ក្សត្រ​ម៉ាឡេស៊ី​ដាក់រាជ្យ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាមអភិសេក​ជាមួយ​អតីត​បវរកញ្ញា​

07-01-2019 11:45 am
ព្រះមហាក្សត្រ​Sultan Muhammad Vនិងរូបថតគង់លើកៅអីជាមួយអតីត​បវរកញ្ញា​ក្រុង​មូ​ស្គូOksana Voevodina

​លែងមាន​មន្ទិលសង្ស័យ​អ្វី​តទៅ​ទៀតហើយ ពី​ពាក្យ​ចចាមអារ៉ាម​នៃ​ការដាក់​រាជ្យសម្បត្តិ របស់​ព្រះមហាក្សត្រ ម៉ាឡេស៊ី​ព្រះនាម Sultan Muhammad V ក្រោយពី​មាន​ការប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៩​។ ព្រះមហាក្សត្រ​Sultan Muhammad V បានប្រកាស​ដាក់រាជ្យ​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ របស់​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃអាទិត្យ ទី​៦ ខែ​មករា ឆ្នាំ​២០១៩ បន្ទាប់ពី​គ្រង​រាជបល្ល័ង្ក​រយៈពេល​២​ឆ្នាំ ចាប់ពី​ខែធ្នូ​ឆ្នាំ​២០១៦​ដល់​ខែមករា​ឆ្នាំ​២០១៩​។ ព្រះមហាក្សត្រ​Sultan Muhammad V មិន​បានបញ្ជាក់​មូលហេតុ​នៃ​ការដាក់រាជ្យ​សម្បត្តិ​ឡើយ ហើយ​នេះ​ជា​រឿង​ដ៏​កម្រ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ាឡេស៊ី​។ 

​នៅក្នុង​លិខិត​ដាក់​រាជ្យសម្បត្តិ ព្រះមហាក្សត្រ​Sultan Muhammad V បាន​សម្តែង​នូវ​ការកោតសរសើរ​ផងដែរ ដល់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad និង​រដ្ឋាភិបាល សម្រាប់​កិច្ចសហប្រតិបត្តិការ នៅក្នុង​ការគ្រប់គ្រង​ប្រទេស​។ ព្រះអង្គ​សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ នឹង​បន្ត​មាន​សាមគ្គីភាព ការពារ​អធិបតេយ្យភាព​របស់​ប្រទេស ដើម្បី​រក្សា​សន្តិភាព​និង​សុខដុមរមនា​ក្នុងប្រទេស​ទាំងមូល​។​

​ម៉ាឡេស៊ី​នឹង​រៀបចំ ការជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី នៅក្នុង​រយៈពេល​៤​សប្តាហ៍ រាប់​ចាប់តាំងពី​ថ្ងៃ​ដែល ព្រះមហាក្សត្រ​Sultan Muhammad V ដាក់រាជ្យ​។ បន្ទាប់ពី​ដាក់រាជ្យ អតីតព្រះមហាក្សត្រ​Sultan Muhammad V​នឹង​ត្រឡប់​ទៅ​អភិវឌ្ឍ​រដ្ឋ​ភាគ​អាគ្នេយ៍ Kelantan ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​។ 

​គួរ​កត់សំគាល់ថា កាលពីដើម​សប្តាហ៍​នេះ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តបាន​ចុះផ្សាយ​ពី​ដំណឹង​នៃ​ការដាក់​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ម៉ាឡេស៊ី​។ ប៉ុន្តែ​កាលនោះ លោក Mahathir ថា លោក​មិន​បានទទួល​លិខិត​ជា​ផ្លូវការ ដែល​បញ្ជាក់​ពី​ការដាក់រាជ្យ​របស់​ព្រះមហាក្សត្រ​ឡើយ​។ ព្រះមហាក្សត្រ​Sultan Muhammad V បាន​ដាក់រាជ្យ ក្រោយ​សារព័ត៌មាន​អន​ឡាយ បាន​ចុះផ្សាយ​ថា ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ អតីត​បវរកញ្ញា​ក្រុង​មូ​ស្គូ ឈ្មោះ Oksana Voevodina នៅ​ជាយក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ដំណឹង​រៀប​អភិសេក​នេះ នៅតែ​ពុំមាន​ការបញ្ជាក់​ជា​ផ្លូវ​ការណ៍ បើទោះបី​មាន​រូបថត​រៀប​អភិ​សេក រវាង​ព្រះមហាក្សត្រ​Sultan Muhammad V​ព្រះជន្ម​៤៩​ឆ្នាំ និង​អតីត​បវរកញ្ញា​រុស្ស៊ី​វ័យ ២៥​ឆ្នាំ នៅតាម​ប្រព័ន្ធ​អន​ឡាញ​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត