​​២០​១៩៖​​ប្រាក់​ឈ្នួល​​ថ្មី​កម្មករ​​ផ្តើម​​អនុវត្ត ខណៈ​​អ្នក​មិន​​គោរព​​នឹង​ត្រូវ​ពិន័យ​​

31-12-2018 2:37 pm 5764
  ស្តាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករកន្លងទៅ។
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​លើ​វិស័យ វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ចំនួន ១៨២​ដុល្លារ​ក្នុង​មួយខែ​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ តទៅ​។ បន្ថែម​ពី​ដំឡើង​ប្រាក់​ឈ្នូល​ជូន​កម្មករ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ផ្តើម​រៀបចំ​ឱ្យមាន​ការបើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករនិយោជិត ចំនួន​២​ដង​ក្នុង​មួយខែ​ផងដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ព្រមាន​ថា ប្រសិនបើ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា មិន​គោរព​តាម​សេចក្តីសម្រេច​នេះ​នឹងត្រូវ​ពិន័យ​តាម​ផ្លូវច្បាប់​។​

​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់ដេ​រ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ត្រូវបាន​ដំឡើង​ពី​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​នេះ សម្រាប់​កម្ម ករ​ពេញសិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករនិយោជិត​សាកល្បង​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹងមិន​រាប់បញ្ចូល​នូវ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​នោះទេ​។ លើសពីនេះ កម្មករ​និយោជិត​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិតផល (​ដេរ​ស៊ីបុង​) ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់ស្តែង​ដែល​ខ្លួន​បានធ្វើ​។

​បើ​យោងតាម​ប្រកាស​របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ គូសបញ្ជាក់ថា ដើម្បី​ទទួលបាន​ការដំឡើង​ប្រាក់​ឈ្នួល​ថ្មី​១៨២​ដុល្លារ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បន្ថែម​ទឹកប្រាក់​៥​ដុល្លារ លើ​ទឹកប្រាក់​១៧៧​ដុល្លារ​ដែល​ស្នើឡើង​ដោយ​ភាគី​ថៅកែ​រោងចក្រ ខណៈ​ភាគី​សហជីព​បានស្នើ​តួលេខ​១៨២​ដុល្លារ​។ ប៉ុន្តែ​ជាថ្នូ​នឹង​ការសម្រេច​បន្ថែមទឹក​ប្រាក់​៥​ដុល្លារ​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ជួយ​សម្រួល​បន្ទុក​ថ្លៃ​ចំណាយ​អគ្គិសនី​របស់​ភាគី​ថៅកែរ​រោងចក្រ​ក្នុង​អត្រា 0.១៤៧ ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​បន្ត​អញ្ជើញ ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​- កម្មការិនី បាន​កោតសរសើរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រីភាគី ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​។ លោក ហ៊ុន សែន បាន​ចាត់ទុកថា ការ​តម្លើង​ប្រាក់ខែ​គោល​ដល់​១៨២​ដុល្លារ​នេះ គឺ​សមល្មម​បាន​ច្រើនជាង​មុន ហើយ​បើ​បូកផ្សំ​ប្រាក់​បន្ថែម​ម៉ោង និង អត្ថប្រយោជន៍​នានា​ផង លោក​គិត​ឃើញថា កម្មករ​ម្នាក់ៗ​អាច​ទ​ទូល​បាន​ប្រាក់​ឈ្នួល​ក្នុង​ខ្ទង់​ជាង​២០០​ដុល្លារ​អាមេរិក ក្នុង​១​ខែ​។​

​គួរ​ជំរាបជូន​ថា ការចរចា​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់ដេ​រ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ដែល​បានចាប់ផ្ដើម​តាំងពី​ខែកញ្ញា បាន​បិទ​បញ្ចប់​ជា​ផ្លូវកា​រនៅ​ថ្ងៃ​ទី៥​តុលា ​ឆ្នាំ​២០១៨​កន្លងទៅ។ ក្រុមការងារ​ត្រីភាគី​ដែលមាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​១៦​រូប តំណាង​ថៅកែ​រោងចក្រ​១៦​រូប និង​សហជីព ដែលជា​តំណាង​កម្មករនិយោជិត​ចំនួន​១៦​រូប​។ ជា​លទ្ធផល​ដ្ឋា​ភិបាល​កម្ពុជា បានសម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​លើ​វិស័យ វាយ​ន​ភ​ណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ចំនួន ១៨២​ដុល្លារ​ក្នុង​មួយខែ​។ ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់ដេ​រ​កម្ពុជា​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៩ តទៅ​។​

​ក្រៅពី​ដំឡើង​ប្រាក់​ឈ្នូល​ជូន​កម្មករ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ ក៏បាន​ចេញ​សេចក្តីប្រកាស​មួយ តម្រូវឱ្យ​ចាប់ពី​ខែ មករា ឆ្នាំ​២០១៩​នេះ​តទៅ គ្រប់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ ត្រូវតែ​រៀបចំ​ឱ្យមាន​ការបើកប្រាក់​ឈ្នួល​ជូន​ដល់​កម្មករនិយោជិត ចំនួន​២​ដង​ក្នុង​មួយខែ​។​

​ក្រសួង​បញ្ជាក់ថា ការបើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​នេះ ចាំបាច់​បើក​លើក​ទី​១ ក្នុង​សប្តាហ៍​ទី​២ និង លើក​ទី​២ ក្នុង​សប្តាហ៍​ទី​៤ នៃ​ខែ​នី​មួយៗ ហើយ​ចាំបាច់​ត្រូវអនុវត្ត​នូវ​បែបបទ ដូចជា​៖ លើក​ទី​១​គឺ​ស្មើនឹង​ចំនួន ៥០​ភាគរយ នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​១​ខែ​។ លើក​ទី​២​គឺ​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅសល់ ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​នៅក្នុង​ខែ​នីមួយៗ​ទាំងនេះ​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ថ្លែងថា សម្រាប់​ប្រាក់​ឈ្នួល​ថ្មី​ឆ្នាំ​២០១៩​នេះ លោក​ជឿជាក់ថា គ្រប់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ នឹង​គោរព​តាម​សេចក្តីសម្រេច​រួមគ្នា​នា​ពេលកន្លងមក​។​លោក​ព្រមាន​ថា ប្រសិន​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា មិន​គោរព​តាម​សេចក្តីសម្រេច​នេះ នឹងត្រូវ​ពិន័យ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​ការកំណត់​របស់​ក្រសួង​ការងារ​យ៉ាង​ដូច្នេះ បន្ទាប់ពី​មាន​រោងចក្រ​មួយចំនួន បាន​បិទទ្វារ ហើយ​រត់ចោល​កម្មករ​ដែល​ធ្វើឱ្យ​កម្មករ​ខាតបង់​ប្រាក់​ឈ្នួល​ច្រើន ហើយ​ការអនុវត្ត​បើកប្រាក់​ឈ្នួល​កន្លះ​ខែ​ម្តងវិញ នឹង​ជួយ​កាត់បន្ថយ​នៃ​ការខាតបង់​នេះ​មួយចំនួន​ដល់​កម្មករ​ផងដែរ​។​

​សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​កម្មករ​និយោជិក​វិស័យ​កាត់ដេ​រ​កម្ពុជា បាន​កើនឡើង​ចាប់ពី​៣០​ដុល្លារ​រហូតដល់​១៨២​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​ឧស្សាហកម្ម​មួយ​នេះ​មាន​អាយុ ២​ទសវត្សរ៍​មកហើយ​។ ប្រាក់​ឈ្នួល​គោល​នៃ​វិស័យ​កាត់ដេរ​នេះ រដ្ឋាភិបាល​កម្ពុជា អះអាងថា គឺ​ច្រើនជាង​ប្រទេស​មួយចំនួន និង តិចជាង​ប្រទេស​មួយចំនួនទៀត នៅ​ជិតខាង​កម្ពុជា និង តំបន់​អាស៊ី​ទាំងមូល​៕

ព័ត៌មានផ្សេងទៀត