ប្រធាន​ធនាគារពិភពលោកប្រកាស​លាលែង​ពី​តំណែង​

08-01-2019 2:26 pm 779
លោក​Jim Yong Kim

​លោក​Jim Yong Kim ប្រធាន​ធនាគារពិភពលោក បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា​លោក​នឹង​លាលែង​ពី​តំណែង នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខ​នេះហើយ​។ លោក​បាន​ឈប់​មុន​អាណត្តិ​រហូតដល់​ទៅ​ជាង​៣​ឆ្នាំ (១​អាណត្តិ​មាន​រយៈពេល​៥​ឆ្នាំ )​។ លោក Jim Yong Kim​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ពិតជា​កិត្ដិយសដ៏​ធំធេង​មួយ ក្នុង​ការធ្វើជា​ប្រធាន​នៃ​ស្ថាប័ន​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​ពោរពេញ​ទៅដោយ​មនុស្ស​ដែលមាន​ឆន្ទៈ ប្តេជ្ញាចិត្ត ដើម្បី​បេសកកម្ម បញ្ចប់​ភាពក្រីក្រ​។ ក្រោយ​លោក​Jim Yong Kim លាឈប់​ទៅ ធនាគារពិភពលោក​នឹង​តែងតាំង នាយក​ប្រតិបត្តិ​លោក Kristalina Georgieva ឲ្យបំពេញ​តួនាទី​ជា​ប្រធាន ធនាគារពិភពលោក​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក​J im Yong Kim ដើមកំណើត​កូរ៉េ សញ្ជាតិ​អាមេរិក បាន​ក្លាយជា​ប្រធាន​ធនាគារពិភពលោក កាលពី​ខែមករា​ឆ្នាំ​២០១២​។ ក្រោយពី​លាឈប់ ប្រធាន​ធនាគារពិភពលោក វ័យ​៥៩​ឆ្នាំ​រូបនេះ នឹងចូលរួម​ជាមួយ​ដៃគូ​សហការ ក្នុង​ស្ថាប័ន​មួយ​មិនទាន់​ដាក់ឈ្មោះ​នៅឡើយ ដែល​បំពេញការងារ ផ្តោតទៅលើ​ការវិនិយោគ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​។ សេចក្តីថ្លែងការណ៍​របស់​ធនាគារពិភពលោ​ក​ថា លោក​Jim Yong Kim នឹង​ត្រឡប់​ទៅ​បំពេញការងារ ក្នុង​អង្គការ  ផ្នែក​សុខភាព មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​លោក​បាន​បង្កើតឡើង​។​

​លោក​Jim Yong Kim មាន​ទស្សនវិស័យ វិនិយោគ​លើ​វិស័យ​ឯកជន​ជា​យូរ​មកហើយ លោក​ថា​វា​ដល់ពេល​ហើយ​សម្រាប់​លោក ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី ហើយ​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ពេញលេញ លើ​ការខិតខំ​ប្រឹងប្រែង ក្នុង​ការបង្កើន​ហិរញ្ញវត្ថុ​ឯកជន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​។​

ព័ត៌មានផ្សេងទៀត