Huawei​​ពិន័យ​បុគ្គលិក​​យ៉ាងធ្ងន់ធ្ងរ​​ករណី​ប្រើ​​ទូរស័ព្ទ​iPhone​​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី​

05-01-2019 9:39 am 6078
រូបភាពបុគ្គលិកក្រុមហ៊ុនHuawei

​បុគ្គលិក​ក្រុមហ៊ុន​Huawei​ពីររូប​ត្រូវ​ទទួលពិន័យ​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩​នៅលើ​គណនី​Twitter​ក្រុមហ៊ុន ដោយ​ប្រើប្រាស់​ទូរស័ព្ទ​iPhone​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់​ក្រុមហ៊ុន​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​ររបស់​អង់គ្លេស បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​ដកស្រង់​នូវ​សេចក្ដីជូនដំណឹង​ផ្ទៃក្នុង​មួយ​របស់​ក្រុមហ៊ុន​Huawei​ថា បុគ្គលិក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ញើ​សារ​នៅលើ​Twitter​ក្រុមហ៊ុន ត្រូវបាន​ទម្លាក់​មុខតំណែង​ហើយ​អាច​ត្រូវ​កាត់បន្ថយ​ប្រាក់ខែ​ផងដែរ​។ 

​ចំពោះ​សារ​ដែល​បាន​បង្ហោះ​នៅលើ​គណនី​Twitter​ក្រុមហ៊ុន​Huawei ក៏​ត្រូវបាន​លុបចោល​ភ្លាមៗ ប៉ុន្ដែ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ចែកចាយ​បន្ដ​យ៉ាង​ព្រោងព្រាត​ទៅហើយ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ចិន​បាន​ព្យាយាម​ណែនាំ​ឲ្យ​បុគ្គលិក ងាក​ទៅ​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​Huawei​វិញ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​ក្រុមហ៊ុន​Apple ដែលជា​គូប្រជែង​របស់​ចិន​។ ការព្យាយាម​ធ្វើ​ដូច្នេះ បន្ទាប់ពី​អាមេរិក​បញ្ជា​ឲ្យ​កាណាដា​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei អ្នកស្រី​Meng Wanzhou​កាលពីដើម​ខែធ្នូ​ឆ្នាំមុន​។ កាលពី​ឆ្នាំមុន ក្រុមហ៊ុន​Huawei​បាន​វ៉ា​ដាច់​ក្រុមហ៊ុន​Apple​របស់​អាមេរិក លើ​ចំនួន​ទូរស័ព្ទ​ដែល​បាន​នាំ​ចេញទៅ​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត