នាយក​សាលា​ហ្វូណន​រៃអង្គាស​ថវិកា​ក្នុង​គម្រោង​$១​លាន​ដើម្បី​សម្តែង​ល្ខោនខោល​

21-12-2018 4:01 pm 8121
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់​ពី​អង្គការ​យូណេស្កូ ទទួលស្គាល់ និង​ដាក់បញ្ចូល​ល្ខោនខោល​ខ្មែរ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព័​រល្វី នៃ​សាធារណៈរដ្ឋ​ម៉ូ​រី​ស នាយក​សាលា​សិល្បៈ​ហ្វូណន បាន​ប្រកាស​ធ្វើ​សកម្មភាព​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​ខ្មែរ ក្នុង​ម្នាក់​១​ពាន់​រៀល ដើម្បី​រៀបចំ​ការសម្តែង​ល្ខោនខោល​ឱ្យ​ធំ នៅក្នុង​អំឡុង​ចុងឆ្នាំ​២០២០ ។ លោក ស៊ុប ស័ក្ខរា បាន​ប្រាប់​វិទ្យុ​វាយោ​ថា ជា​គម្រោង គឺ​រៃអង្គាស​ថវិកា​ឱ្យបាន​១​លាន​ដុល្លារ​អាមេរិក ដើម្បី​សម្តែង​ល្ខោន​ខោល និង​បញ្ជ្រាប​ទម្រង់​សិល្បៈ​បុរាណ​នេះ ទៅក្នុង​គ្រឹះស្ថាន​អប់រំ​នានា​នៅ​កម្ពុជា ក្នុងន័យ​បង្កើន​ការយល់ដឹង ការស្រឡាញ់ និង​បណ្តុះ​ការថែរក្សា​ពី​យុវជន​ខ្មែរ​ជំនាន់​ក្រោយ...

​លោក ស៊ុប ស័ក្ខរា នាយក​សាលា​សិល្បៈ​ហ្វូណន បាន​ប្រាប់​វិទ្យុ​វាយោ​ថា គម្រោង​ប្រកាស​រៃអង្គាស​ថវិកា​ចំនួន​១​ពាន់​រៀល​ពី​ប្រជាពលរដ្ឋ​ម្នាក់ ទូទាំង​ប្រទេស គឺជា​ការបង្ហាញ​ពី​សាមគ្គីភាព​គ្នា អំពី​ការផ្តល់​នូវ​ក្តីស្រឡាញ់ ចូលរួម ដើម្បី​ជីវិត​ល្ខោន​ខោល …
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោក​អះអាង​ថា ល្ខោនខោល​ខ្មែរ ត្រូវបាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ ក្នុង​ទម្រង់​យកចិត្តទុកដាក់​ជា​បន្ទាន់ ដោយហេតុនេះ​ហើយ ក្នុងនាម​លោក​ជា​សិល្បករ​មួយរូប គឺ​មាន​តួនាទី​សង្គ្រោះ​ល្ខោនខោល ដោយ​ព្យាយាម​កៀរគរ​ពលរដ្ឋ ពិសេស​យុវជន​ខ្មែរ​ជំនាន់​ក្រោយមក​ស្គាល់ និង​យកចិត្តទុកដាក់​…
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោកស័ក្ខរា​អះអាងថា បន្ទាប់​ពី​ចាប់​ដំណើរការ​សកម្មភាព​រៃអង្គាស​ថវិកា​នេះ​ជា​ផ្លូវការ គិត​ត្រឹម​រយៈពេល​២-៣​ថ្ងៃ​មក​នេះ ក្រុមការងារ​របស់​លោក​ឃើញថា ពិតជា​មាន​ការគាំទ្រ​ច្រើន​ពី​ពលរដ្ឋ ។ 

​យ៉ាងណាក៏ដោយ លោក​ប្រាប់​ថា ក្រុមការងារ​នៅ​មិន​អាច​បញ្ជាក់ប្រាប់​ពី​តួលេខ​នៃ​អ្នកចូលរួម និង​ចំនួន​ថវិកា ដែល​ទទួលបាន​នៅ​ឡើយ ព្រោះ​វា​កំពុង​តែ​ស្ថិត​នៅក្នុង​ដំណើរការ​ទៅមុខ ក៏​ប៉ុន្តែ​លោក​បាន​ប៉ាន់ប្រមាណ​ថា ប្រហែលជា​មាន​ពលរដ្ឋ​គាំទ្រ​ចំនួន​១០០ ទៅ​ជាង​១០០​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។​

​នាយក​សាលា​សិល្បៈ​ហ្វូណន​រូបនេះ បញ្ជាក់​ប្រាប់​បន្តថា សម្រាប់​ថវិកា​ដែល​គ្រោង​នឹង​រៃអង្គាស​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ខាងមុខនេះ គឺ​ក្រុម​ការងារ​បាន​គ្រោង​ចំនួន​១​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​ទាំងនោះ ត្រូវបាន​បែងចែក​ទាំង​ការសម្តែង និង​ការបញ្ជ្រាប​ទម្រង់​ល្ខោនខោល​ទៅកាន់​មហាវិទ្យាល័យ​ចំនួន​៣០…
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោក​បាន​ប្រាប់ថា ការសម្តែង គឺ​គ្រោង​នឹង​ធ្វើ​ឱ្យ​ចំ​ថ្ងៃ​ខួប​ពីរ​ឆ្នាំ​នៃ​ការដាក់​ល្ខោនខោល ជា​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ ឬ​អាច​នឹង​ធ្វើ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ ឬ​នៅ​កោះ​ពេជ្រ ។ សម្រាប់​អ្នកចូលរួម ត្រូវបាន​លោក​រំពឹង​ថា អាច​មាន​ចន្លោះ​ពី​១​ម៉ឺន​នាក់ ទៅ​៣​ម៉ឺន​នាក់ រីឯ​សិល្បករ​គ្រោង​នឹង​សម្តែង មាន​ប្រមាណ​២០០​នាក់​ឡើងទៅ ។​

​ងាក​មក​និយាយ​ពី​គណនេយ្យភាព​នៃ​ថវិកា​ដែល​រៃអង្គាស​បាន​វិញ លោក​អះអាង​ថា លោក​មាន​ក្រុមការងារ​មួយ​សម្រាប់​ប្រមូល​ថវិកា​ទាំងនេះ ហើយ​រាល់​ថវិកា​ទាំងអស់​ដែល​ទទួលបាន នឹង​ត្រូវ​ប្រកាស​ជា​រៀង​រាល់​សប្តាហ៍ តាម​ការ​បូកសរុប​ម្តងៗ ដោយ​កត់​បញ្ជី​ទាំង​ឈ្មោះ ទាំង​ចំនួន​ថវិកា​ចូលរួម …
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោក ស៊ុប ស័ក្ខរា បាន​សង្កត់ធ្ងន់ថា បើសិនជា​ដល់​ថ្ងៃ​សម្តែង​ហើយ ថវិកា​ដែល​ទទួលបាន​ពី​ការ​រៃអង្គាស នៅតែ​មិន​គ្រប់​តាម​ចំនួន​ដែល​កំណត់ ក៏​គម្រោង​នេះ នៅតែ​បន្ត​ដំណើរការ​ដដែល តាម​ទំហំ​ថវិកា​ដែល​ទទួលបាន ក៏ប៉ុន្តែ លោក​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​ទុក​ចោល​នូវ​អ្វី​ដែល​ជា​សម្បត្តិ​ជាតិ​រួម​នោះទេ ។​

​លោក​អះអាង​ថា តាមរយៈ​គម្រោង​សកម្មភាព​នេះ កន្លងមក ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដែល​បាន​កើតឡើង ដែល​កត្តា​ធំ​បំផុត គឺ​មាន​ការរិះគន់​ពី​ពលរដ្ឋ​នៃ​ប្រទេសជិតខាង​…
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោក ស៊ុប ស័ក្ខរា ប្រាប់ថា បន្ទាប់​ពី​គម្រោង​សម្តែង​ល្ខោនខោល​ត្រូវបាន​បញ្ចប់ ជា​គម្រោង​ក្រៅ​ផ្លូវការ​របស់​ក្រុមការងារ​សាលា​សិល្បៈ​ហ្វូណន គឺ​មានក្តី​ស្រមៃ​ចង់​បង្កើត​សារមន្ទីរ​បេតិកភណ្ឌ​អ​រូបិយ ដែល​ក្នុងនោះ មានការ​លើក​បង្ហាញ​ទាំងអស់ មាន​ទាំង​ការ​ហាត់រៀន​, ផលិត​សម្ភារៈ​, ការសម្តែង​, សិក្ខាសាលា​, ការធ្វើ​បទ​បង្ហាញ និង​ការចុះ​ធ្វើ​បទ​បង្ហាញ​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទូទាំងប្រទេស​ជាដើម ។​

​លោក​អះអាង​ថា ការគាំទ្រ​របស់​យុវជន​ដែល​ល្អ គឺ​ត្រូវ​ចេះ​ចូលរួម សាមគ្គី​ទាំងអស់គ្នា តាមរយៈ​ការស្វែងយល់ គាំទ្រ​ដោយ​ការ​ទៅ​មើល​ផ្ទាល់ ជាជាង​ការនិយាយ​, ចុច Like, Share នៅលើ​បណ្តាញ​សង្គម​…
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

​លោក ស៊ុប ស័ក្ខរា អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម បង្ហាញ​នូវ​សាមគ្គីភាព​គ្នា ដោយ​បរិច្ចាក​ថវិកា​ម្នាក់​១​ពាន់​រៀល ដើម្បី​ព្រឹត្តិការណ៍​សម្តែង​ល្ខោន​ខោល នៅពេល​ខាងមុខ ។​

​លោក​បន្តថា សម្រាប់​បងប្អូន​ពលរដ្ឋ​ដែល​មានបំណង​ចង់​ចូលរួម បរិច្ចាក​ថវិកា​ដល់​ក្រុមការងារ​សាលា​សិល្បៈ​ហ្វូណន សូម​ទាក់ទង​ទៅកាន់​ហ្វេ​សប៊ុក​ផេក​របស់​សាលា ឬ​ទៅ​កាន់​លោក​ផ្ទាល់ ហើយ​បើ​សិន​ជា​ពលរដ្ឋ​ចង់​ទៅ​ផ្ទាល់​ដល់​ទីតាំង អាច​ទាក់ទង​ទៅ​កាន់​កាហ្វេ​វប្បធម៌​ភ្នំពេញ​, កាហ្វេ​វប្បធម៌​នៅ​សៀមរាប និង​នៅ​កាហ្វេ​ចប ជិត​វត្ត​សន្សំ​កុសល​ជាដើម​…
​សំឡេង​លោក ស៊ុប ស័ក្ខរា ៖

ព័ត៌មានផ្សេងទៀត