ការអាន​ជំរុញ​អ្នកស្រី​ម៉ៅ សំណាងក្លាយជា​អ្នកនិពន្ធ ទទួលបាន​ពានពី​ព្រះមហាក្សត្រ​

21-12-2018 12:40 pm 17349
អ្នកស្រីម៉ៅ សំណាងហៅ«ទន្សាយ»

​អ្នកស្រី​ម៉ៅ សំណាង​ហៅ « ទន្សាយ » មាន​ចំណង់​ចំណូលចិត្ត អាន​សៀវភៅ​អាយុ​៩​ឆ្នាំ​។ ការចំណាយ​ពេល​អាន និង​ស្រាវជ្រាវ​យូរៗ​ទៅ បានធ្វើឲ្យ​អ្នកស្រី​ម៉ៅ សំណាង ក្លាយជា​អ្នកនិពន្ធ​ដោយ​មិន​ដឹងខ្លួន ដោយ​ដំបូង​ផ្តើមចេញពី​ការ សរសេរ​អត្ថបទ​ល្ខោននិយាយ នៅ​អាយុ​១៥​ឆ្នាំ​។ ដោយសារ​ប្រទេស​មាន​សង្គ្រាម បាន​រារាំង​អ្នកស្រី​ពី​ការ​តែង​និពន្ធ លុះ​សង្គ្រាម​បញ្ចប់ អ្នកស្រី​បាន​បន្ត​ពង្រឹងសមត្ថភាព​ឡើងវិញ​។ ឆ្នាំ​១៩៨១ អ្នកស្រី​បានចាប់ផ្តើម​និពន្ធ​ប្រលោមលោក ដោយ​ស្នាដៃ​ដំបូង​មាន​ចំណងជើង​ថា « ទឹកភ្នែក​គ្រី​យ៉ាណា » ។ ក្រោយមក អ្នកស្រី​ក៏បាន​ក្លាយជា​អ្នកនិពន្ធ​រឿង​ភាគ ដែល​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នានា រហូតដល់​បច្ចុប្បន្ន​។​

​អ្នកស្រី​ម៉ៅ សំណាង ដែលមាន​ឪពុក​(​ស្លាប់​) ជា​គ្រូ​អក្សរសាស្ត្រ​ខ្មែរ​ផង​នោះ បាន​ក្លាយជា​អ្នកសរសេរ​ប្រលោមលោក​ដ៏​ប៉ិនប្រសព្វ រហូត​ទទួលបាន​ពានរង្វាន់ ព្រះសីហនុ​រាជ ពី​ព្រះមហាក្សត្រ និង គ្រឿង​ឥស្សរិយយស មុនី​សារា​ភណ្ឌ​ថ្នាក់​សេនា ជា​អ្នកនិពន្ធ​ដែលមាន​ស្នាដៃ​ល្អ និង​គុណបំណាច់​ខ្ពស់ ក្នុង​ការថែរក្សា​ការពារ​និង​បណ្តុះបណ្តាល ផ្នែក​វប្បធម៌​អក្សរសាស្ត្រ​ជាតិ នៅ​ឆ្នាំ​២០០៣ ពី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ពានរង្វាន់ ពី​ជ័យលាភី​មួយចំនួន​ផ្សេងទៀត​។​

​យ៉ាងណាក៏ដោយ អ្នកនិពន្ធ​វ័យ​៥៩​ឆ្នាំ​រូបនេះ បាន​បង្ខំចិត្ត​ផ្អាក​ការសរសេរ​ប្រលោមលោក ដែល​អ្នកស្រី​ម៉ៅ សំណាង​ស្រឡាញ់​ខ្លាំង​បំផុត​ជិត​១០​ឆ្នាំ ដោយសារតែ​មាន​ការរំលោភ​កម្មសិទ្ធិបញ្ញា និង​ដោយសារ​បញ្ហា​សុខភាព​។ នៅ​ទីបំផុត អ្នកស្រី​បាន​ត្រឡប់មក​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ប្រលោមលោក​ជាថ្មី នៅ​ដើមឆ្នាំ​២០១៨​នេះ ដោយ​ស្នាដៃ​ថ្មី មាន​ចំណងជើង​ថា « ប្រលោម​ចិត្ត​»​។ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​អ៊ុន សុខ​ឡា អ្នកសារព័ត៌មាន​វិទ្យុ​វា​យោ អ្នកស្រី​ម៉ៅ សំណាង ដែល​ក្លាយជា​អ្នកនិពន្ធ​ដោយសារតែ​ការអាន បានលើកឡើង​ពី​សារៈសំខាន់ នៃ​ការអាន​រឿង​ប្រលោមលោក មាន​ពីរ​។​

​ទន្ទឹមនឹង​ការរៀបរាប់​ពី​អត្ថប្រយោជន៍​ពី​នៃ​ការអាន អ្នកស្រី​ម៉ៅ សំណាង ក៏បាន​បង្ហើប​ស្នាដៃ​ប្រលោមលោក​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។ អ្នកនិពន្ធ​ដែល​មានបទពិសោធន៍​និពន្ធ​៣៩​ឆ្នាំ​រូបនេះ គ្រោង​សរសេរ​សៀវភៅ ដែលមាន​ចំណងជើង​ថា « ទន្សាយ » ជា​នរណា ? លក្ខណៈជាពិសេសនៃសៀវភៅ​នេះ ​នឹង​លាតត្រដាង ពី​ប្រវត្តិ​គ្រប់បែបយ៉ាង​របស់​អ្នកស្រី រួមទាំង​បទពិសោធន៍​និពន្ធ ដែល​អ្នកនិពន្ធ​ជើងចាស់​រូបនេះ ​មាន​ទាំង​អំបាលម៉ាន​ផងដែរ​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​ម៉ៅ សំណាង ហៅ ​« ទន្សាយ » អ្នកនិពន្ធ​ប្រលោមលោក នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត