ឆ្នាំ​២០១៨ ឧបទ្វីប​កូរ៉េ​​មាន​ភាព​ស្ងប់​សុខ​​ទទួលបាន​​ការស្វាគមន៍​​ទាំង​ជាតិ​​និង​អន្ដរជាតិ​

25-12-2018 4:42 pm 16431
រូបភាព​មេដឹកនាំកូរ៉េខាងជើង​(ឆ្វេង)​និងប្រធានាធិបតី​កូរ៉េខាងត្បូង

​បើ​គិត​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៨ ដែល​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹងត្រូវ​ឆ្លង​ផុត​ហើយ​នោះ យើង​សង្កេតឃើញថា ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​ពិតជា​ប្រែប្រួល​មិន​នឹកស្មាន​ដល់​។ ជា​ការផ្លាស់ប្ដូរ​ដែល​ប្រជាជន​នៅលើ​ឧបទ្វីប​កូរ៉េ រួមទាំង​ពិភពលោក​ទាំងមូល​ស្វាគមន៍​យ៉ាងខ្លាំង​។ ដ្បិត​មាន​ការប៉ះទង្គិច​ដោយ​ពាក្យសម្ដី​ខ្លះ ប៉ុន្ដែ​គ្មាន​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល​កូរ៉េខាងជើង​ឡើយ អាច​និយាយបានថា ជា​ពេលវេលា​ស្ងប់​សុខ​ពេញ​មួយឆ្នាំ​សម្រាប់​ដែនដី​កូរ៉េ​។ តើ​មានរឿង​សំខាន់ៗ​អ្វីខ្លះ បាន​កើតឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​និយាយ​ពី​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពីដើមឆ្នាំ​២០១៨ ក្នុងឱកាស​ផ្ញើ​សារ​ជូនពរ​ប្រជាជន លោក​បាន​ឆ្លៀត​បង្ហាញ​ជំហរ​ចង់​ងាក​ទៅរក​ការចរចា ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក​ដែលជា​គូសត្រូវ​។ ការបោះ​ដៃ​ងាក​ទៅរក​ការចរចា បន្ទាប់ពី​បាន​ប្រឈមមុខគ្នា​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧ ស្ទើរតែ​ផ្ទុះអាវុធ​។ យ៉ាងណាមិញ​អាចនិយាយបាន ជា​ភាព​វៃ​ឆ្លាត​មួយ​របស់លោក​គីម ជុង​អ៊ុន ឬក៏​ប្រហែលជា​ដឹងថា ខ្លួន​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ពី​អន្ដរជាតិ​ក៏​ថា​បាន​។ រង​សម្ពាធ​ដោយសារតែ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​បានដាក់​ជា​បន្ដបន្ទាប់ ហើយ​សូម្បី​ចិន​ធ្លាប់ជា​បងធំ ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ខ្លួន ក៏ត្រូវ​ទទួលបញ្ជា​ពី​អង្គការសហប្រជាជាតិ ឲ្យ​ចាត់វិធានកា​រដាក់​លើ​កូរ៉េខាងជើង​ដែរ ទើបបានជា​លោក​គីម ជុង​អ៊ុន ចង់​បង្វែរ​ស្ថានភាព​តានតឹង​ទៅរក​ការចរចា​។​

ក្រោយពី​នោះមក រឿង​ល្អ​បាន​កើតឡើង​ជា​បន្ដបន្ទាប់​។ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី​៩​ដល់​២៥​កុម្ភៈ កូរ៉េខាងជើង​បាន​បញ្ជូន​អត្ត​ព​លិក ក្រុម​សិល្បៈ អ្នកគាំទ្រ អ្នកសារព័ត៌មាន និង​គណៈប្រតិភូ ដឹកនាំ​ដោយ​ប្អូនស្រី​បង្កើត របស់​មេដឹកនាំ​កូរ៉េខាងជើង​អ្នកស្រី​គីម យូ​ជុង​ទៅ​ចូលរួម​។ អំឡុងពេល​ត្រកូល​គីម​គ្រប់គ្រង​ប្រទេស អ្នកស្រី​គីម យូ​ជុង​គឺជា​សមាជិក​ដំបូង​គេ នៃ​សែស្រឡាយ​នេះ និង​ជា​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​ដំបូង​គេ​នៃ​របប​នេះ ដែល​បាន​ឈាន​ជើង​ជាន់ដី​ទីក្រុង​សេ​អ៊ូ​ល ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​បានបញ្ចប់​។ ក្នុងនោះ​អ្នកស្រី​គីម យូ​ជុង​ក៏បាន​ជួប​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង ដែល​កិច្ច​ជំនួប​សម្រេចបាន​កិច្ចការ​សំខាន់ៗ ឆ្ពោះទៅរក​ការអភិវឌ្ឍ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​។​

​នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨ រឿង​ប្រវត្ដិសាស្ដ្រដ៏​គួរឲ្យភ្ញាក់ផ្អើល​បានកើ​ត​ឡើង នោះ​គឺ​កិច្ច​ជំនួប​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ជែ​អ៊ីន ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ជា​លើកដំបូង​។ ក្រោយ​កិច្ចប្រជុំ​កូរ៉េ​ទាំង​ពីរបាន​ឯកភាព​ទាំងស្រុង លើ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ លោក​គីម​និង​លោកមូ​នឯកភាព​ថា នឹង​បញ្ឈប់​រាល់​សកម្មភាព​បង្កហេតុ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​ជា​ផ្លូវការ សង្គ្រាម​ឆ្នាំ​១៩៥០-៥៣ និង​បង្កើតឲ្យមាន​សន្ធិសញ្ញា​សន្ដិភាព​។ លោក​មូននិង​លោកគី​មបាន​ប្ដេជ្ញា​ដែរថា នឹង​ជំរុញឲ្យមាន​កិច្ចពិភាក្សា​បី​ភាគីរ​វា​ង​កូរ៉េខាងត្បូង កូរ៉េខាងជើង​និង​អាមេរិក ឬ​កិច្ចប្រជុំ​បួន​ភាគី​រវាង​កូរ៉េខាងត្បូង កូរ៉េខាងជើង ចិន និង​អាមេរិក ដើម្បី​ប្រកាស​បញ្ចប់​ការប្រយុទ្ធប្រឆាំង​គ្នា ហើយ​ផ្លាស់ប្ដូរ​សន្ធិសញ្ញា​បទ​ឈប់​ជំនួស​ដោយ​សន្ធិសញ្ញា​សន្ដិ​ភាព​វិញ​ក្នុង​ឆ្នាំនេះ​។ ក៏មាន​ការព្រមព្រៀង​ផងដែរ​បង្វែរ​តំបន់​គ្មាន​យោធា ទៅជា​តំបន់​សន្ដិភាព​ពិតប្រាកដ​។ 

​មេដឹកនាំ​ទាំងពីរ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្ដេជ្ញាចិត្ដ គោរព​យ៉ាង​តឹងរ៉ឹង​តាម​កតិកាសញ្ញា​មិន​ឈ្លានពាន​គ្នា​ទៅវិញទៅមក​។ លើសពីនេះទៅទៀត លោក​មូននិង​លោកគី​មបាន​យល់ព្រម​បង្វែរ​តំបន់​ព្រំដែន​ទឹក​មាន​ជម្លោះ​នៅ​ទន្លេ​លឿង ទៅជា​ដែនសមុទ្រ​សន្ដិភាព ទប់ស្កាត់​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដោយ​ចៃដន្យ​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​កំពូល​នេះ ភាគី​ទាំងពីរ​នឹង​បើកទ្វារ​កិច្ចចរចា​ផ្នែក​យោធា​ឲ្យបាន​ញឹកញាប់ ក្នុងនោះ​មាន​ការជួបពិភាក្សា​រវាង​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ​ផង​។ ចំណុច​សំខាន់​មួយទៀត កូរ៉េ​ទាំងពីរ​នឹង​ផ្សារភ្ជាប់​សាច់ឈាម​រវាង​ប្រជាជន​និង​ប្រជាជន ដើម្បី​ជា​ជំហាន​ឆ្ពោះទៅរក​ការបង្រួបបង្រួម​និង​ការស្ដារ​ទំនាក់ទំនង​អន្ដរ​កូរ៉េ​។ លោក​គីម​និង​លោកមូ​នឯកភាព​ថា នឹង​ជួប​ពិភាក្សាគ្នា​ឲ្យបាន​ញឹកញាប់​មិនថា​ដោយផ្ទាល់ឬ​តាម​ទូរស័​ព្ទ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ពង្រឹង​ទំនុកចិត្ដ​។ ជារួម​ទៅ​អ្វីដែល​សម្រេចបាន​នៅក្នុង​កិច្ចប្រជុំ សុទ្ធតែ​មានបំណង​អភិវឌ្ឍ​ទំនាក់ទំនង​អន្ដរ​កូរ៉េ បង្កើត​សន្ដិភាព វិបុលភាព និង​ការបង្រួបបង្រួម​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ក្រោយ​កិច្ច​ជំនួប​លើកទីមួយ កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​មូន ជែ​អ៊ីន​និង​លោក​គីម ជុង​អ៊ុន​បាន​ធ្វើឡើង​នៅ​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ព្រំដែន​ខាង​កូរ៉េខាងជើង និង​លើក​ទី​បី​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨​ដដែល នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​។ លោក​គីម ជុង​អ៊ុន​ក៏​គ្រោង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជួប​លោក​មូនជា​លើកទីបួន​ផងដែ​រ​។​

​មិន​ត្រឹមតែ​បន្ទន់ឥរិយាបទ​ទៅ​ចរចា​ជាមួយ​កូរ៉េខាងត្បូង លោក​គីម ជុង​អ៊ុន​ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បន្ថែមទៀត​។ កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម ឯកភាព​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

​ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។ ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។ ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​សម្រេចបាន ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។ កាលនោះ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។ ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​អ្នកទោស​ដែល​នៅ​សេសសល់ និង​ការធ្វើ​មាតុភូមិនិវត្ដន៍​អ្នកទោស​ដែល​បានកំណត់​អត្ដសញ្ញាណ​រួចរាល់​។​

​បន្ថែម​លើ​នេះ​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ចាត់ទុក​កិច្ចប្រជុំ​ជា​ព្រឹត្ដិការណ៍​ធំធេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ក្នុងការ​យកឈ្នះ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ត្រាំ​និង​លោក​គីម​រំពឹង​នឹង​អាច​បើក​ទំព័រ​សករាជ​ថ្មី មាន​អនាគត​ថ្មី នៃ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​។ នៅក្នុង​កិច្ចព្រមព្រៀង​មេដឹកនាំ​ទាំង​ពីរបាន​ប្ដេជ្ញា​អនុវត្ដ​ទៅតាម​អ្វីដែល​បាន​ឯកភាព ឆ្ពោះទៅ​សម្រេច​ឲ្យបាន​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី អភិវឌ្ឍ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង លើកកម្ពស់​សន្ដិភាព វិបុលភាព និង​សន្ដិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ​ក៏ដូចជា​ពិភពលោក​ទាំងមូល​។ នៅ​ដើមឆ្នាំ​២០១៩​មេដឹកនាំ​ទាំងពីរ​គ្រោង​នឹង​ជួបគ្នា​ជា​លើក​ទី​ពីរ​ទៀត​។​

​ក្រោយពី​កិច្ចប្រជុំ​ទាំង​អំបាលម៉ាន​ដែល​បាន​រៀបរាប់ កូរ៉េខាងត្បូង​និង​អាមេរិក​ក៏​ផ្អាក​សមយុទ្ធ​ប្រចាំឆ្នាំ​ជាច្រើន ធ្វើឲ្យ​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ​កាន់តែ​ល្អប្រសើរ​។ សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នេះហើយ ជា​មូលហេតុ​ធ្វើឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ីល​និង​អាវុធ​នុយក្លេអ៊ែរ​។ ជារួម​មក ពេញ​មួយឆ្នាំ​២០១៨​នេះ កូរ៉េខាងជើង​ពិតជា​បានបង្ហាញ​ឥរិយាបថ​ទន់ភ្លន់ ចង់បាន​ស្ថានភាព​ស្ងប់​សុខ ចង់បាន​សន្ដិភាព មិន​បង្ហាញ​ចរិត​កោងកាច​ដូច​មុន​ឡើយ​។ 

​ប៉ុន្ដែ​យ៉ាងណាមិញ ចង់​ឬ​មិន​ចង់​ភាព​ខ្វែងគំនិត​គ្នា​នៅតែមាន​។ លោក​គីម ជុង​អ៊ុន​គ្រោង​ធ្វើដំណើរ​ទៅ​ទីក្រុង​សេ​អ៊ួ​ល​នា​ចុង​ឆ្នាំនេះ ប៉ុន្ដែ​មាន​ព័ត៌មាន​លេចលឺ​ថា​នឹង​លើក​ពេល​ទៅ​ឆ្នាំក្រោយ​វិញ ដែល​នេះ​មិនមែនជា​សញ្ញា​ល្អប្រសើរ​ប៉ុន្មាន​ឡើយ​។ រីឯ​បញ្ហា​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ កំពុង​ស្ថិតក្នុង​ភាពជាប់គាំង​នៅឡើយ​។ កូរ៉េខាងជើង​ចង់បាន​ការដោះដូរ គឺ​ចង់ឲ្យ​អាមេរិកដក​ទណ្ឌកម្ម​ចេញ​ខ្លះ ជា​ថ្នូរ​នឹង​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្ដែ​អាមេរិក​វិញ​ចង់ឲ្យ​កូរ៉េខាងជើង​រំលាយ​នុយក្លេអ៊ែ​រសិន ទើប​ដក​ទណ្ឌកម្ម​ជា​ក្រោយ​។ កត្ដា​នេះ​នៅតែ​ជា​ចំណុច​រាំងស្ទះ​ដល់​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​អន្ដរជាតិ​ពិសេស​កូរ៉េខាងត្បូង​និង​អាមេរិក​កំពុង​ចង់បាន​បំផុត​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍ ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ក្នុង​ឆ្នាំ​២០១៩​នឹងមាន​អ្វី​កើតឡើង​បន្ដទៀត​។ ចង់ដឹងថា​កូរ៉េខាងជើង​នឹង​យល់ព្រម​រំលាយ​នុយក្លេអ៊ែរ​ទាំងស្រុង​មែន​ឬក៏​ផ្លាស់ប្ដូ​រចិត្ដ​៕

ព័ត៌មានផ្សេងទៀត