ទីប្រឹក្សា​សន្ដិសុខ​​ជាតិ​​អាមេរិក​​​​បានដឹង​មុន​​ពី​ការចាប់ខ្លួន​​CFO​​ក្រុមហ៊ុន​ចិន​Huawei

07-12-2018 4:00 pm
  ស្តាប់
​លោក​John Bolton​
ស្តាប់ជាសំឡេង

​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton បាន​និយាយថា លោក​បានដឹង​មុន​ទាក់ទង​នឹង​ករណី​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei​។ ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​National Public Radio​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​Bolton​បញ្ជាក់ថា សម្រាប់​លោក​ពិតជា​ដឹង​មុន ថា​នឹងមាន​ការចាប់ខ្លួន​អ្នកស្រី​Meng Wanzhou ផ្អែកលើ​ព័ត៌មាន​ពី​ក្រសួង​យុត្ដិធម៌​។ ប៉ុន្ដែ​លោក​មិនដឹង​ទេ​ថា លោក​ប្រធានាធិបតី​Donald Trump បានដឹង​មុន​ពី​ករណីនេះ​ឬ​អត់​ទេ​។ 

​លោក​John Bolton​មិន​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​អ្នកស្រី​Meng​ទេ ព្រោះ​លោក​ថា​មិន​ចង់​លូកដៃ​ក្នុង​កិច្ចការ​តុលាការ​។ ប៉ុន្ដែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​កន្លងមក ការចាប់ខ្លួន​ដោយសារ​អ្នកស្រី​បាន​រំលោភ​លើ​ទណ្ឌកម្ម​អាមេរិក​ដាក់​ប្រឆាំងនឹង​អ៊ីរ៉ង់​។ លោក​Bolton​សង្កត់ធ្ងន់ថា អាមេរិក​បារម្ភ​ជាច្រើន​ឆ្នាំ​មកហើយ ពី​សកម្មភាព​ក្រុមហ៊ុន​ចិន​មួយចំនួន ដែល​បាន​លួច​កម្មសិទ្ធិបញ្ញា​អាមេរិក យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​បច្ចេកវិទ្យា មាន​ទាំង​ការប្រើប្រាស់​សម្រាប់​បច្ចេក​វិទ្យា​ផលិត​អាវុធ​របស់​ចិន​ផង​។ ចំពោះ​ក្រុមហ៊ុន​Huawei​ក៏​ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន ដែល​អាមេរិក​កំពុង​ព្រួយបារម្ភ​ដែរ​។ 

​ករណី​ចាប់ខ្លួន​អ្នកស្រី​Meng Wanzhou កំពុង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទូទាំង​សកលលោក​។ សម្រាប់​ប្រទេស​ចិន បាន​ស្នើឲ្យ​កាណាដា​ដោះលែង​អ្នកស្រី និង​ផ្ដល់​សិទ្ធិ​ផ្ទាល់ខ្លួន​ឲ្យ​អ្នកស្រី​វិញ​។ ចិន​ថា​មិនទាន់មាន​ការចោទប្រកាន់​ច្បាស់លាស់​ណាមួយ បានប្រកាសឲ្យ​ដឹង​ទេទាក់​ទងនឹង​ការចាប់ខ្លួន​អ្នកស្រី​Meng​។ ធ្វើបែបនេះ​ពិតជា​រំលោភ​យ៉ាងធ្ងន់ធ្ង​រលើ​សិទ្ធិមនុស្ស ហើយ​ចិន​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​សិទ្ធិសេរីភាព ផលប្រយោជន៍​ប្រជាជន​ចិន​។ 

​គួរ​ជម្រាប​ជាថ្មី​ថា អ្នកស្រី​Meng Wanzhou ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​និង​ជា​អនុប្រធាន​មួយរូប​របស់​ក្រុមហ៊ុន​Huawei ហើយ​អ្នកស្រី​ក៏​ជា​កូនស្រី​បង្កើត​លោក​Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន​Huawei​។ អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកស្រី​កាលពី​ថ្ងៃទី​០១​ធ្នូ នៅក្នុង​ទីក្រុង​Vancouver​ប្រទេស​កាណាដា តប​តាម​សំណើ​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត