រដ្ឋាភិបាល​៖​៧​មករា​ ជា​សច្ចៈ​ធម៌​​ប្រវត្តិសាស្ត្រ​ គ្មាន​កម្លាំង​ណា​​អាច​បំផ្លាញ​​បានឡើយ​​

07-01-2019 12:08 pm
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​យ៉ាង​មហោឡា​រឹក​ខួប​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា នៅថ្ងៃនេះ​។ ប្របុខរដ្ឋា​ភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន  បានចាត់ទុក​ទិវា ៧ មករា ជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា អាច​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ​។ លោក បាន​ថ្លែង​អរគុណ ដល់​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ជួយ​រំដោះប្រជាជន​កម្ពុជា ហើយ​លោក​ថា គុណូបការៈ​នេះ ត្រូវបាន​ចារឹក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់ទុក​ថ្ងៃទី ៧​មករា ១៩៧៩ គឺ​ថ្ងៃ​ដែល​វៀតណាម ចូលមក​ឈ្លានពាន និង​កាន់កាប់​កម្ពុជា​។ 

​ខណៈដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​យ៉ាង​មហោឡា​រឹក​ខួប​៤០​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា នៅ​ថ្ងៃទី​០៧ មករា ឆ្នាំ​២០១៩​នេះ ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជ័យជម្នះ​នេះ ជា​កំណើត​ទី​២ របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែល​បាន​រួចផុត​ពី​ការកាប់សម្លាប់​នៃ​របប​ប៉ុល ពត ដ៏​យង់ឃ្នង បែរជា​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់ទុក ការ​រម្លឹក ទិវា ៧ មករា ជាការ​រម្លឹក​ដល់​វៀត​ណា​ម​ដែល​ឈ្លានពាន​កម្ពុជា ហើយ​បដិសេធថា មិនមែនជា​ថ្ងៃកំណើត​ទី​២ ដូច​ការអះអាង​របស់​របប ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​

​លោក​ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា  ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស ន័​រវេស៍ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការ កាលពី​ថ្ងៃទី ៦ មករា ថា​ថ្ងៃទី ៧ មករា ១៩៧៩ គឺ​ថ្ងៃ​ដែល​វៀតណាម ចូលមក​ឈ្លានពាន និង​កាន់កាប់​កម្ពុជា​១០ ឆ្នាំ ដោយ​កម្លាំងយោធា​វៀតណាម និង​បាន​បញ្ជួន​ពលរដ្ឋ​របស់ខ្លួន ឲ្យមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា រាប់លាន​នាក់ ដែល​យើង​នៅតែ​ចាត់​ថា «​ជា​និគមជន​យួន​ខុសច្បាប់ នៅ​កម្ពុជា​» មកទល់​បច្ចុប្បន្ន​។​

​ប៉ុន្តែ​នៅក្នុង​សុន្ទរកថា​ចំនួន​១១​ទំព័​របស់លោក​ហ៊ុន សែន បាន​គូស​រំលេច​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍​។ លោក​លើក​បង្ហាញ​ពី​ការតស៊ូ​ពលី​កម្ម​សព្វបែបយ៉ាង របស់​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ក្នុង​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅ​ស្រោចស្រង់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​។ លោក​ហ៊ុន សែន ក៏បាន​លើក​បង្ហាញ​ពី​វឌ្ឍនភាព​ជាតិ​ក្នុង​រយៈពេល​៤០​ឆ្នាំកន្លងមក និង​បង្ហាញ​នូវ​ទស្សនៈ ចក្ខុវិស័យ​ដ៏​មុត​ស្រួច​ក្នុង​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ត្រើយ​វឌ្ឍនភាព និង​វិបុលភាព ត​ទៅមុខទៀត​។​

​លោក​ហ៊ុន សែន លើកឡើងថា ជ័យជម្នះ​៧ មករា បាន​សង្គ្រោះ​ទាន់ពេលវេលា​នូវ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​រាប់លាន់​នាក់ ដែល​រង់ចាំតែ​សេចក្តីស្លាប់ ហើយ​បាន​បិទ​នូវ​ទំព័រ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បាន​បើក​វិញ នូវ​សករាជ​ថ្មី គឺ​សករាជ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ជូន​ដល់​សង្គម​កម្ពុជា នូវ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង និង​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​ប្រទេស​កម្ពុជា យ៉ាង​ពិតប្រាកដ​។​

​លោក​ហ៊ុន សែន​អះអាងថា ថ្ងៃ​៧​មករា ជា​កំណើត​ទី​២ របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប បើ​គ្មាន​ជ័យជម្នះ​៧​មករា ក៏​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​។ លោក​ថា នេះ​ជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ​កម្លាំង​ណា អាច​បំភ្លៃ ឬ​បំផ្លាញ​បានឡើយ​។​យ៉ាង​នេះហើយ លោក​ហ៊ុន សែន បាន​ថ្លែង​ជា​ឧឡា​រឹក អរគុណ​ដល់​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ប្រជាជន​វៀតណាម ដែល​បាន​ជួយ​រំដោះប្រជាជន​កម្ពុជា ហើយ​លោក​ថា គុណូបការៈ​នេះ ត្រូវបាន​ចារឹក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​លោក​ហ៊ុន សែន ក៏បាន​ក្រើនរំលឹក​ដល់​បរទេសមួយ​ចំនួន ដែលមាន​បុរេនិច្ឆ័យ​មិន​ត្រឹមត្រូវ​ចំពោះ​កម្ពុជា ត្រូវ​ងាក​មក​ស្វែងយល់ឲ្យ​ច្បាស់​ពី​សភាពការណ៍​នៅ​កម្ពុជា ក៏ដូចជា​បំណង​របស់​ប្រជាជន​កម្ពុជា ហើយ​ចូលរួម​ប្រកបដោយ​ភាព​ស្ថាបនា និង​ឆន្ទៈ​ពិតៗ ដល់​ការពង្រឹង​សន្តិភាព និង​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា​។​

​ផ្ទុយ​ពី​លោក​ហ៊ុន សែន លោក​ម៉ែន ណាត​បែរជា​រិះគន់​ការ​ប្រារព្ធ​ទិវា​នេះ​។ លោក​ថា ពេលនេះ កម្ពុជា កំពុងមាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​, កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ត្រូវបាន​រំលោភបំពាន​ធ្ងន់ធ្ងរ​, ការរំលាយ​បក្សប្រឆាំង និង​ចាប់​ឃុំឃាំង​លោក​កឹម សុខា ជា​មេដឹកនាំ​បក្សប្រឆាំង​យ៉ាង​អយុត្តិធម៌ បែរជា​លោក​ហ៊ុន សែន ធ្វើ​ពិធី​រំលឹក​ខួប ៤០ ឆ្នាំ​រួមគ្នា​ជាមួយ វៀតណាម ហៅថា​ទិវា ៧ មករា យ៉ាង​សប្បាយ ភ្ជាប់​ជាមួយ​គុណបំណាច និង​សមិទ្ធផល​នានា​ដែល វៀតណាម ជួយ​លើក​បន្តុប លោក​ហេង សំរិន និង ហ៊ុន សែន ជាដើម ដែល​មានចំណេះដឹង​បន្តិចបន្តួច ឡើង​កាន់អំណាច រហូតមកទល់​សព្វថ្ងៃ ដែល​លោក​ម៉ែន ណាត​ហៅថា​ជា​ក្រុមខ្មែរក្រហម​ថ្មី​។​

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់ទុកថា ទិវា ៧ មករា មិនមែនជា​ថ្ងៃកំណើត​ទី​២ ដូច​ការអះអាង​របស់​របប ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ថ្ងៃទី ៧ មករា ១៩៧៩ គឺ​ថ្ងៃ​ដែល​វៀតណាម ចូលមក​ឈ្លានពាន និង​កាន់កាប់​កម្ពុជា​១០​ឆ្នាំ​ដោយ​កម្លាំងយោធា​វៀតណាម ដែល​ផ្ទុយ​នឹង​ច្បាប់​។ ជាមួយគ្នា​នោះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មើលឃើញថា វៀតណាម បាន​បញ្ជួន​ពលរដ្ឋ​របស់ខ្លួន ឲ្យមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា រាប់លាន​នាក់ ដែល​យើង​នៅតែ​ចាត់​ថា «​ជា​និគមជន​យួន​ខុសច្បាប់ នៅ​កម្ពុជា​» មកទល់​បច្ចុប្បន្ន​។​

​ក្នុងអំឡុងពេល​វៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា ១០​ឆ្នាំ (១៩៧៩-១៩៨៩) ត្រូវបាន​អង្គការសហប្រជាជាតិ (UN) និង​សហគមន៍​អន្តរជាតិ​នានា ចាត់ទុកថា «​វៀតណាម ឈ្លានពាន​ប្រទេស​កម្ពុជា​» ផងដែរ​។ ពេលនោះ វៀតណាម បាន​បង្ខំ​ឲ្យ​របបលោកហ៊ុន សែន ធ្វើ​នៅ​សន្ឋិសញ្ញា កិច្ចព្រមព្រៀង និង ឯកសារ​ខុសច្បាប់​ជាច្រើន ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លានពាន​កម្ពុជា ដូចជា​ព្រំដែន​ទឹក​, ការកំណត់​ព្រំដែន​គោក​ជាថ្មី និង​ប្រជុំ កោះត្រល់ ផង​ទៀត​។​នេះ ជា​ការបញ្ជាក់ របស់លោក​ម៉ែន ណាត នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​ប៉ុន្តែ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​បន្ថែមលើ​ការលើកឡើង​របស់លោក​ហ៊ុន សែន ដោយ​លោក​បាន​ថ្លែង​ការពារ​ស្មារតី​៧​មករា និង​ចាត់ទុក​អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧​មករា ដែលជា​ថ្ងៃ​រំដោះ​ប្រទេសជាតិ ចេញពី​បន​ប្រល័យពូជសាសន៍​នោះ គឺជា​អ្នក​ដែល​គាំទ្រ​ពួក​ខ្មែរក្រហម​ឲ្យ​កាប់ស​ម្លាប់ជីវិត​ពូជសាសន៍​ខ្មែរ ហើយ​ប្រឆាំងនឹង​ការរស់រានមានជីវិត របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​ផ្ទៃ​នគរ​។​

​លោក​ថា អ្នក​វាយប្រហារ​ចំពោះ ការ​ប្រារព្ធ​ខួប​អបអរសាទរ ៧ មករា ថា​ជា​ថ្ងៃ​កងទ័ព​វៀតណាម​ឈ្លានពាន​កម្ពុជា ដែល​ទង្វើ​នេះ ខុស​នឹង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ព្រោះ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​រំដោះ​ប្រទេសជាតិ ចេញពី​ពួក​ខ្មែរក្រហម​ដែល​សម្លាប់​រង្គាល គ្មាន​ត្រាប្រណីយ​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត