លទ្ធផល​កិច្ចប្រជុំ​សំខាន់ៗ​២​របស់​លោក​ហ៊ុន​សែន​នៅ​ថ្ងៃនេះ​ត្រូវបាន​បង្ហាញ​

15-12-2018 4:01 pm 4487
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ប្រ៊ូយណូ បូ​ដា​ដ អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ត្រូវបាន​បង្ហើប​លទ្ធផល​នៃ​កិច្ចប្រជុំ សំខាន់ៗ​ចំនួន​២ ដោយ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ។ លទ្ធផល​ទីមួយ គឺ​ទាក់​ទាង​នឹង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បោះ​បង់លុយ​រាប់ពាន់​លាន​ដុល្លារ​ពី​ការជីក​រ៉ែ​ទី​តា​ញ៉ូម ដើម្បី​ការពារ​បរិស្ថាន ។ ចំណែក​ទី​ពីរ គឺ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ នៅតាម​តំបន់​ជាប់​ឆ្នេរសមុទ្រ ក្នុង​គោលដៅ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ...

​លទ្ធផល​ទីមួយ គឺ​កម្ពុជា បាន​បោះ​បង់លុយ​ពាន់​លាន​ដុល្លារ​ពី​ការជីក​រ៉ែ​ទី​តា​ញ៉ូម នៅ​ជី​ផាត ដើម្បី​ការពារ​បរិស្ថាន ផ្ទុយ​ពី​ប្រទេស​បារាំង ។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការជីក​រ៉ែ​ទី​តា​ញ៉ូម​នៅ​រមណីយដ្ឋាន​ជីផាត ក្នុងស្រុក​ជី​ផាត ខេត្តកោះកុង​នោះឡើយ បើទោះបី​ការជីក​រ៉ែ​នេះ អាច​ឱ្យ​កម្ពុជា​ទទួលបាន​ចំណូល​រហូតដល់ ២២​ពាន់​លាន​ដុល្លារ​អាមេរិក​ក៏​ដោយ ។​

​លោក​ហ៊ុន សែន បាន​លើកឡើង​បន្ត​ថា ចំណូល​ពី​ការជីក​រ៉ែ​ទី​តា​ញ៉ូម​នេះ អាច​ធ្វើឱ្យ​កម្ពុជា​អភិវឌ្ឍ​ប្រទេស​ដោយ​មិន​បាន​ខ្ចី​ថវិកា​ពី​បរទេស​ឡើយ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​ហិនហោច​ព្រៃឈើ​អស់​២​ម៉ឺន​ហិកតា ហើយ​ពេល​យក​រ៉ែ​ទៅ គឺ​ទឹកភ្លៀង​នឹង​ហូរ​យក​ដីក្រហម​ទៅ​ក្នុង​សមុទ្រ ធ្វើឱ្យ​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​ប្រែ ទៅ​ជា​ពណ៌​ក្រហម ។ 

​ការប្តេជ្ញាចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្វើឱ្យ​លោក ប្រ៊ូយណូ បូ​ដា​ដ ជា​ជនជាតិ​បារាំង បាន​ស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​នេះ ។ លោក​ប្រ៊ូយណូ បូ​ដា​ដ បាន​លើកឡើង​ថា ឆន្ទៈ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ផ្ទុយ​ពី​រដ្ឋាភិបាល​ប្រទេស​បារាំង ។​

​លទ្ធផល​ទី​ពីរ គឺ​កម្ពុជា​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ ។ 

​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​នេះ ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ប្រ៊ូយណូ បូ​ដា​ដ អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិភពលោក នៅ​ព្រឹក​ថ្ងៃ​ដដែល នា​ខេត្តកោះកុង ទី​ដែល​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ។​

​ក្នុងជំនួប​នោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​អគ្គនាយក ប្រ៊ូយណូ បូ​ដា​ដ បាន​ពិភាក្សា​គ្នា​ច្រើន ទៅ​លើ​ការអភិរក្ស និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា ពិសេស​ធ្វើ​យ៉ាងណា​ឱ្យ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា បន្ត​រក្សាបាន​នូវ​ភាពស្រស់ស្អាត​ជាមួយនឹង​បរិស្ថាន​ល្អ ។​

​លោក ប្រ៊ូយណូ បូ​ដា​ដ ដែលជា​អ្នក​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​កម្ពុជា​បានដាក់​ឆ្នេរ​នៅក្នុង​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប ចូល​ទៅក្នុង​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក​នោះ បានបង្ហាញ​ការកោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​ឆ្នេរសមុទ្រ​របស់​ខ្មែរ ។​

​លោក​បាន​លើកសរសើរ​ចំពោះ​ខេត្តកោះកុង ដែល​មាន​ទាំង​ទឹក​ធ្លាក់ ព្រៃកោងកាង និង​ឆ្នេរសមុទ្រ​ស្អាត ជា​ចំណុច​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​ទេសចរណ៍ ។​

​ក្រៅពី​ពិភាក្សា​លើ​បញ្ហា​អភិរក្ស និង​ការថែរក្សា​បរិស្ថាន​នៅ​តំបន់ឆ្នេរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ប្រ៊ូយណូ បូ​ដា​ដ ក៏​បាន​ជជែក​លើ​គម្រោង​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​តំបន់ឆ្នេរ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ ។​

​ចំពោះ​គម្រោង ដែល​លោក ហ៊ុន សែន និង​លោក ប្រ៊ូយណូ បូ​ដា​ដ គ្រោង​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​តំបន់ឆ្នេរ​របស់​កម្ពុជា​នោះ មាន​ដូចជា​ការបង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​កម្រិត​អន្តរជាតិ និង​ការរៀបចំ​មហាសន្និបាត​របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត នៅលើ​ពិ​ភ​លោក​នៅក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២២ ។​

​លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​មាន​ការរៀប​ចំ​មហាសន្និបាត​របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ «​តារា​សាគរ​» ដែល​ស្ថិត​នៅក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង​នេះ​តែម្តង​។ លោក​រំពឹង​ថា ការរៀបចំ​ព្រឹត្តិការណ៍​មហាសន្និបាត​នេះ នឹង​បង្កើន​ឱ្យមាន​ការទាក់ទាញ និង​ចាប់អារម្មណ៍​កាន់តែ​ខ្ពស់​ថែម​ទៀត សម្រាប់​វិស័យ​ទេសចរណ៍​មក​កាន់​កម្ពុជា ។​

​សម្រាប់​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​កម្រិត​អន្តរជាតិ លោក ប្រ៊ូ​ណូ បូ​ដា​ដ គឺ​ចង់ឱ្យ​ការ​ជិះ​ប្រណាំង​ពី​តំបន់​អភិវឌ្ឍន៍ «​តារា​សាគរ​» ឆ្ពោះ​ទៅកាន់​ភ្នំ​បូក​គោក ហើយ​ជិះ​ចុះ​ពី​ភ្នំ​បូកគោ ឆ្ពោះ​កាន់​ខេត្ត​កែប កំពត និង​ព្រះសីហនុ ។ ព្រឹត្តិការណ៍​នេះ នឹង​ប្រមូល​អ្នក​ជិះ​កង់​អាជីព​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី អាស៊ាន និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាដើម ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ទាំងស្រុង​ចំពោះ​គម្រោង​នេះ ហើយ​លោកនាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​លើ​ពិភពលោក ពិភាក្សា​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ជ្រើស​ពេលវេលា​ដ៏​សមរម្យ​ណាមួយ ដូចជា​ពេល​ធ្វើ​បុណ្យ​សមុទ្រ ឬក៏​ជ្រើសរើស​នៅពេលណា​ដែល​មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន ។​

​តាមរយៈ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​អន្តរជាតិ​នេះ លោកនាយក​រដ្ឋមន្ត្រី រំពឹងថា នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​តំបន់ឆ្នេរ​របស់​កម្ពុជា​កាន់តែ​ខ្លាំង​បន្ថែមទៀត ទៅកាន់​ពិភពលោក ហើយក៏​ជា​ការរួមចំណែក​ទាក់ទាញ​អ្នកទេសចរ​មក​កាន់​កម្ពុជា​ផង​ដែរ ។​

​គូសបញ្ជាក់ថា ក្នុង​ជំនួប​ជាមួយ​អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិភពលោក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រំឭក​ប្រាប់​លោក ប្រ៊ូយណូ បូ​ដា​ដ​ថា បើ​គ្មាន​នយោបាយ​ឈ្នះ​-​ឈ្នះ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​កាលពី​២០​ឆ្នាំ​មុន​ទេ កោះកុង​មិន​អាច​មាន​ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន​ឡើយ ៕

ព័ត៌មានផ្សេងទៀត