៤០​ឆ្នាំ​ហើយ​ ថ្ងៃ​ជ័យជម្នះ​​៧​មករា​ នៅតែ​​ចម្រូងចម្រាស​​

06-01-2019 11:28 am
  ស្តាប់
ស្តាប់ជាសំឡេង

​គិត​មកដល់​ថ្ងៃទី​០៧ មករា ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​៤០​ឆ្នាំ គត់​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​ថ្ងៃ​ដែល​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដោយមាន​ការជួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ ពលរដ្ឋ​ខ្មែរ​ប្រសិទ្ធ​នាម​ថា ជា​វាលពិឃាត​ដ៏​ខ្មៅ​ងងឹត​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។ ដូច្នឹង​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ទិវា​នេះ​ជា​សមិទ្ធផល ដ៏​ត្រចះត្រចង់ របស់ខ្លួន​។ ឯ​ក្រុមប្រឆាំង ថា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជា​ឆាកល្ខោន ដែល​វៀតណាម​បានរៀបចំ​ទាំងអស់​។​

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​ក្នុង​ពិធី​អបអរសាទរ​ខួប ៤០​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី​០៧ មករា ឆ្នាំ​២០១៩ នេះ​។​

​គណបក្សកាន់អំណាច ចាត់ទុក​ជ័យជម្នះ ៧ មករា ថ្ងៃ​ដែល​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជា​របប​ដែល​ប្រជាពលរដ្ឋ​ប្រសិទ្ធ​នាម​ជា​វាលពិឃាត​ដ៏​ខ្មៅ​ងងឹត​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​ធ្វើឲ្យ​ជាតិ​កម្ពុជា​ត្រូវ​លិចលង់ រង​ការបំផ្លិចបំផ្លាញ​សព្វបែបយ៉ាង​។ ហើយ​ជ័យជម្នះ លើ​របប​នេះ ជា​សមិទ្ធផល ដ៏​ត្រចះត្រចង់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គិត​មកដល់ពេលនេះ គឺ​៤០​ហើយ ដែល​កម្ពុជា រំដោះ​ចេញពី​របប​មួយ​នេះ​។ កម្ពុជា​បានប្រែក្លាយ​ទៅជា​ប្រទេស​មានមុខមាត់​ថ្មី​តាមរយៈ​ការអភិវឌ្ឍ​ជា​ជំ​ហ៊ាន និង​បាន​សាង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ​ជាថ្មី​ផងដែរ​។ កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​មាន​ប្រជាពលរដ្ឋ​ត្រឹម ៥​លាន​នាក់ មកជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៦​លាន​នាក់​, ពី​ប្រទេស​គ្មាន​ចំណូល​សេដ្ឋកិច្ចជាតិ ក្លាយជា​ប្រទេស​មាន​ចំណូល​សេដ្ឋកិច្ច​ជាង ២៤​ពាន់​លាន​ដុល្លារ​។​

​កម្ពុជា ដែល​ធ្លាប់តែ​គ្មាន​ការដោះដូរ​ពាណិជ្ជកម្ម ក្លាយជា​ប្រទេស​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ២៥​ពាន់​លាន​ដុល្លារ ជាមួយ​ការនាំចេញ​ជាង ១២​ពាន់​លាន​ដុល្លារ​, ប្រទេស​គ្មាន​ការវិនិយោគ​ពី​ខាងក្រៅ មកជា​ប្រទេស​មាន​ទំហំ​វិនិយោគ​ពី​ខាងក្រៅ​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ កម្ពុជា ដែល​ធ្លាប់​គ្មាន​អ្នកទេសចរ ក្លាយជា​ប្រទេស​ស្វាគមន៍​អ្នកទេសចរ​ជាង ៦​លាន​នាក់​ក្នុង​មួយឆ្នាំ​។ កម្ពុជា ដែល​ធ្លាប់តែ​ជា​ប្រទេស​ឯកោ ក្លាយជា​ប្រទេស​ធ្វើ​សមាហរណកម្ម​យ៉ាងសកម្ម​ទៅក្នុង​ពិភពលោក មាន​សិទ្ធិ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ និង​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ផងដែរ​។​

​ប្រវត្តិ​ត្រួសៗ ទាក់ទង ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩៖

​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​កោះសន្តិភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ក្រោម​ការដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បានចាប់ផ្តើម​ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម​ពេញទំហឹង​បន្ទាប់ពី​ពួក លន់ នល់ ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០​។​

​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ របប​សាធារណរដ្ឋ​ខ្មែរ លន់ នល់ ត្រូវបាន​ផ្តួលរំលំ ដោយ​ពួក​ខ្មែរក្រហម ដឹកនាំ​ដោយ​ប៉ុល ពត​។ ពេលនោះ​ប្រជាជន​កម្ពុជា​សង្ឃឹមថា នឹង​បាន​រស់នៅក្នុង​សុខសន្តិភាព ហើយ​ចាប់ផ្តើម​ស្តារ និង​កសាង​ទឹកដី​របស់ខ្លួន​ឡើងវិញ ប៉ុន្តែ​ពួក​ប៉ុល ពត បាន​បង្កើត​របប​មួយ​ឈ្មោះថា​«​កម្ពុជា​ប្រជាធិបតេយ្យ​» បែរជា​អនុវត្ត​នយោបាយ​ប្រល័យ​ពូជ​សាស​សន៍ ដ៏​យង់ឃ្នង​បំផុត ពុំ​ធ្លាប់មាន ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ ធ្វើឱ្យ​ទឹកដី​កម្ពុជា​ទាំងមូល ក្លាយជា​គុក​ឥត​ជញ្ជាំង និង​ជា​វាលពិឃាត​។​

​នៅក្នុង​កាលៈទេសៈ​នៃ​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់ បាន​ផ្តាច់ខ្លួន​ចេញពី​របប​ប៉ុល ពត ដើម្បី​ធ្វើ​ការតស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ដ៏​យង់ឃ្នង​នេះ​។ ក្នុង​ដំណើរ​ឆ្ពោះទៅ​ការសង្គ្រោះ​ជាតិ ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ លោក​ហ៊ុន សែន បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុង​ការតស៊ូ​ដំ​ដោះ​ជាតិ​។ នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​១៩៧៨ កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា ជា​កម្លាំង​រៀបចំ​ដំបូង​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៧៨ រួម​ជា​ជាមួយ​ប្រជាជន​នៅ​ភូមិភាគ​បូ​ព៌ា ក្រោម​ការដឹកនាំ​របស់ លោក​ហេង សំរិន និង លោក​ជា ស៊ីម បាន​ក្រោកឈរ​ប្រឆាំង នឹង​របប​ប៉ុល ពត ហើយក៏​មាន​ចលនា​តស៊ូ​ប្រឆាំង​ប៉ុល ពត និង​ចលនា មួយទៀត​នៅ​ខេត្ត​កោះកុង នា​ឦសាន​ទិស និង​ចលនា​ផ្សេងៗ​ទៀត ជាច្រើន​រួមគ្នា​។​

ផ្តើម​ពី​ចលនា​ទាំងនេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃទី ២ ធ្នូ ឆ្នាំ​១៩៧៨ ដឹកនាំ​ដោយ លោក​ហេង សំរិន លោក​ជា ស៊ីម លោក​ហ៊ុន សែន និង​ឥស្សរជន​ចំនួន​១១​រូប​ទៀត ដែលជា​អង្គការ​ចាត់តាំង​នយោបាយ​តែមួយគត់​របស់​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ការតស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា រួមទាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​សម្រេចបាន​មហា​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ស្លោ​កថា​« ថ្ងៃ​ជ័យជម្នះ​៧​មករា គឺជា​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​» និង​ថា​«​មាន​ជ័យជម្នះ ៧ មករា ទើប​ប្រជាជន​កម្ពុជា​មាន​អ្វីៗ​សព្វ​យ៉ាង​នៅថ្ងៃនេះ​»​។​

​តែ​លោក​ហង្ស ពិ​ទូ អ្នកវិភាគ​វ័យក្មេង និយាយថា ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម​ចូលមក​រំដោះ​ខ្មែរ​ពី​របប​ប្រល័យពូជសាសន៍​របស់​ពួក​ខ្មែរក្រហម ប៉ុន្តែ​លោក​ចោទ​សួរថា បើ​គ្មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣​តុលា ឆ្នាំ​១៩៩១ ជា​អ្នក​ចាប់បង្ខំ​វៀតណាម​ឲ្យចេញ​ពីដី​ខ្មែរ​ទេ តើ​វៀតណាម​ព្រម​ចេញ​ឬទេ​?

យ៉ាងនេះក្តីក្រុមប្រឆាំង មិនយល់ដូចគណបក្សប្រជាជនកម្ពុជាទេ ក្រុម​នេះ លើកឡើងថា ៧​មករា ១៩៧៩ បើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ បញ្ជាក់ថា កងទ័ព​វៀតណាម​បាន​ចូលមក​ឈ្លានពាន​កម្ពុជា តាំងពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មកម្ល៉េះ ហើយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​កងទ័ព​វៀតណាម​បង្កើត​រដ្ឋាភិបាល សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏ប៉ុន្តែ​អន្តរជាតិ​មិនបាន​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់​តំណាងឲ្យ​កម្ពុជា​នោះទេ​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា ៧ មករា មួយផ្នែក​គឺជា​ថ្ងៃ​រំដោះ​ប្រទេសជាតិ​ចេញពី​កណ្ដាប់ដៃ​ខ្មែរក្រហម តែមួយ​ផ្នែក​ទៀត ថា​ជា​ថ្ងៃ​ដែល​វៀតណាម​ចូលលុកលុយ​លើ​ទឹកដី​ប្រទេស​កម្ពុជា ហើយ​អង្គការសហប្រជាជាតិ​ក៏​មិនបាន​ទទួលស្គាល់​រដ្ឋាភិបាល ដែល​បន្តុប​ឡើង​ដោយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ១៩៧៩ ផងដែរ​។​

​ឯ​លោក​សម រង្ស៊ី ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស ធ្លាប់បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជា​ឆាកល្ខោន​ដែល​វៀតណាម​បានរៀបចំ​ទាំងអស់​។​

​លោក​ថា «​គេ​មក​រំដោះ​យើង​ពី​ខ្មែរក្រហម តែបើ​អត់​មាន​យួន​កុម្មុយនីស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។ ឥឡូវនេះ​គេ​ថាបើ​គ្មាន​ថ្ងៃ​៧​មករា ១៩៧៩ ក៏​គ្មានអ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។ តែបើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ (​គឺ​ថ្ងៃ​ដែល​ខ្មែរក្រហម​ឡើង​កាន់អំណាច​) ក៏​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ដែរ ហើយ​បើ​គ្មាន​ពួក​យួន​កុម្មុយនីស្ដ​ជួយ​ពួក​ខ្មែរក្រហម​នៅ​ដើម​ទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ ដែរ​។ ដូច្នេះ​មួយផ្នែកធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត ៥០ ឆ្នាំ​កន្លងមកនេះ គឺមាន​ការរៀបចំ​យ៉ាងសកម្ម​ដោយ​យួន​កុម្មុយនីស្ដ ដើម្បី​លេប​ត្របាក់​ទឹកដី​កម្ពុជា និង​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​»៕

ព័ត៌មានផ្សេងទៀត