រដ្ឋមន្ត្រី​៖ ផ្លូវជាតិ​លេខ​៤៨​ត្រូវបាន​បញ្ចប់​ការងារ​ជួសជុល​ថែទាំ​ទាំងស្រុង​

12-12-2018 2:44 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណកា​រថា ផ្លូវជាតិ​លេខ​៤៨ ត្រូវបាន​បញ្ចប់​ការងារ​ជួសជុល​ថែទាំ​១០០%​ហើយ ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក ចុះ​ត្រួតពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ​៤៨ បន្ទាប់​ពី​ការងារ​ជួសជុល​ថែទាំ​ផ្លូវ ត្រូវបាន​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ។ ក្រៅពីនេះ លោក​ក៏​បាន​បង្ហើប​ពី​គម្រោង​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) នា​ពេល​ខាង​មុខ​ផង​ដែរ ...

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្លែងថា ផ្លូវជាតិ​លេខ​៤៨ ត្រូវបាន​ជួសជុល​ចប់សព្វគ្រប់​១០០​ភាគរយ​ហើយ​តាម​ការសន្យា ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើចរាចរ និង​ដឹក​ទំនិញ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ឆាប់រហ័ស ។​

​លោក ស៊ុន ចាន់ថុល បន្តថា ផ្លូវ​នេះ នឹង​អាច​ជា​ផ្លូវ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ ដែល​គ្រោង​នឹង​ប្រារព្ធ​នៅលើ​ទឹកដី ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែ​ធ្នូ ។​

​ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង​សរុប​ចំនួន​១៥០​គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទី​រួម​ខេត្តកោះកុង ក្នុងនោះ កំណាត់​ផ្លូវ​ប្រវែង​៦៣​គីឡូម៉ែត្រ ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​, ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ផ្លូវ​នេះ​ត្រូវ​បាន​ស្តារ និង​លើក​កម្រិត​គុណភាព​ពី​DBST ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​(AC) ពី​១០​ម៉ែត្រ ទៅ​១១​ម៉ែត្រ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF) ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០២០​នេះ ។​

​យ៉ាងណាម៉ិញ លោក ក៏​បាន​បង្ហើប​ឱ្យដឹង​ពី​គម្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ខាងមុខ ។ កម្មវិធី​នៅលើ​ស្មា​ត​ហ្វូននេះ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ថត​រូបភាព​ជង្ហុក​សំបុកមាន់​ផ្ញើ​មក​កាន់​ក្រុម​ការងារ​ក្រសួង ដើម្បី​ចុះ​ទៅ​ជួសជុល បាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ ៕

ព័ត៌មានផ្សេងទៀត