឋ​មួយនេះ​ក្លាយជា​រដ្ឋ​ឯករាជ្យ​បានដាច់​ខាត ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន​។ មេដឹកនាំ​តៃវ៉ាន់​ដែល​ចង់​រើ​បម្រាស រមែង​រង​ការគំរាមកំហែង​ពី​រដ្ឋាភិបាល​ចិន​ជានិច្ច​។ ជាក់ស្ដែង​លោកស្រី​ប្រធានាធិបតី​ត្សៃ អ៊ីង​វិន​ជាដើម ត្រូវ​ចិន​គំរាម​មិនតិច​ដង​ដោយសារតែ​ការដឹកនាំ​របស់​លោកស្រី ធ្វើឲ្យ​ចិន​ចោទថា​លោកស្រី​ចង់​ផ្ដាច់​តៃវ៉ាន់​ចេញពី​ចិន​។ 

​គិតពី​គ្រោះថ្នាក់​សម្រាប់​តៃវ៉ាន់ រឿង​ប្រឆាំង​ជាមួយ​ចិន​គ្មាន​លទ្ធផល​ល្អ​សម្រាប់​តៃវ៉ាន់​ឡើយ​។ ចិន​បានដាក់​សម្ពាធ​ទាំង​ផ្នែក​នយោបាយ​និង​យោធា ដោយ​ថ្មីៗ​នេះ​ចិន​បានធ្វើ​សមយុទ្ធ​នៅក្បែរ​ដែន​កោះ​តៃវ៉ាន់​ជា​ញយ​ដង ក្នុងន័យ​បង្ហាញ​សាច់ដុំ​ដាក់​តៃវ៉ាន់ តែ​ហ៊ាន​ប្រឆាំង​ចិន​នឹង​វាយ​សង្គ្រប់​ភ្លាម​។ ចិន​បាន​ព្រមាន​ប្រទេស​មួយចំនួន​ដែលមាន​ចំណងមិត្ដភាព​ជាមួយ​តៃវ៉ាន់ ត្រូវ​ផ្ដាច់ទំនាក់ទំនង​ជាបន្ទាន់​។ ជា​លទ្ធផល​រដ្ឋ​មួយចំនួន​បាន​ងាក​ចេញពី​តៃវ៉ាន់ បែរ​ទៅ​ចាប់ដៃ​ទីក្រុង​ប៉េកាំង​វិញ​។ 

​នេះ​សញ្ជាក់​ថា​តៃវ៉ាន់​ត្រូវ​បាត់បង់​អ្នកគាំទ្រ បាត់បង់​ភាពកក់ក្ដៅ​ដោយសារតែ​អំណាច​ចិន​។ តៃវ៉ាន់​នៅមាន​ប្រទេស​សម្ព័ន្ធមិត្ដ​តិចតួច ហើយ​បង្អែក​ធំ​បំផុត​របស់​តៃវ៉ាន់​នៅពេលនេះ មានតែ​អាមេរិក​មួយ​ប៉ុណ្ណោះ​។ ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ដូណាល់ ត្រាំ អាមេរិក​ហ៊ាន​បង្ហាញ​ចំៗ​ពី​ការ​រឹតចំណង​ការទូត​ជាមួយ​តៃវ៉ាន់ និង​បាន​ព្រមព្រៀង​លក់​អាវុធ​ឲ្យទៅ​តៃវ៉ាន់​ផងដែរ​។ ប៉ុន្ដែ​ក៏ត្រូវ​ចិន​គំរាម​មិនតិច​ដង ចំពោះ​ទង្វើ​ខុសពី​គោលការណ៍​ចិន​តែមួយ​នេះ​។ 

ជារួម ផ្លូវ​សម្រាប់​តៃវ៉ាន់​ត្រូវ​ដើរ មានតែ​សម្រប​ខ្លួន​ជាមួយ​ចិន​ខ្លះ ដើរ​ដោយ​ខ្លួនឯង​ខ្លះ​។ ការដឹកនាំ​នៅ​តៃវ៉ាន់​អាច​ដំណើរការ​ទៅ​ល្អ​បាន អាស្រ័យ​លើ​មេដឹកនាំ​ចេះ​ប្រើ​យុទ្ធសាស្ដ្រ មិន​ប្រឆាំង​ចិន​ដាច់ខាត ហើយក៏​មិន​គោរព​តាម​ទាំងស្រុង ធ្វើ​យ៉ាងណាឲ្យ​ប្រជាជន​តៃវ៉ាន់​ទទួលយកបាន និង​ធ្វើឲ្យ​ចិន​នៅ​ស្ងប់ចិត្ដ កុំឲ្យ​គិតថា​តៃវ៉ាន់​ចង់​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ទៀត​។ ប្រើ​វិធិ​សាស្ដ្រ​ការទូត​ប្រឆាំង​ចិន តៃវ៉ាន់​ទំនង​មិនអាច​យកឈ្នះ​ចិន​បានទេ ព្រោះ​មាន​ប្រទេស​តិចតួច​ណាស់​ដែល​ឈរ​ខាង​តៃវ៉ាន់​។ គិតពី​កម្លាំងយោធា តៃវ៉ាន់​ក៏​មិនអាច​យកឈ្នះ​ចិន​បានដែរ ដ្បិត​តៃវ៉ាន់​មាន​អាវុធ​ធុន​ធ្ងន់ មាន​កម្លាំងយោធា ប៉ុន្ដែ​បើ​សម្លឹងមើល​យោធា​ចិន​វិញ មាន​ទំហំ​ធំ​ជាង​តៃវ៉ាន់​ឆ្ងាយ​ណាស់​។ ហេតុនេះ ការចង់​យកឈ្នះ​ប្រទេស​ចិន​ក្លាយជា​រដ្ឋ​ឯករាជ្យ តៃវ៉ាន់​មាន​​ក្ដីសង្ឃឹម​តិច​បំផុត ផ្ទុយទៅវិញ​នឹង​ធ្វើឲ្យ​តៃ​វ៉ាន់រង​សម្ពាធ​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត