យានអវកាស​​ចិន​​ចុះចត​​ដោយ​ជោគជ័យ​​លើកដំបូង​​លើ​ផ្នែក​ងងឹត​មួយ​​នៃ​ភព​ព្រះ​ចន្ទ​

04-01-2019 9:27 am 6181
រូបភាពយានអវកាសចិនដែលចុះចតនៅលើភពព្រះចន្ទ

យានអវកាស​ចិន​ឈ្មោះ​Chang'e-4 បាន​ចុះចត​ដោយ​ជោគជ័យ​នៅលើ​ភព​ព្រះ​ចន្ទ កាលពី​ម៉ោង​១០​និង​២៦​នាទី​ព្រឹក​ម៉ោង​នៅ​ប្រទេស​ចិន ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ យានអវកាស​នេះ​បាន​ចុះចត​លើកដំបូង នៅ​តំបន់​ងងឹត​ដ៏​ឆ្ងាយ​ជា​ផ្នែក​មួយ​នៅលើ​ភព​ព្រះ​ចន្ទ​។ រូបភាព​នៃ​ការចុះ​ចត​បាន​បញ្ជូនមក​កាន់​ផ្កាយរណប​Queqiao ហើយ​បាន​បញ្ជូន​បន្ដទៅ​ក្រុម​ត្រួតពិនិត្យ​នៅលើ​ផែនដី​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​CCTV​។​

​សូមបញ្ជាក់ថា ចិន​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន សម្រាប់​កម្មវិធី​គ្រប់គ្រង​ក្នុង​លំហ​អាកាស​របស់​យោធា ដោយ​សង្ឃឹម​នឹងមាន​ស្ថានីយ​អវកាស​នៅ​ឆ្នាំ​២០២២ ហើយនឹង​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​ចន្ទ​ផងដែរ​។ វា​ជា​មហិច្ឆតា​ចិន​ដែល​ចង់​ក្លាយជា​មហាអំណាច​ក្នុង​លំហ​អាកាស​។ យាន​អវកាស​Chang'e-4 បាន​បាញ់​បង្ហោះ​កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​ជា​យានអវកាស​ស្រាវជ្រាវ​ទី​ពីរ​របស់​ចិន ដែល​បាន​ចុះចត​លើ​ភព​ព្រះ​ចន្ទ​៕

ព័ត៌មានផ្សេងទៀត