ការធ្វើ​រដ្ឋប្រហារ៖រដ្ឋអាជ្ញា​តួ​ក​គីបញ្ជា​ឲ្យ​ចាប់ខ្លួន​ទាហាន​១០០​នាក់

07-01-2019 2:20 pm
  ស្តាប់
ស្តាប់ជាសំឡេង

​រហូត​មកដល់ពេលនេះ តួ​ក​គី​នៅតែ​បន្ត​ស្រាវជ្រាវ ដើម្បី​បោសសម្អាត​មនុស្ស​ដែល​សង្ស័យថា​ជា​បណ្តាញ​របស់​ចលនា​Gulen មិន​ថា​អ្នកនោះ​ជា​នរណា​ឡើយ គឺ​តួ​ក​គី​នឹង​កម្ចាត់​ចេញ​ទាំងអស់​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​តួ​ក​គី​Anadolu នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា រដ្ឋអាជ្ញា​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន​ទាហាន​រហូតដល់​ទៅ​១០០​នាក់ បន្ទាប់ពី​សង្ស័យថា ជា​បណ្តាញ​របស់​ចលនា​Fethullah Gulen​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​រកឃើញថា ក្រុម​ទាហាន​ទាំងនេះ មាន​ទំនាក់ទំនង​យ៉ាងសកម្ម តាម​ទូរស័ព្ទ ជាមួយ​សមាជិក​ក្រុម​បុព្វ​ជិត​Fethullah Gulen​។​

​តួ​ក​គី​បាន​ចោទ​លោក​Fethullah Gulen ដែល​បច្ចុប្បន្ន​រស់នៅ​អាមេរិក ថា​បាន​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​លោក Fethullah Gulen​បាន​បដិសេធ ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​។ ព្រឹត្តិការណ៍​រដ្ឋប្រហារ បណ្តា​លឲ្យមនុស្ស​២៥០​នាក់​ស្លាប់​។ ដោយឡែក មនុស្ស​ជាង​៧៧ ០០០​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខណៈដែល​មន្ត្រីរាជការ និង​បុគ្គលិក​ផ្សេងៗ​ចំនួន​១៥០ ០០០ នាក់​ត្រូវបាន​ផ្អាក ឬ​បញ្ឈប់​ពី​ការងារ​តែម្តង ដែលជា​ផ្នែក​មួយ​នៃ​ការ​បោសសម្អាត​ក្រោយ​រដ្ឋប្រហារ​។ ចាប់តាំងពី​ពេល​នោះមក ប៉ូលិស​នៅតែ​បន្ត​ប្រតិបត្តិការ បង្ក្រាប​លើ​មនុស្ស​សង្ស័យ ជា​បណ្តាញ នៃ​ចលនា​Fethullah Gulen មិនទាន់​បញ្ឈប់​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​សិទ្ធិមនុស្ស​និង​សម្ព័ន្ធមិត្ត​លោកខាងលិច របស់​ប្រទេស​តួ​ក​គី បាន​សម្តែង​ការព្រួយបារម្ភ លើ​ទំហំ​នៃ​ការបង្ក្រាប​នេះ​។ ពួកគេ​និយាយថា លោក​ប្រធានាធិបតី​តួ​ក​គី Tayyip Erdogan បាន​ប្រើប្រាស់​ហេតុការណ៍​ផ្តួលរំលំ​រដ្ឋាភិបាល មិនបាន​សម្រេច​នេះ ជា​លេស​ដើម្បី​បោសសម្អាត​ក្រុម ដែលមាន​និន្នាការ​ប្រឆាំងនឹង​គាត់​៕

ព័ត៌មានផ្សេងទៀត