ក្រុមហ៊ុន​Huawei​​រំពឹង​ប្រាក់ចំណូល​​ក្នុង​ឆ្នាំ​២០១៨​​កើនឡើង​​ទោះ​រង​គំនាប​​ពី​អន្ដរជាតិ​

29-12-2018 8:58 am 6856
រូបភាពស្នាក់ការក្រុមហ៊ុនHuawei

​បើទោះបីជា​មាន​ការត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង លើ​សកម្មភាព​របស់ខ្លួន​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​Huawei​រំពឹង​នឹង​ទទួលបាន​ប្រាក់ចំណូល កើនឡើង​២១​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ គឺ​កើនឡើង​រហូតដល់​១០៩​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ មាន​ការរីកចម្រើន​លឿន​បំផុត​ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក​។ 

​ក្រុមហ៊ុន​បានបញ្ជាក់​បន្ថែមថា ទទួលបាន​កិច្ចសន្យា​នៃ​បច្ចេកវិទ្យា​5G​រហូតដល់​២៦​កិច្ចសន្យា ហើយ​រំពឹង​ការនាំចេញ​ផលិតផល​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់ខ្លួន នឹង​កើន​លើស​២០០​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​បានប្រកាស​កាលពី​ដើមខែ​ធ្នូ​នេះដែ​រថា ប្រាក់ចំណូល​ប្រចាំឆ្នាំ​រំពឹង​នឹង​កើនឡើង លើស​១០០​ពាន់​លាន​ដុល្លារ​ជា​លើកដំបូង ហើយ​ថា​ខ្លួន​ទទួលបាន​កិច្ចសន្យា​លើ​ការលក់​បច្ចេកវិទ្យា​5G​ច្រើនជាង​២៥ ធ្វើឲ្យ​ក្រុមហ៊ុន​ក្លាយជា​ក្រុមហ៊ុ​នលក់បច្ចេកវិទ្យា​5G ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។​

​គួរ​រម្លឹក​ដែរថា ថ្មីៗ​នេះ​ក្រុមហ៊ុន​Huawei​រង​ការចោទប្រកាន់​ពី​បណ្ដា​ប្រទេស​ធំៗ​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក​ជាដើម ថា​ផលិតផល​ក្រុមហ៊ុន​នេះ​មាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាលចិន​។ ប្រទេស​មួយចំនួនទៀត​ដូចជា​ណូវែល​ហ្សេ​ឡង់ អូស្ដ្រាលី ក៏បាន​ហាមឃាត់​លើ​ការប្រើប្រាស់​សម្ភារៈ​បរិក្ខា​រ​របស់​ក្រុម​នេះដែរ ដោយ​បារម្ភ​ពី​ការធ្វើ​ចារកម្ម​របស់​ចិន​។ តែ​យ៉ាងណាមិញ ក្រុមហ៊ុន​Huawei​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត