«​វិមាន​​ឈ្នះ​-​ឈ្នះ​»​​បង្ហាញ​​ពី​វីរភាព​​របស់​លោក​ ហ៊ុន សែន​

28-12-2018 10:00 am 8612
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។

«​វិមាន​ឈ្នះ​-​ឈ្នះ​»​របស់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ចុង​ខែធ្នូ ឆ្នាំ​២០១៨ នេះ​។ ជា​វិមាន​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ជា​និម្មិត​រូប​នៃ​សុខសន្តិភាព​កម្ពុជា និង ជា​តំណាងឱ្យ​វីរភាព​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​នាំមក​នូវ​សុខសន្តិភាព និង ការអភិវឌ្ឍ​។ តើ​«​វិមាន​ឈ្នះ​-​ឈ្នះ​» គឺមាន​អត្ថន័យ​ធំធេង​ចំពោះ​សន្តិភាព​នៅ​កម្ពុជា​មែនឬ​?

«​វិមាន​ឈ្នះ​-​ឈ្នះ​»​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​សមិទ្ធផល​សង្គម​ដ៏​សំខាន់​របស់​កម្ពុជា ក្រោយ​សម័យអង្គរ ហើយ​ការសាងសង់​វិមាន​នេះ​ឡើង ដើម្បី​បង្ហាញ​នូវ​វប្បធម៌​កត​ញ្ញុ និរន្តរភាព​គ្រប់​វិស័យ​ខាង​ជនជាតិ សាសនា រួមទាំង​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង វប្បធម៌ ធម្មជាតិ និង មនុស្ស ព្រមទាំង​ទំនាក់ទំនង​រវាង អតីតកាល បច្ចុប្បន្ន និង អនាគត​។

​អតីតកាល គឺ​ជាប់ទាក់ទង​នឹង​សម័យ​សង្គមរាស្ត្រនិយម ត​ភ្ជាប់​មកដល់​សម័យ​សាធារណរដ្ឋ និង សម័យ​ពល ពត ព្រមទាំង​ដំណាក់កាល អំឡុង​ឆ្នាំ​១៩៧៩ -១៩៨៩ និង ដំណាក់កាល​១៩៩១-១៩៩៣ និង ភ្ជាប់​ដល់​តំណាក់កាល​នយោបាយ​ឈ្នះ-ឈ្នះ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​សព្វថ្ងៃ​។ សព្វថ្ងៃ​រដ្ឋាភិបាល យល់ថា កម្ពុជា​មាន​សន្តិភាព​ពេញលេញ និង រីកចំរើន​គ្រប់​វិស័យ​។​

​ភាព​រីកចំរើន​គ្រប់​វិស័យ រាជរដ្ឋាភិបាល​កម្ពុជា សង្គត់ធ្ងន់ថា ដោយសា​តែវីរ​ភាព​របស់​សម​មិត្ត ហ៊ុន សែន បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ហ៊ាន​ប្រថុយ​ជីវិត ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម ជួយ​ផ្តួលរំលំ​របប​ប្រល័យ​ជូ​ព​សាសន៍ ប៉ុល ពត​។ ការលះបង់​គ្រប់យ៉ាង​របស់លោក ហ៊ុន សែន ធ្វើឱ្យ​កម្ពុជា​ក្លាយ​មកជា​ប្រទេស​មាន សុខសន្តិភាព និង រីកចម្រើន មកទល់​ពេលបច្ចុប្បន្ន​។​

​តើ​«​វិមាន​ឈ្នះ​-​ឈ្នះ​»​មាន​អត្ថន័យ​ធំ​ចំពោះ​សន្តិភាព​នៅ​កម្ពុជា​មែនឬ​? ចម្លើយ​អាច​ត្រឹមត្រូវ​ខ្លះ ពិ​ព្រោះថា កម្ពុជា​បច្ចុប្បន្ន​បើ​ធៀប​ពី​អតីតកាល គឺមាន​ភាព​រីកចំរើន​ច្រើន​ទាំង​ផ្នែក សេដ្ឋកិច្ច សង្គម នយោបាយ និង ជាពិសេស គឺ​ស្ថេរភាព​នយោបាយ និង សន្តិភាព​។ ភាពរឹងមាំ​លើ ស្ថេរភាព​នយោបាយ និង សនិ្តភាព ជា​គ្រិះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការវិនិយោគ​ពី​បរទេស និង ទេសចរណ៍​ជាដើម​។​

​ម្យ៉ាងវិញទៀត «​វិមាន​នយោបាយ​ឈ្នះ-ឈ្នះ​» អាច​ចាត់ទុកថា តំណាងឱ្យ​នយោបាយ​របស់លោក ហ៊ុន សែន​។ លោក ហ៊ុន សែន បច្ចុប្បន្ន​មាន​គោរមងារ​ជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បច្ចុប្បន្ន​លោក​ជា​មេដឹកនាំ​ដ៏​សំខាន់​មួយរូប​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​យូរ​ឆ្នាំ​។ លោក ត្រូវ​គេ​ឱ្យ​រហស្ស​នាម​លោក​ថា ជា​បុរស​ខ្លាំង​កម្ពុជា ដោយ​សារ​តែ​ភាព​វៃ​ឆ្លាត ក្នុង​ការដឹកនាំ​ប្រទេស និង ការរក្សា​អំណាច​របស់ខ្លួន បើទោះបីជា​គូប្រកួត​របស់លោក​ជា​មនុស្ស​ចេញពី ត្រកូល​ក្ស​ត្រក្តី សុទ្ឋតែ​ត្រូវបាន​ចុះ​ចាញ់ក្រោយក​ណ្តា​ប់ដៃ​របស់លោក​ទាំ​ង​អស់​។​

​ដូច្នេះ «​វិមាន​នយោបាយ​ឈ្នះ-ឈ្នះ​»​ នៅ​បច្ចុប្បន្ននេះ គឺអាច​បង្ហាញ​អំពី ឥទ្ធិពល​អំណាច និង ជ័យជំនះ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង និង ភាព​រីកចំរើន​នៃ​ប្រទេស​ក្រោម​ការដឹកនាំ​របស់លោក​ផង នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​តែ​​យ៉ាងណា ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​មានមតិ​រិះគន់​ផងដែ​រថា លោក​បាន​ប្រើប្រាស់​អំណាច​របស់ខ្លួន ដើម្បី​ក្រុម​បក្សពួក និង​គ្រួសារ ក្នុង​ចេតនា​រក្សា​អំណាច​។ សម្រាប់​អ្នកវិភាគ​ខ្លះ​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​ល្បិច​ជាច្រើន ដើម្បី​វាយប្រហារ​គួប្រកួត​។ គូប្រកួត​ណា​ដែល​ប្រឆាំង​លោក ហ៊ុន សែន គូប្រកួត​នោះ​នឹងត្រូវ​ខ្ទេច​ជាច្រើន​បំណែក ដោយសារតែ​យុទ្ធសាស្ត្រ​របស់លោក​ហ៊ុន សែន​។​

​លោកកឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា  ក៏​ធ្លាប់ ហៅ​យុទ្ធសាស្ត្រ​របស់លោកហ៊ុន សែន​ថា «​បំបែក បំបាក់ ដើម្បី​ធ្វើ​ការត្រួតត្រា​» ហើយ​ក្នុងនោះ​ក៏មាន​យុទ្ធសាស្ត្រ​ចំនួន​៣​ទៀត គឺ ទី​១​សូក ទី​២​សំឡុត និង ទី​៣​សម្លាប់​។​

​ជារួម «​វិមាន​​ឈ្នះ-ឈ្នះ​» វា​មាន​អត្ថន័យ​ធំ​ចំពោះ​ដំណើរ​ជីវិត​នយោបាយ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការប្រជែងអំណាច បន្ទាប់មក​មាន​ន័យចំ​ពោះ សន្តិភាព​នៅ​កម្ពុជា​។ កម្ពុជា​ដែល​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​បី​ទសវត្ស ​ប្រជាជន​កម្ពុជា​ប្រមាណ ១,៧ លាន​នាក់ បាន​បាត់​បង់ជីវិត តែ​ពេល​បច្ចុប្បន្ននេះ ខុសពី​មុន​ដោយសារតែ​ការដឹកនាំ​របស់លោក ហ៊ុន សែន​។

​ដូច្នេះ ភាព​រីកចំរើន​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជា​រឿង​ដែល​យើង​គួរ​លើកទឹកចិត្ត​។ ពីព្រោះថា ភាព​សុខុម​ដុម​និយកម្ម​នៃ​សង្គម​កម្ពុជា មិនមែនជា​មោទនភាព​នៃ​ការ​ភ្លក្ស​រសជាតិ​ប្រជាធិបតេយ្យ​បែប​បស្ចិមប្រទេស​នោះឡើយ​។ ប៉ុន្តែ​អ្វីដែល​កម្ពុជា​ត្រូវការ គឺ​«​សន្តិភាព វិបុលភាព និង យុត្តិធម៌​សង្គម​»​។ ប្រជាជន​មិនត្រូវ​ការផ្លាស់ប្តូរ​ទេ បើ​រាជរដ្ឋាភិបាល​ចេះ​ផ្លាស់ប្តូរ​។ តែបើ​រដ្ឋាភិបាល​មិន​ព្រម​ផ្លាស់ប្តូរ​នៃ​ការដឹកនាំ​របស់ខ្លួន​មួយចំនួន​ទេ ប្រជាជន​នឹងត្រូវ​ការផ្លាស់ប្តូរ​ជាក់​ជាពុំខាន​៕

ព័ត៌មានផ្សេងទៀត