ក្រុមហ៊ុន​សាម​សុង បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​និង​តំឡើង​ម៉ាស៊ីនត្រជាក់ ដល់​សិក្ខាកាម​ជំនាញ​ចំនួន ៣៥០​នាក់ មកពី​៦​ខេត្ត​ក្រុង​ដើម្បី​ផ្តល់​នូវ​ភាពជឿជាក់ និង​ទំនុកចិត្ត​ខ្ពស់​បំផុត​សម្រាប់​អតិថិជន​

12-12-2018 10:53 am 120569

​ក្រុមហ៊ុន​សាម​សុង បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​តំឡើង​ម៉ាស៊ីនត្រជាក់ ដែល​មាន​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ដល់​សិក្ខាកាម​ជំនាញ​ចំនួន​៣៥០​នាក់ ដែល​មាន​សិក្ខាកាម​ជំនាញ​ចូលរួម​មកពី​៦​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា គឺ​ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ។ 

​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​និង​តំឡើង​ម៉ាស៊ីនត្រជាក់ ដែល​មាន​រយៈពេល​ដល់​ទៅ​១៧ ថ្ងៃនេះ មាន​ការរៀន​ទាំង​ទ្រ​ស្តី និង​ការអនុវត្ត​ជាក់ស្តែង​ជាមួយនឹង​សម្ភារៈ​គ្រឿង​អេឡិចត្រូនិ​ចរបស់​សាមសុង ដែល​បង្ហាត់បង្ហាញ​ដោយ​គ្រូ​ជំនាញ​របស់​ក្រុមហ៊ុន​សាម​សុង​ផ្ទាល់​តែម្តង ។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ​មាន​គោលដៅ​ធំៗ​សំខាន់​ចំនួន ៣ គឺ ៖

១. ការបណ្តុះបណ្តាល​អំពី​ជំនាញ​ទៅលើ​ការ​តម្លើង​ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់បំផុត​សម្រាប់​អតិថិជន​

២. ការកសាង​នូវ​ទំនុកចិត្ត និង​ភាពជឿជាក់​ក្នុង​ការប្រើប្រាស់​គ្រឿង​អេឡិចត្រូនិ​ច​របស់​ក្រុមហ៊ុន​សាមសុង ដែល​ផ្តល់​នូវ​ភាពងាយស្រួល​ក្នុងការ​តម្លើង និង​ជួសជុល​

៣. ការពង្រឹង​បន្ថែម​ទៅលើ​ចំណេះដឹង​ថ្មីៗ​កាន់តែ​ទូលំទូលាយ និង​ជំនាញ​កម្រិត​ខ្ពស់​សម្រាប់​ការ​តម្លើង​ទៅលើ​ម៉ាស៊ីនត្រជាក់​សាម​សុង ។​

​ដូចនេះ ក្រោយ​បញ្ចប់​នូវ​វគ្គ​បណ្តុះបណ្តាល​ទៅ​លើ​ជំនាញ​គ្រឿង​អេឡិចត្រូនិ​ចនេះ សិក្ខាកាម​ដែល​ចូលរួម​នឹង​ទទួលបាន​នូវ​ចំណេះដឹង​យ៉ាងច្រើន​ដែល​ជួយ​ពួកគេ​កាន់តែ​មាន​ភាពងាយស្រួល​នៅក្នុង​ការផ្តល់​នូវ​សេវាកម្ម គុណភាព​រហ័ស​ល្អ​បំផុត និង​ភាពជឿជាក់​ខ្ពស់​បំផុត​សម្រាប់​អតិថិជន​របស់​សាម​សុង ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង​គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​នៅលើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​នូវ​របកគំហើញ​ថ្មីៗ​សម្រាប់​ជួយ​អោយ​ការរស់នៅ​របស់​មនុស្ស​កាន់តែ​ស៊ីវិល័យ និង​ប្រកបដោយ​ភាពងាយស្រួល​បំផុត ។ តាមរយៈ​របកគំហើញ​ថ្មីៗ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន​សាម​សុង យើង​ឃើញ​មាន​ការវិវត្ត​កាន់តែ​ប្រសើរ​ឡើង​ទៅលើ​ផលិតផល​គ្រឿង​អេឡិចត្រូនិច​ទំនើបៗ​ជាច្រើន​ដូចជា​ទូរទស្សន៍ ស្មា​ត​ហ្វូន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់​នៅ​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE និង​ដំណោះស្រាយ​ជាច្រើន​ទៀត​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ព័ត៌មាន​បច្ចេកវិទ្យា ៕

ព័ត៌មានផ្សេងទៀត