កូរ៉េខាងត្បូង​​ពិន័យ​​ក្រុមហ៊ុន​BMW​​ជិត​១០​លាន​​ដុល្លារ​​ព្រោះ​​ករណី​មួយ​

26-12-2018 9:01 am 6978
រូបភាពឡូហ្គោ​ក្រុមហ៊ុនBMW

​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង បាន​ពិន័យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាល្លឺម៉ង់​BMW ជា​ទឹកប្រាក់​ប្រមាណ​៩,៩​លាន​ដុល្លារ ដោយ​ចោទ​ក្រុមហ៊ុន​ថា​បាន​លាក់បាំង​កំហុស​បច្ចេកទេស បណ្ដាលឲ្យមាន​ករណី​ឆាបឆេះ​ម៉ាស៊ីនរថយន្ដ​ជា​បន្ដបន្ទាប់​។ យ៉ាងហោចណាស់​មាន​ករណីនេះ​កើតឡើង​ចំនួន​៥២​លើក នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១៨​។​

​ក្រសួង​ដឹកជញ្ជូន​កូរ៉េខាងត្បូង បានប្រកាស​ពី​ការដាក់​ពី​ន័យ​នេះ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយ​ជូនដំណឹង​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល​៤​ខែ ដោយ​ក្រុម​អ្នកជំនាញ​ស៊ីវិល​និង​មន្ដ្រី​រដ្ឋាភិបាល​។ ក្រសួង​បាន​និយាយថា បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​លំហូរ​ឧស្ម័ន បាន​បង្ក​ឲ្យ​ម៉ាស៊ីន​រថយន្ដ​ឆាបឆេះ​។ ក្រសួង​អះអាងថា​មន្ដ្រី​ក្រុមហ៊ុន​BMW បានដឹង​ពី​បញ្ហា​នេះហើយ ប៉ុន្ដែ​បាន​លាក់បាំង​ព័ត៌មាន​។ មន្ដ្រី​ក្រសួង​ដឹកជញ្ជូន​កូរ៉េខាងត្បូង​ក៏បាន​រិះគន់​ក្រុមហ៊ុន ចំពោះ​ការប្រមូល​យក​រថយន្ដ​មាន​បញ្ហា​មកវិញ​មិន​អស់​។ 

​យ៉ាងណាមិញ​បណ្ដាញ​ក្រុមហ៊ុន​BMW​នៅ​កូរ៉េខាងត្បូង បានប្រកាស​កាលពី​ខែសីហា​ថា ការវិភាគ​រកឃើញ​ប្រព័ន្ធ​លំហូរ​ឧស្ម័ន​មាន​បញ្ហា​កើតឡើង​។ រហូត​មកដល់ពេលនេះ ក្រុមហ៊ុន​ក៏​បានប្រកាស​ប្រមូល​រថយន្ដ​ជាង​១៧​ម៉ឺន​គ្រឿង​ហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត