រុស្ស៊ី​ឲ្យ​អាមេរិក​បញ្ជាក់​ពី​ការចាប់​ពលរដ្ឋ​ខ្លួន ខណៈ​ពលរដ្ឋ​អាមេរិក​កំពុង​ស្ថិតក្នុង​ដៃ​រុស្ស៊ី​

06-01-2019 3:26 pm 1272
  ស្តាប់
ទង់ជាតិអាមេរិកនៅខាងស្តាំទង់ជាតិរុស្ស៊ី
ស្តាប់ជាសំឡេង

​លោក Dmitry Makarenko ជនជាតិ​រុស្ស៊ី ត្រូវបាន​ទីភ្នាក់ងារ​FBI​អាមេរិក ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​Saipan ដែលជា​កោះ​មួយ​ស្ថិតនៅ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។ ក្រោយមក​លោក Makarenko ត្រូវបាន​បញ្ជូន​មកកាន់​រដ្ឋ​ហ្ល​រី​ដាវិញ​។ នេះ​បើតាម​ក្រសួងការបរទេស​រុស្ស៊ី និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​។ 

​បើតាម​រុស្ស៊ី​ថា អាមេរិក មិនបាន​ជូនដំណឹង​ពី​ការចាប់​ពលរដ្ឋ​របស់​ខ្លួន​ម្នាក់នេះ​ទាល់តែសោះ​។ អ្វីដែល​រុស្ស៊ី​បានដឹង​ទាំង​អំបាល​ម៉ាន គឺជា​ការរៀបរាប់​ប្រាប់​ពី​ក្រុមគ្រួសា​រលោក Makarenko​ទៅវិញ​ទេ​។ នៅ​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៩ ក្រសួងការបរទេស​រុស្ស៊ី បានទាមទារ​ឲ្យ​ទីភ្នាក់ងារ​FBI​អាមេរិក ពន្យល់​ពី​ការចាប់​ពលរដ្ឋ​របស់​ខ្លួន​រូបនេះ ឲ្យបាន​ច្បាស់លាស់​។​

​ទន្ទឹមនឹងនោះ រុស្ស៊ី​ក៏បាន​និយាយ​ផងដែរ អំពី ពលរដ្ឋ​អាមេរិក​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​រុស្ស៊ី ថា​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់ ដាក់​ទោសទណ្ឌ​តាម​ផ្លូវច្បាប់​។ លោក Paul Whelan ជា​មន្ត្រី​សន្តិសុខ​នៅ​ក្រុមហ៊ុន​គ្រឿងបន្លាស់​រថយន្ត​មួយ និង​ជា​អតីត​កងទ័ពជើងទឹក​អាមេរិក ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨ ក្រោយ​សង្ស័យថា បានធ្វើ​ចារកម្ម រំលោភ​លើ​ច្បាប់​របស់​រុស្ស៊ី​។ យ៉ាងណា មកទល់នឹង​ពេលនេះ មិនទាន់មាន​ការចោទប្រកាន់ លើ​ពលរដ្ឋ​អាមេរិក​ម្នាក់​នោះ ពីបទ​អ្វី​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​ទេ​។​

​អ្នក​អង្កេត​ការណ៍​ជឿជាក់ថា ការចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ដោយ​អាជ្ញាធរ​រុស្ស៊ី គឺជា​ការ​សងសឹក​ទៅនឹង​អាមេរិក ដែល​កាលពី​ឆ្នាំមុន បាន​ចាប់ខ្លួន​ពលរដ្ឋ​រុស្ស៊ី​ម្នាក់​ឈ្មោះ​Maria Butina ក្រោម​ការ​ចោទថា ចូល​ធ្វើជា​ភ្នាក់ងារ​ឲ្យ​រុស្ស៊ី ដោយ​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​អាមេរិក​។ អ្នកវិភាគ​វិញ​បាន​ប៉ាន់ស្មាន​ថា រុស្ស៊ី​ទំនង​នឹង​យល់ព្រម​ដោះលែង​លោក Paul Whelan ជា​ថ្នូរ​នឹង​ការដោះលែង​អ្នកស្រី Maria Butina ឬក៏​ពលរដ្ឋ​របស់ខ្លួន​ដ៏ទៃទៀត ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​អាជ្ញាធរ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត