មនុស្ស​ស្លាប់ដោយសារ​ព្យុះ​វាយប្រហារនៅ​ហ្វីលីពីនកើន​ដល់​១២៦​នាក់​

06-01-2019 12:43 pm 938

​អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយ នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៩​នេះ​ថា មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​វាយប្រហារ នៅ​ប្រទេស​ហ្វីលីពីន បាន​កើនឡើង​ដល់​១២៦​នាក់​ហើយ​។ ចំណែក​មនុស្ស​៧៥​នាក់​ផ្សេងទៀត​រងរបួស និង​មនុស្ស​ចំនួន​ជាង​១៥២ ០០០​នាក់​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ 

​ព្យុះ​បាន​វាយប្រហារ​លើ​កោះ ស្ថិតនៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ហ្វីលីពីន កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​។ ព្យុះ​នេះ បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ បណ្តាលឲ្យមាន​ការ​រអិល​បាក់ដី បង្ក​ជា​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​។ នៅ​ក្នុងនោះ គ្រាន់តែ​មនុស្ស​ស្លាប់ នៅ​តំបន់ភ្នំ Bicol​និង​ភាគ​អាគ្នេយ៍​ទីក្រុង​ម៉ានីល មាន​ចំនួន​ជាង​១០០​នាក់​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ហ្វីលីពីន​តែង​រង​នូវ​ការវាយប្រហារ ដោយ​ខ្យល់ព្យុះ​កំណាច​ទី​ហ្វុង​ចំនួន​២០ និង​សម្លាប់​មនុស្ស​ខ្ទង់រយ​នាក់​ឯណោះ​។ នៅ​ក្នុងនោះដែរ ព្យុះ​ទី​ហ្វុង​ហៃ​យ៉ាន បាន​វាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺចំនួន​ជាង ៧ ៣៦០​នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន នៅ​ទូទាំងប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ ២០១៣៕

ព័ត៌មានផ្សេងទៀត