ក្រុមហ៊ុន​​Google​​កំពុង​ពិនិត្យ​​លទ្ធភាព​​ដាក់​ការិយាល័យ​​នៅ​វៀតណាម​​អនុវត្ដ​តាមច្បាប់​

13-12-2018 9:02 am 4897
រូបភាពឡូហ្គោក្រុមហ៊ុនGoogle​

​វៀតណាម​ថា​ក្រុមហ៊ុន​Google កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការដាក់​ការិយាល័យ​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​គោរព​ទៅតាម​ច្បាប់​ថ្មី​របស់​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ​។ វៀតណាម​កំពុង​រៀបចំ​អនុម័ត​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ ដែល​អ្នក​រិះគន់ថា​ក្នុង​បំណង​លុបបំបាត់​មតិ​ជំទាស់​នឹង​រដ្ឋាភិបាល បើទោះបី​មាន​ការបកស្រាយ​ថា ដើម្បី​ការពារ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​។​

​ច្បាប់​រក្សា​សន្ដិសុខ​តាម​អ៊ី​ន​ធឺ​ណេត​ថ្មី​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០១​ខែមករា​ឆ្នាំក្រោយ​។ សេចក្ដីព្រាង​នា​ពេលបច្ចុប្បន្ន ទាមទារ​ឲ្យ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេត ត្រូវដាក់​មូលដ្ឋាន​របស់ខ្លួន​មួយនៅ​ក្នុងប្រទេ​សវៀត​ណាម​។ ក្រៅពីនេះ​ក្រុមហ៊ុន​ត្រូវធ្វើ​តាម​ការទាមទា​ររ​បស់​រដ្ឋាភិបាល ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​Google​និង​Facebook​ជាដើម លុបចោល​មាតិកា​ដែល​បំពុលសង្គម ហើយ​ត្រូវប្រគល់​ទិន្នន័យ​អ្នកប្រើប្រាស់​ទៅឲ្យ​រដ្ឋាភិបាល​បើមាន​ការស្នើសុំ​។​

​ច្បាប់​ថ្មី​នេះ​ក៏​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហភាព​អឺរ៉ុប អាមេរិក និង​អង្គការសហប្រជាជាតិ ប៉ុន្ដែ​សម្រាប់​ក្រុមហ៊ុន​Google នឹងមិន​ជំទាស់​ច្បាប់​នេះ​ទេ​។ ក្រុមហ៊ុន​នឹង​បើក​ការិយាល័យ​នៅ​វៀតណាម នៅពេល​បញ្ចប់​ការសិក្សា​លើ​គម្រោង​សង់​ការិយាល័យ​នេះ​៕

ព័ត៌មានផ្សេងទៀត