ករណី​អ្នកទោស​វៀតណាម​ជាប់​ពន្ធនាគារ​នៅ​ថៃ​សុំ​ផ្ទេរ​មក​កម្ពុជា​វិញ​ស្ថាន​ទូ​កម្ពុជា​មិន​អាច​ដោះស្រាយ​បាន​ទេ​

07-12-2018 4:12 pm
  ស្តាប់
រូបតំណាង
ស្តាប់ជាសំឡេង

​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា ករណី​អ្នកទោស​ដែល​ជា​ជនជាតិ​វៀតណាម កំពុងតែ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ហើយ​បាន​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ​នោះ ខាង​ស្ថានទូត មិន​អាច​ដោះស្រាយ​បាន​ទេ មានតែ​អ្នកទោស​ជា​ជនជាតិ​ខ្មែរ​តែប៉ុណ្ណោះ​ដែល​ស្ថានទូត​កម្ពុជា អាច​ដោះស្រាយបាន​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់បន្ថែម​ថា បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវតែ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ស្តី​ពី​ការផ្លាស់ប្តូរ​អ្នកទោស រវាង​កម្ពុជា និង​ថៃ​។​ចំពោះ​បទល្មើស​ដែល​អាច​ផ្ទេរ​អ្នកទោស​បាន​លុះត្រាតែ​បទល្មើស​នោះ​ត្រូវ​ជាប់ពន្ធនាគារ​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ទៅ ហើយ​ត្រូវ​ជាប់ទោស​២/៣​នៃ​ទោស​រួម និង​មាន​ការស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​ពី​សា​ម៉ី​ខ្លួន​ផ្ទាល់​តែម្តង​។​

​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ខ្មែរក៏​បាន​ឲ្យដឹង​ដែរ​ថា កន្លងមក​មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ដោយ​ផ្ទាល់មាត់ លុះដល់​ពេល​ស្ថានទូត​អោយ​ធ្វើ​ពាក្យស្នើសុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​ពិតជា​ស្ម័គ្រចិត្ត មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរ​ជា​គាត់​មិន​ព្រម​ធ្វើ​លិខិត​ស្នើ​សុំ​ទាល់តែសោះ ដូច្នេះ​ស្ថានទូត​មិន​អាច​បង្ខិតបង្ខំ​ទណ្ឌិត​អោយ​ផ្ទេរ​មក​កម្ពុជា​បានទេ បើ​សា​ម៉ី​ខ្លួន​មិន​ព្រម​ផ្ទេរ​មក​។​

​សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​អ្នកទោស​ជនជាតិខ្មែរ ដែល​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​២,៩១០​នាក់​(​ស្រី​២៦៩​នាក់​)៕

ព័ត៌មានផ្សេងទៀត