មន្ត្រី​ពាណិជ្ជកម្ម​អាមេរិកកំពុង​ស្ថិតក្នុង​ក្រុង​ប៉េកាំងដើម្បី​ចរចា​ជាមួយ​មន្ត្រី​ចិន​

07-01-2019 10:02 am
  ស្តាប់
ដំណាងក្រុមចរចាអាមេរិកដឹកនាំដោយលោកJeffrey Gerrishអនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម
ស្តាប់ជាសំឡេង

​ដូច​ការគ្រោងទុក តំណាង​ក្រុម​ចរចា​អាមេរិក​និង​ចិន បានចាប់ផ្តើម​ការពិភាក្សា ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយគ្នា​ហើយ នៅ​ថ្ងៃ​ចន្ទ​ទី​៧​មករា​ឆ្នាំ​២០១៩​នេះ ក្នុងប្រទេស​ចិន​។ តំណាង​ក្រុម​ចរចា​អាមេរិក ដឹកនាំដោយ​លោក Jeffrey Gerrish អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ ហើយមន្រ្តីផ្សេងទៀតដែលចូលរួមក្នុងកិច្ចចរចានេះដែររួមមាន មន្ត្រី​រតនាគារ​និង​មន្ត្រី​នៃ​នាយកដ្ឋាន​កសិកម្ម​និង​ថាមពល​អាមេរិក កំពុង​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ នៅ​ថ្ងៃ​ចន្ទ​ទី​៧​មករា​ឆ្នាំ​២០១៩ គេ​ឃើញ​លោក Jeffrey Gerrish បាន​ធ្វើដំណើរ​ចាកចេញ​ពី​សណ្ឋាគា​រមួយ ស្ថិតក្នុង​ទីក្រុង​ប៉េកាំង នៅពេលនោះ​អ្នកកាសែត​បាន​ព្យាយាម​តាម សម្ភាសន៍​លោក​ដែរ ប៉ុន្តែ​អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​រូបនេះ មិន​បានផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកកា​សែត​ឡើយ​។​

​ជំនួប​ចរចា​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម រវាង​មន្ត្រី​អាមេរិក​និង​ចិន​ដែល​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧​ដល់​៨​មករា​ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន បាន​ជួប​ពិភាក្សាបើកផ្លូវ នា​កាលពី​ឆ្នាំមុន ក្នុង​កិច្ចប្រជុំ​G20​នៅ​ប្រទេស​អា​ហ្សង់​ទីន​។ កាលនោះ លោក​ត្រាំ​និង​លោក​ស៊ី បាល​ព្រមព្រៀង​ផ្អាក តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទាំងសងខាង​បណ្តោះអាសន្ន និង​បានកំណត់​រយៈពេល​៩០​ថ្ងៃ ដើម្បី​ទុក​ឱកាស​ឲ្យ​តំណាង​ក្រុម​ចរចា​ទាំងពីរ ជួបពិភាក្សា បញ្ចប់​វិបត្តិ​ពាណិជ្ជកម្ម​។ 

​កាលបរិច្ឆេទ​ផ្អាក​ដំឡើង​ពន្ធ​បណ្ដោះអាសន្ន​នេះ មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​០១​ធ្នូ​ឆ្នាំ​២០១៨ ហើយ​បើ​ចន្លោះ​ពេលនេះ នៅតែ​ដោះស្រាយ​មិន​ចេញ​ទៀត អាមេរិក​នឹង​ដំណើរការ​វិធានការ ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជាថ្មី​។ ចំណែក​ចិន​ក៏​អាច​នឹង​សងសឹក ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​វិញ ដូច​បានធ្វើ​កន្លងមក​ដែរ​។ យ៉ាងណា លោក​ដូណាល់ ត្រាំ​កាលពី​សប្តាហ៍​មុន បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា តំណាង​ក្រុម​ចរចា​ទាំងពីរ នឹង​អាច​ពិភាក្សា ដោះស្រាយ​បញ្ហា​នេះ​បាន ព្រមទាំង​អាច​ស្វែងរក​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ជាមួយគ្នា​បាន​ទៀតផង​៕

ព័ត៌មានផ្សេងទៀត